ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កម្ពុជា​នៅ​តែ​ជា​ប្រទេស​តូច​ទេ ប៉ុន្តែ​កំពុង​តែ​ផ្តួចផ្តើម និង​រៀបចំ​ធ្វើ​កិច្ចការ​ដ៏​ធំ​បំផុត​មួយ នៅ​លើ​ពិភពលោក នោះ គឺ​គំនិត​ផ្តួចផ្តើម​បង្កើត​នូវ​សេចក្តី​ព្រាង​ធម្មនុញ្ញ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភព​ផែនដី ។ នេះ​មិនមែន​ជា​រឿង​លេងសើច​ឡើយ…

កម្ពុជា​នៅ​តែ​ជា​ប្រទេស​តូច​ទេ ប៉ុន្តែ​កំពុង​តែ​ផ្តួចផ្តើម និង​រៀបចំ​ធ្វើ​កិច្ចការ​ដ៏​ធំ​បំផុត​មួយ នៅ​លើ​ពិភពលោក នោះ គឺ​គំនិត​ផ្តួចផ្តើម​បង្កើត​នូវ​សេចក្តី​ព្រាង​ធម្មនុញ្ញ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភព​ផែនដី ។

នេះ​មិនមែន​ជា​រឿង​លេងសើច​ឡើយ វា គឺជា​គំនិត​ផ្តួចផ្តើម​មួយ ដែល​កម្ពុជា​បាន​រៀបចំ​ឡើង ហើយ​កំពុង​តែ​ដាក់​ចេញ​ស្នើ​សុំ​ការ​អនុម័ត​ពី​បណ្តា​គណប្រតិភូ​ជិត​៣០០​នាក់ មក​ពី​ប្រទេស​ប្រមាណ​ជា​ជាង​៥០ ដែល​បាន​ចូលរួម​ក្នុង​សម័យប្រជុំ​ពេញអង្គ លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) នៅ​ថ្ងៃ​ម្សិលមិញ ។

គំនិត​ផ្តួចផ្តើម​នេះ ត្រូវ​បាន​បង្ហើប​ឡើង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​ជា​ស្ថាបនិក​នៃ «​គោលនយោបាយ​ឈ្នះ​ឈ្នះ​» ដែល​បាន​នាំ​មក​នៅ​សន្តិភាព​ពេញ​ប្រទេស កាលពី​ចុងឆ្នាំ​១៩៩៨ នៅ​ពេល​ទទួល​ជួប​លោក កៅ គឹ​ម​ហួ​ន អគ្គលេខាធិការ​អាស៊ាន កាលពី​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា គំនិត​ផ្តួចផ្តើម​បង្កើត​នូវ​សេចក្តី​ព្រាង​ធម្មនុញ្ញ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភព​ផែនដី ប្រសិនបើ​ទទួល​ការ​អនុម័ត​ហើយ​នោះ​វា​នឹង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ និង​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​សមាជិក​ដែល​ជា​ការ​ចាំបាច់​បំផុត​ក្នុង​ការ​កសាង និង​ថែរក្សា​សន្តិភាព ក្នុង​ខណៈ​ដែល​សភាពការណ៍​ពិភពលោក​កំពុង​ជួប​ការ​លំបាក និង​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ។

បុរស​ខ្លាំង​នៃ​កម្ពុជា​ក៏​បាន​និយាយ​អំពី​បញ្ហា​នេះ​នៅ​ពេល​បើក​មហាសន្និបាត​អន្តរជាតិ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី​លើក​ទី​១២​ថា នៅ​លើ​ពិភពលោក​នេះ​គ្មាន​ស្តង់ដារ​សម្រាប់​ការ​កសាង​សន្តិភាព​នោះ​ទេ ហើយ​ស្តង់ដារ​ដែល​មាន​សម្រាប់​ពិភពលោក គឺ​មាន​តែ​ក្នុង​វិស័យ​កីឡា​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​សារ​នយោបាយ​នេះ មេដឹកនាំ​មួយ​ចំនួន​ដែល​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ឯកភាព ហើយ​គាំទ្រ​ដោយ​លើក​ឡើង​ថា មាន​តែ​ប្រទេស​យើង​ខ្លួនឯង​ប៉ុណ្ណោះ ដែល​អាច​បង្កើត​វិធីសាស្ត្រ ឬ​ស្តង់ដារ​ក្នុង​ការ​កសាង​សន្តិភាព​ឱ្យ​ប្រទេស​ខ្លួនឯង ។
នេះ គឺជា​សក្ខីកម្ម​មួយ​ដែល​កម្ពុជា​បាន​ត្រួសត្រាយ​ផ្លូវ​នៅ​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​តូច​ដែល​មិនសូវ​មាន​អំណាច និង​ឥទ្ធិពល​ដូច​គេ​នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​សុខដុមរមនា​ពិភពលោក ។ គំនិត​ផ្តួចផ្តើម​នេះ គូសបញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ទៅ​ជា​អ្នកតស៊ូ​មតិ​ដ៏​ខ្ជាប់ខ្ជួន ដើម្បី​សន្តិភាព ការ​អត់ឱន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

នៅ​ពេល​ដែល​ពិភពលោក កំពុង​ជួប​បញ្ហា​ស្មុគស្មាញ​ដោយ​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​កំពុង​បន្ត និង​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​មជ្ឈិមបូព៌ា ការ​ខិតខំ​របស់​កម្ពុជា​អាច​ជា​ការ​កត្តា​លី​ករ​មួយ​លើកកម្ពស់​តួនាទី​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ។

បន្ទាប់​ពី​ឆ្លងកាត់ ស្រមោល​អតីតកាល​នៃ​ជម្លោះ និង​សង្គ្រាមស៊ីវិល​ជា​ច្រើន​ទសវត្សរ៍ ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​កសាង​សន្តិភាព គឺ​ជាម​ហិ​ច្ឆិ​តា​ដ៏​ធំ ។ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ពិភពលោក​បាន​មើលឃើញ​រួច​មក​ហើយ​នូវ​ចំណុចកំពូល​នៃ​ដំណើរការ​ផ្សះផ្សារ​ជាតិ​ដ៏​ជោគជ័យ ហើយ​ឥឡូវនេះ​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ទៅ​ក្នុង​ក្រប​ខណ្ឌ​ពិភពលោក​សំដៅ​លើកកម្ពស់​សន្តិភាព ។

ធម្មនុញ្ញ​សន្តិភាព​នេះ មិន​ត្រឹមតែ​ដើរតួ​ជា​និមិត្តរូប​នៃ​ដំណើរ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដាក់​កម្ពុជា​ជា​ត្រីវិស័យ​សន្តិភាព​នៅ​លើ​ពិភពលោក​ដែល​ពោរពេញ​ដោយ​ការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ ។ ធម្មនុញ្ញ​សន្តិភាព​ដែល​ផ្តួចផ្តើម​ដោយ​កម្ពុជា​អាច​ក្លាយជា​យន្តការ ដើម្បី​ជំរុញ​កិច្ច​សន្ទនា ការ​អត់ឱន និង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​។

ប្រសិនបើ​ត្រូវ​បាន​អនុម័ត ធម្មនុញ្ញ​សន្តិភាព​នេះ​អាច​ពង្រឹង​កិត្យានុភាព​របស់​កម្ពុជា ហើយ​ធ្វើ​ឲ្យ​កម្ពុជា​អាច​ក្លាយជា​តួរ​អង្គ​ដ៏​សំខាន់​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​សន្តិភាព ។ ភាព​ជា​អ្នកដឹកនាំ​របស់​កម្ពុជា​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ អាច​ជំរុញ​ឱ្យ​ប្រជាជាតិ​ដទៃ​ទៀត ជា​ពិសេស​ប្រទេស​ដែល​មាន​ប្រវត្តិ​ច្របូកច្របល់​ស្មុគស្មាញ​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​ការទូត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ ។

តាម​រយៈ​ការ​តម្រឹម​គោលដៅ​របស់​ខ្លួន ជាមួយនឹង​ក្រប​ខណ្ឌ​ពិភពលោក​ដូច​ជា គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ កម្ពុជា​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន និង​រួមចំណែក​នៅ​ក្នុង​តួនាទី​ដ៏​ទូលំទូលាយ ដើម្បី​សន្តិភាព និង​និរន្តរភាព​របស់​សង្គមមនុស្ស ។

សរុបសេចក្តី​មក ពង្រាង​ធម្មនុញ្ញ​សន្តិភាព​របស់​កម្ពុជា​តំណាង​ឱ្យ​គំនិត​ផ្តួចផ្តើម​ដ៏​អង់អាច និង​ទាន់​ពេលវេលា ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជា​បន្ទាន់​របស់​ពិភពលោក​សម្រាប់​សន្តិភាព និង​និរន្តរភាព ។ នៅ​ពេល​ដែល​ជម្លោះ​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​មជ្ឈិមបូព៌ា ភាព​ជា​អ្នកដឹកនាំ​របស់​កម្ពុជា​ផ្តល់​នូវ​ពន្លឺ​នៃ​ក្តី​សង្ឃឹម និង​ការ​រំលឹក​ពី​សេចក្តី​ប្រាថ្នា​រួម​គ្នា​របស់​មនុស្សជាតិ​សម្រាប់​អនាគត​ប្រកបដោយ​សុខដុមរមនា ។ ដោយ​ឈរ​លើ​បុព្វ​ហេតុនេះ កម្ពុជា​មិន​ត្រឹមតែ​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សន្តិភាព​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កំណត់​គំរូ​សម្រាប់​ប្រជាជាតិ​ដទៃ​ទៀត​អនុវត្ត​តាម​ដែល​បង្ហាញ​ថា សូ​ម្បី​តែ​ប្រទេស​តូច​ៗ​ក៏​អាច​ដើរតួ​នាទី​ធំដុំ​នៅ​លើ​ពិភពលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ