ការប្រកាសរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជានឹងបញ្ចប់ការចេញអាជ្ញាប័ណ្ណថ្មីសម្រាប់រោងចក្រផលិតស្រាបៀរក្នុងប្រទេស គឺជារឿងមួយដ៏ត្រឹមត្រូវ ខណៈពេលដែលមជ្ឈដ្ឋានមួយចំនួន កំពុងតែរិះគន់លើបញ្ហានេះ ។…
ការប្រកាសរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជានឹងបញ្ចប់ការចេញអាជ្ញាប័ណ្ណថ្មីសម្រាប់រោងចក្រផលិតស្រាបៀរក្នុងប្រទេស គឺជារឿងមួយដ៏ត្រឹមត្រូវ ខណៈពេលដែលមជ្ឈដ្ឋានមួយចំនួន កំពុងតែរិះគន់លើបញ្ហានេះ ។
សម្ដេចមហាបវរធិបតី នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនផលិតស្រាបៀរសម្រាប់ការចែកចាយនៅក្នុងស្រុកទៀតហើយ លើកលែងតែផលិតសម្រាប់ការនាំចេញ ។
សម្តេចមហាបវរធិបតី បានប្រកាសជាចំហថា មកដល់បច្ចុប្បន្ននេះ អាជ្ញាប័ណ្ណផលិតស្រាបៀរ គឺត្រូវបានរាជរដ្ឋាភិបាលប្រគលជូន៧ក្រុមហ៊ុន គឺគ្រប់គ្រាន់ ។ សម្តេចបានបន្ថែមថា ការប្រកាសបែបនេះ គឺជាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល ជុំវិញសំណើរបស់វិស័យឯកជន ដោយសារតែទីផ្សារកម្ពុជាមិនតម្រូវឲ្យមានរោងចក្រស្រាបៀរផលិត ដើម្បីបម្រើទីផ្សារនៅក្នុងស្រុកបន្ថែមទៀតឡើយ ។
ការសម្រេចចិត្តនេះ ជាពេលវេលាសំខាន់មួយ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងឧស្សាហកម្ម ហើយក៏ជាការផ្សារភ្ជាប់នឹងតថភាពសង្គមជាក់ស្តែង ស្របពេលដែលនៅពេលបច្ចុប្បន្ននេះកម្ពុជាកំពុងតែមានរោងចក្រផលិតស្រាបៀរចំនួន៧រួចហើយដែលកំពុងដំណើរការ ។ ហេតុផលនៃការសម្រេចចិត្តនេះ បង្ហាញពីការព្រួយបារម្ភអំពីចំណែកទីផ្សារផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា ។
ជាការពិតឧស្សាហកម្មស្រាបៀរ វាពិតជាចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈចំណូលពន្ធ ការបង្កើតការងារ និងបំពេញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ។ នៅកម្ពុជាមានប្រជាជនត្រឹមតែ១៧លាននាក់ នៅក្នុងនោះពលរដ្ឋដែលគ្រប់វ័យហើយ សង្គមអនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង គឺមានមិនដល់១០លាននាក់នោះទេ ។ ដូច្នេះការប្រកាសបញ្ឈប់ការចេញអាជ្ញាប័ណ្ណផលិត និងផ្គត់ផ្គង់ស្រាបៀរនៅក្នុងប្រទេស គឺត្រឹមត្រូវណាស់ ខណៈដែលពេលនេះក្រុមហ៊ុនផលិត និងនាំចូលមួយចំនួនកំពុងតែបង្កើនកម្មវិធីឃោសនាដែលនាំឲ្យមានសារខ្លះបង្កើតការភាន់ច្រឡំនៅក្នុងសង្គម ហើយអាចបណ្តាលឲ្យពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងជ្រុលប៉ះពាល់ដល់សុខមាលភាពពួកគេ និងបង្កបញ្ហាផ្សេងៗ។
តាមសេចក្តីរាយការណ៍នៅលើទំព័រសារព័ត៌មានមួយចំនួនកន្លងមកបានឲ្យដឹងថា រោងចក្រផលិតស្រាបៀរទាំង៧ ដែលកំពុងដំណើរការនៅក្នុងប្រទេស គឺអាចផលិតស្រាបៀដល់ទៅជាង១ពាន់លានលីត្រ ក្រៅពីនោះនៅមានជាង ១១លានលីត្រទៀត គឺនាំចូលដូច្នេះបរិមាណស្រាបៀរនៅកម្ពុជា គឺពិតជាច្រើនលើសលុប ។
ការចេញការប្រកាសជាចំហបែបនេះ គឺជាសារមួយ ដើម្បីជួយទប់ស្កាត់ការរីកសាយភាពហួសកម្រិតនៃផលិតកម្មគ្រឿងស្រវឹងដែលជាប្រភពអាចមានផលវិបាកសង្គមអវិជ្ជមាន រួមទាំងអត្រាខ្ពស់នៃការប្រើប្រាស់គ្រឿងស្រវឹង និងបញ្ហាសុខភាពដែលពាក់ព័ន្ធ ។ នៅពេលនេះប្រទេសកម្ពុជា កំពុងតែបានគេមើលឃើញនូវការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងលើសុខភាពសាធារណៈ និងផលិតភាពរបស់ប្រជាជន ។ តាមរយៈការកំណត់ការពង្រីកឧស្សាហកម្មនេះ រដ្ឋាភិបាលបានផ្ញើសារអំពីការផ្តល់អាទិភាពដល់សុខុមាលភាពសាធារណៈលើកំណើនឧស្សាហកម្មដែលមិនមានការរឹតបន្តឹង ។
ឧស្សាហកម្ម និងពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺវាច្រើនហួសពីតម្រូវការដែលនាំឲ្យបណ្តាក្រុមហ៊ុនផលិតកម្មទាំងនេះបាននាំគ្នាបង្កើនកម្មវិធីទាក់ទាញដោយរួមទាំងផឹកបានរង្វាន់ ផឹកបានលុយប្រចាំខែ ហើយមិនតែប៉ុណ្ណោះតម្លៃរបស់វាក៏កាន់តែថោក ។ របាយការណ៍នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១ ដល់ឆ្នាំ២០២២ បានរកឃើញថា ការប្រើប្រាស់គ្រឿងស្រវឹងក្នុងប្រទេស គឺរីករាលដាលដោយមិនមានភាពខុសប្លែកគ្នាខ្លាំងរវាងទីក្រុង និងជនបទ ។ អ្វីដែលគេបានរកឃើញ គឺថាបុរសបុរសរហូតដល់៧០ភាគរយ និងស្ត្រី១៦ភាគរយ គឺបានប្រើប្រាស់គ្រឿងស្រវឹង ។
បើយោងតាមលទ្ធផលនៃការអង្កេតរបស់អង្គការសុខភាពពិភពលោក ដែលបានធ្វើនៅក្នុងឆ្នាំ២០១៩ នៅក្នុងមួយឆ្នាំពលរដ្ឋកម្ពុជាម្នាក់ទទួលទានគ្រឿងស្រវឹងតែប្រហែលជា១៦លីត្រទេ ប៉ុន្តែតាមការអង្កេតដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ Kirin Holding នៅឆ្នាំ២០២២ បរិមាណនៃការប្រើប្រាស់គ្រឿងស្រវឹងរបស់ពលរដ្ឋកម្ពុជា គឺឡើងដល់ជាង៧០លីត្រនៅក្នុងមួយឆ្នាំ ។
សរុបទៅការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ឈប់អាជ្ញាប័ណ្ណរោងចក្រផលិតស្រាបៀរថ្មីនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រ ដើម្បីរក្សាតុល្យភាពនៃកំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ។ ការសម្រេចចិត្តនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរវាងតម្រូវការ និង ផលប៉ះពាល់ដល់សង្គម ៕
ចែករំលែកព័តមាននេះ