មជ្ឈដ្ឋានទូទៅពិតដឹងថា កម្ពុជារងគ្រោះយ៉ាងណា ដោយសារមីន និងគ្រា.ប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកដោយសង្គ្រាមស៊ីវិល ប្រមាណជា៣ទស្សវត្សរ៍ ហើយមកដល់ពេលនេះកម្ពុជានៅតែបន្តរងគ្រោះ ប៉ុន្តែបែរជាចិត្តធំចង់បបួលប្រទេសនានាឲ្យបោសសំអាតមីនឲ្យអស់ពីពិភពលោក ។
កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកដោយគ្រា.ប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ នៅក្នុងអំឡុងពេលនៃសង្គ្រាមគេបានធ្វើការប៉ាន់ប្រមាណថា គ្រា.ប់មីនដែលត្រូវបានភាគីជម្លោះដាក់ពង្រាយ និងសំណល់ដោយសង្គ្រាម គឺមានពី៤លានទៅ៦លានគ្រា.ប់ ឬបំណែក ។ មិនតែប៉ុណ្ណោះ ចាប់ពីឆ្នាំ១៩៧៩ មកដល់ខែមិថុនា ឆ្នាំ២០២៤ សំណល់នៃសង្គ្រាមទាំងនោះបានឆក់យកជីវិតមនុស្សជិត២ម៉ឺននាក់ និងរបួសពិការជាង៤ម៉ឺន៥ពាន់នាក់ ។
កម្ពុជាបានខិតខំបោសសំអាតមីននេះ តាំងពីឆ្នាំ១៩៩៦ ហើយមកដល់ឆ្នាំ២០២៤នេះ នៅតែបន្តករណីផ្ទុះជាបន្តបន្ទាប់ ។ ពាក់ព័ន្ធនឹងការបោសសំអាតមីននេះ កម្ពុជាធ្លាប់ដាក់គោលដៅបោសសំអាតអោយអស់ពីផ្ទៃប្រទេសនៅក្នុងឆ្នាំ២០២៥ ប៉ុន្តែដោយផ្អែកលើហេតុការណ៍ក៏ដូចជា ព័ត៌មានថ្មីៗត្រូវបានបញ្ជាក់ក៏សម្រេចកែសម្រួល បញ្ហានេះឡើងវិញ ។ នៅក្នុងនាមជាប្រទេសតូច ហើយគ្រា.ប់មីននៅតែអាចបន្តសម្លា.ប់ និងបំផ្លាញជីវិត និងអនាគតពលរដ្ឋយ៉ាងណាក៏ដោយក៏កម្ពុជាមិនបោះបង់មហិច្ឆិតារបស់ខ្លួននៅក្នុងការរួមវិភាគទាននិងជំរុញឲ្យពិភពលោកលែងមានមីនដដែល ។
កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញតាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ។ ការធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺជាពេលវេលាដ៏សំខាន់មួយក្នុងការធ្វើដំណើរជាសកលឆ្ពោះទៅរកអនាគតដែលគ្មានគ្រា.ប់មីន ។ ដោយមានប្រតិភូប្រមាណជាលើសពី ៦០០នាក់ មកពី ៨០ប្រទេស រដ្ឋអ្នកសង្កេតការណ៍ចំនួន និងតំណាងអង្គការអន្តរជាតិ ដែលជួបប្រជុំគ្នានៅក្នុងប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចបាននូវពិភពលោកគ្មានមីន ។
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ការដឹកនាំរបស់ប្រទេសកម្ពុជាក្នុងបុព្វហេតុនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសន្តិភាព និងមនុស្សជាតិ ខណៈដែលខ្លួននៅតែបន្តរងគ្រោះដោយសារមីននិងគ្រា.ប់មិនទាន់ផ្ទុះ ។ អ្វីដែលកម្ពុជាកំពុងតែខិតខំនេះមានគោលបំណងវា.យតម្លៃវឌ្ឍនភាព ពោល គឺកំណត់គោលដៅដែលអាចធ្វើសកម្មភាពបាន និងបញ្ជាក់ឡើងវិញនូវឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តដោយសង្កត់ធ្ងន់ថា មាគ៌ាទៅកាន់ពិភពលោកដែលគ្មានមីនទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការវិនិយោគជាសកលប្រកបដោយនិរន្តរភាព ។
ម្យ៉ាងវិញទៀត ការខិតខំរបស់កម្ពុជានៅពេលនេះបានធ្វើឲ្យកម្ពុជាក្លាយជាអ្នកតស៊ូមតិសកលសម្រាប់ការលុបបំបាត់មីននៅលើពិភពលោក ។ ព្រឹត្តិការណ៍ដែលគេបានរៀបចំឡើង នៅក្នុងខេត្តសៀមរាបនៅពេលនេះបានកំពុងតែត្រូវបានកម្ពុជា និងដៃគូរបានធ្វើការគូសវាស ផែនទីបង្ហាញផ្លូវមួយ ដើម្បីពន្លឿនការបោសសម្អាតមីន និងជំនួយជនរងគ្រោះ ។ ផែនទីបង្ហាញផ្លូវនេះសង្កត់ធ្ងន់ទៅលើបច្ចេកវិទ្យាច្នៃប្រឌិត ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនមូលនិធិ ។
ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការតាក់តែង និងជំរុញផែនការនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសដែលរងផលប៉ះពាល់ផ្សេងទៀត ។ ផែនការសកម្មភាពនេះជាសក្ខីភាពមួយចំពោះការយល់ដឹងរបស់កម្ពុជាអំពីការបោសសម្អាតមីនដែលជាការចាំបាច់ផ្នែកមនុស្សធម៌ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
តាមរយៈការពង្រឹងឆន្ទៈនយោបាយនេះវាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអនុសញ្ញាអូតាវ៉ា ក្នុងការរក្សាកាតព្វកិច្ចរបស់ពួកគេ និងបន្តជំរុញឱ្យមានការប្រកាន់ខ្ជាប់ជាសកល ។ សម្រាប់ប្រទេសកម្ពុជាព្រឹត្តិការណ៍នៅពេលនេះមិនមែនគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួននៅក្នុងនាមជាអ្នកដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រា.ប់មីនជាសាកល ទោះបីខ្លួនតូចនិងបន្តរងគ្រោះដោយវាក៏ដោយចុះ ។
ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជាតិក្នុងការតស៊ូមតិដើម្បីអនាគតដែលធានាថា គ្មានពលរដ្ឋណាម្នាក់រស់នៅដោយភ័យខ្លាចឃា.តករលាក់កំបាំងទាំងនេះបន្តទៀត ។ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព គឺលើសពីការបោសសម្អាតមីន ។ វាបង្ហាញពីអំណាចនៃភាពតស៊ូ និងការសហការក្នុងការយកឈ្នះលើកេរដំណែលនៃជម្លោះ ។
កម្ពុជាបានកំពុងតែក្លាយជាសញ្ញានៃក្តីសង្ឃឹមសម្រាប់អ្នកដទៃ ដោយបង្ហាញថា សូម្បីតែតំបន់ដែលរងគ្រោះដោយគ្រា.ប់មីនបំផុតក៏អាចក្លាយជាម្ចាស់នៃគំនិតផ្តួចផ្តើម ពិភពលោកដែលគ្មានមីន ។
តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះនៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប កម្ពុជាក៏បានផ្ញើសារអំពីសារៈសំខាន់នៃការអភិរក្សបេតិកភណ្ឌ និងធានាថាមនុស្សជំនាន់ក្រោយអាចរស់នៅលើទឹកដីដែលគ្មានគ្រោះថ្នាក់ដោយសារមីន និងពោរពេញដោយសក្តានុពលនៃសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ