ខេត្តកំពង់ចាម ៖ សាកសពបុរសម្នាក់សង្ស័យត្រូវគេសម្លាប់ច្រកបាវ បានរសាត់អណ្ដែតតាមទឹកទន្លេមេគង្គមកទើរច្រាំងទន្លេត្រង់ចំណុចកំពង់សាឡាង ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តចាត់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌចុះហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល មានអ្នកស្ទូចត្រីបានជិះម៉ូតូមកឈប់នៅមាត់ច្រាំងទន្លេអតីតកំពង់សាឡាងក្បែរក្រោមស្ពានគីហ្ស៊ុណានាព្រឹកថ្ងៃកើតហេតុក៏បានប្រទះឃើញសាកសពច្រកបាវអណ្ដែតមកទើមាត់ច្រាំង ដំបូងមិនដឹងថាជាមនុស្សប្រុសឬស្រីនោះទេ ។ រួចក៏បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ព្រមទាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមចុះមកត្រួតពិនិត្យជាបន្ទាន់តែម្តង។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា តាមរយៈការលើកសពមកដាក់លើច្រាំងទន្លេ និងបង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើការត្រួតពិនិត្យឃើញថា សពមានសភាពហើម ជាមនុស្សប្រុស មានអាយុប្រហែលជាង ៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណនោះទេ នៅលើទ្រូងមានស្នាមចាក់សាក់ ហើយត្រង់ក្បាលមានស្នាមវាយ ។
ក្រោយពីបានពិនិត្យរួចរាល់ សពត្រូវបានដឹកទៅតម្កល់ដាក់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីរង់ចាំមើលក្រែងមានសាច់ញាតិមកតាមរក គិតរហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃដដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពបុរសដែលស្លាប់មានទីលំនៅទីណាពិតប្រាកដនៅឡើយ។
សមត្ថកិច្ចមិនបានឱ្យដឹងថា ការស្លាប់របស់ជនរងគ្រោះខាងលើនោះជាអំពើឃា.តកម្មឬយ៉ាងណានោះទេ ។ បើតាមការពិនិត្យមើលជាក់ស្ដែង អាចត្រូវគេសម្លាប់ពីកន្លែងណាមួយហើយច្រកបាវបោះទម្លាក់ចូលទឹកទន្លេដើម្បីបំបាត់ភស្តុតាង។
តាមរយៈការសួរនាំរកសាច់ញាតិស្រុកនៅតាមដងទន្លេមេគង្គទាំងផ្នែកខាងលើនិងខាងក្រោមក្នុងនោះមានភូមិសាស្ត្រជាប់ខេត្តត្បូងឃ្មុំ ក៏មិនទាន់មានសមាជិកក្រុមគ្រួសារណាមួយបានអះអាងបាត់ពីការបាត់មនុស្សក្នុងគ្រួសារនោះទេ ។
ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងតែយកចិត្តទុកដាក់លើករណីនេះ បើកធ្វើការស្រាវជ្រាវដុតដៃដុតជើងអាចសង្ឃឹមថានឹងបំបែកសំណុំរឿងនៅពេលណាមួយជាក់ជាមិនខាន។
សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបាត់សមាជិកក្នុងគ្រួសារមានភិនភាគចាក់សាក់នៅដើមទ្រូង អាចទាក់ទងមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម នោះនឹងដឹងព័ត៌មានពិស្ដារបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ