ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងសកម្មភាពហ្វឹកហាត់កីឡានៅតាមសាលារដ្ឋនាពេលបច្ចុប្បន្ន

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់សម្គាល់​ឃើញ​ថា ការហ្វឹកហាត់កីឡា​នៅ​តាម​សាលា​រដ្ឋ​ហាក់​មិនសូវ​មាន​សកម្មភាព​ផុសផុល​នៅឡើយ បើ​ទោះជា​មានការ​បង្កើន​ចំនួន​គ្រូ​កីឡា​ កំណែប្រែកម្មវិធីសិក្សា និងគ្រូកីឡាឈប់ទទួលសំណូកពីសិស្សដែលខ្ជិលឬចង់គេចវេះពីម៉ោងកីឡាក្ដី ។ យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពាក់ព័ន្ធ…

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់សម្គាល់​ឃើញ​ថា ការហ្វឹកហាត់កីឡា​នៅ​តាម​សាលា​រដ្ឋ​ហាក់​មិនសូវ​មាន​សកម្មភាព​ផុសផុល​នៅឡើយ បើ​ទោះជា​មានការ​បង្កើន​ចំនួន​គ្រូ​កីឡា​ កំណែប្រែកម្មវិធីសិក្សា និងគ្រូកីឡាឈប់ទទួលសំណូកពីសិស្សដែលខ្ជិលឬចង់គេចវេះពីម៉ោងកីឡាក្ដី ។

យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពាក់ព័ន្ធ នឹង​ការងារ​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា នៅ​តាម​សាលា​រដ្ឋ​ទូ​ទាំង​កម្ពុជា មុខ​វិជ្ជា​កីឡា​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ឱ្យ​មាន​សកម្មភាព​កាន់តែ​ខ្លាំង ដោយ​ម៉ោង​កីឡា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​សិស្សសិក្សាទ្រឹស្តីនិង​ហ្វឹកហាត់​នៅ​ចន្លោះ​ម៉ោង​សិក្សា​មុខ​វិជ្ជា​ផ្សេង​ទៀត​ផង ដើម្បី​ឱ្យ​សិស្ស​ដែល​ខ្ជិល​ឬ​ចង់​គេចវេះ​ម៉ោង​កីឡា បាន​ចូល​ហ្វឹកហាត់​លើ​ជំនាញ​មួយ​នេះ​ឱ្យ​បាន​សស្រាក់សស្រាំ​ច្រើន​នាក់ ។

ទោះបី​យ៉ាងណា កន្លង​មក គ្រូ​មុខ​វិជ្ជា​កីឡា​មួយ​ចំនួន​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយសារ​បញ្ហា​ជីវភាព​ពួក​គាត់​បាន​បង្ខំចិត្ត​ទទួល​លុយ​សំណូក​ពី​​សិស្ស​ដែល​មិន​ចង់​ហ្វឹកហាត់​នៅ​ក្នុង​ម៉ោង​កីឡា​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ពិន្ទុ​ជា​ប្រចាំខែ​ឬ​ប្រចាំឆ្នាំ​ដែល​នាំ​ឱ្យ​មើលឃើញ​បញ្ហា​ពុក​រលួយ​កើតឡើង​ផង​ដែរ ។ គាប់​ជួន​ជា​នៅ​តាម​សាលា​ភាគច្រើន​មិន​មាន​សម្ភារ​ហ្វឹកហាត់​គ្រប់គ្រាន់​ក្រៅពី​ឱ្យ​សិស្ស​ហាត់​រត់ ហាត់​លោតនិង​ឈរ​ជា​ជួរ​ធ្វើ​កាយវិការ​ហាត់ប្រាណ​ផង ទើប​ធ្វើ​ឱ្យ​សិស្ស​មួយ​ចំនួន​មិនសូវ​ស្វាហាប់​លើ​មុខ​វិជ្ជា​នេះ​ដែល​នាំ​ឱ្យ​មុខ​វិជ្ជា​កីឡា​នៅ​តាម​សាលា​រដ្ឋ​មិនសូវ​មាន​សកម្មភាព​ផុសផុល​ឬ​អាច​និយាយ​បាន​ថា​មិន​អាច​បណ្ដុះ​បាន​ធនធាន​កីឡាករ​ល្អ​នៅ​ក្នុង​វិស័យ​កីឡា ។

គ្រូ​កីឡា​ភាគច្រើន​នៅ​តាម​សាលា​រដ្ឋ​បាន​បង្ហាញ​ពី​ភាព​ស្មុគស្មាញ​ក្នុង​ការ​ព​ន្លឿ​ន​វិស័យ​មួយ​នេះ​ឱ្យ​រីក​ចម្រើន​ដោយ​ពួក​គាត់​ត្អូញត្អែរ​ថា​ ក្នុង​ចំណោម​សិស្ស​ក្នុង​ថ្នាក់​ចន្លោះ​ពី​៣០​ទៅ​៤០​នាក់ អ្នក​មក​បង្ហាញខ្លួន​ក្នុង​ម៉ោង​កីឡា​មាន​ប្រមាណតែពាក់កណ្ដាលប៉ុណ្ណោះហើយភាគច្រើនជាសិស្សប្រុសទៀត ទើប​ធ្វើ​ឱ្យ​គ្រូ​កីឡា​ភាគច្រើន​សឹង​នឹង​បាក់ទឹកចិត្ត​ក្នុង​ការ​បង្ហាត់បង្រៀន​។

គ្រូ​មុខ​វិជ្ជា​កីឡា​មួយ​រូប​បាន​ប្រាប់កោះសន្តិភាពក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះថា ប៉ុន្មាន
ឆ្នាំមុនសម្រាប់​ម៉ោង​កីឡា​ សិស្ស​មួយ​ចំនួន​សុខចិត្ត​បង់លុយ​ក្នុង​ម្នាក់​២​ពាន់​រៀល​ឱ្យ​លោក​ជា​ថ្នូរ​កុំឱ្យ​លោក​ដាក់​អវត្តមាន និង​ដើម្បី​កុំឱ្យ​លោក​លុប​សិទ្ធិ​មិន​ឱ្យ​ប្រឡង​ឆមាស ឬ​មិន​ឱ្យ​ពិន្ទុ​ជាប់​ដោយសារ​តែ​ពួក​គេ​ទាំងនោះ​មិន​ចង់​ហាត់ ។ លោក​ថា គ្រូ​មិន​ចង់បាន​លុយ​ពី​សិស្ស​នោះ​ទេ ប៉ុន្តែ​បើ​សិស្ស​មិន​មក ហើយ​សិស្ស​ទាំងនោះ​មិន​ទាំង​ខ្វល់​ពី​រឿង​អវត្តមាន​ផង តើ​ឱ្យ​គ្រូ​ទៅ​អូ​សក​សិស្ស​មក​ហាត់​យ៉ាងម៉េច​កើត​ ។

ក្នុង​នោះ​សូ​ម្បី​តែ​ពេល​ប្រឡង​ប្រចាំខែ និង​ប្រចាំឆមាស ក៏​មិនសូវ​មាន​សិស្ស​បង្ហាញខ្លួន​ដែរ ដោយសារ​តែ​សិស្ស​ស្នើ​សុំ​បង់លុយ​ហើយ​សុំ​កុំ​ប្រឡង ឬ​គ្រាន់តែ​ប្រឡង​លេង​ៗ​ដើម្បី​បង្គ្រប់កិច្ច កុំឱ្យ​ថា​គ្រូ​ជប់​ពិន្ទុ ។ លោក​ទទួលស្គាល់​ថា សម្រាប់​គ្រូ​កីឡា​ប៉ុន្មានឆ្នាំមុនគឺ​រក​លុយ​បាន​ពី​ការ​សូក​ប៉ាន់​របស់​សិស្ស តែ​លោក​មិន​ចង់​ឃើញ​សិស្ស​បន្ត​ធ្វើ​ទម្លាប់​បែប​នេះនោះ​ទេ ដោយសារ​តែ​លោក​ជា​គ្រូ​មាន​បំណង​ចង់​បង្ហាត់បង្ហាញ និង​ចង់​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​ធ្លាប់​សិក្សា​យក​មក​បណ្ដុះបណ្ដាល​សិស្ស​ច្រើន​ជាង ។

គ្រូ​មុខ​វិជ្ជា​កីឡា​ភាគច្រើន​បង្រៀន​នៅ​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មុខ​វិជ្ជា​កីឡា​បាន​ក្លាយជា​មុខ​វិជ្ជា​អាច​រក​ចំណូល​បាន​យ៉ាង​ងាយ​ដោយ​គ្មាន​ការ​តវ៉ា​ពី​សិស្ស ដោយសារ​តែ​ហេតុផល​សិស្ស​ជា​យុវវ័យ​ទាំងនោះ​មិន​ចូល​ចិត្ត​ហាត់​កីឡា​ក្នុង​ម៉ោង​សិក្សា ។ នៅ​ភ្នំពេញ​សិស្ស​មួយ​ចំនួន​ហ៊ាន​បង់លុយ​ក្នុង​ការ​បាត់​មុខ​មួយ​លើក​ពី​២​ពាន់​ទៅ​ម៉ឺន​រៀល​ក៏​មាន ​ជា​ថ្នូរ​កុំឱ្យ​គ្រូ​ដាក់​អវត្តមាន​ពី​ការ​មិន​មក​ហ្វឹកហាត់​ជាប់លាប់ ។

អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​គ្រូ​មុខ​វិជ្ជា​កីឡា​មួយ​ចំនួន​អាច​រក​ចំណូល​បាន​ច្រើន ជា​ពិសេស​គ្រូ​ដែល​បង្ហាត់​ច្រើន​ថ្នាក់ និង​ច្រើន​ម៉ោង ។ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​តាម​សាលា​រដ្ឋ​ភាគច្រើន ក៏​បាន​ពង្រឹង​លើ​មុខ​វិជ្ជា​នេះ ដែល​តម្រូវ​ឱ្យ​សិស្ស​មក​ហាត់​ជាប់លាប់​ជា​ពិសេស​គឺ​ដាក់​កំហិត​ដល់​សិស្ស​ដែល​គេច​ម៉ោង​កីឡា​ច្រើនដង នឹង​ត្រូវដកសិទ្ធិ​មិន​ឱ្យ​ប្រឡង​ប្រចាំខែ ឬ​ប្រចាំឆមាស​ជាដើម ។

បច្ចុប្បន្ន គ្រូ​កីឡា​ស្ទើរតែទាំងអស់លែង​យក​លុយ​ពីសិស្ស​ជា​ថ្នូរ​នឹង​ការ​បាត់​មុខ​ទៀតហើយ ទើប​នៅ​ក្នុង​សាលា​ខ្លះ​ក៏​មាន​សកម្មភាព​ហ្វឹកហាត់​កីឡា​បាន​ល្អ​ដែរ ។ យ៉ាងណា​ក៏​ដោយ មហាជនភាគ
ច្រើននៅតែមើលឃើញថា វិស័យ​កីឡា​នៅ​តាម​សាលា​រដ្ឋ​មិនសូវ​មានការ​រីក​ចម្រើន​នោះ​ទេ ។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍​ថា វិស័យ​
កីឡា​នៅ​តាម​សាលា​រដ្ឋ គឺជា​ការ​ទទួលខុសត្រូវ​របស់​គ្រឹះស្ថាន​ទាំងនោះ ប៉ុន្តែ​បច្ចុប្បន្ន​លោក​កត់​សម្គាល់ថា សាលា​មួយ​ចំនួន ក៏​បាន​បំផុស​វិស័យ​កីឡា​ឱ្យ​មានការ​រីក​ចម្រើន​ផង​ដែរ ដូច​ជា​បាន​បង្កើត​ក្រុមបាល់ទាត់ ក្រុម​បាល់ទះ និង​បាន​ទាំង​ផ្ដល់​ទីតាំង​ឱ្យ​កីឡា​មួយ​ចំនួន​ដូច​ជា​ល្បុក្កតោ យុទ្ធ​គុន​ខម និង​តេ​ក្វា​ន់​ដូ​ជាដើម ដើម្បី​ឱ្យ​សិស្ស​បាន​ហាត់រៀន​គ្រាន់​បណ្ដុះ​គំនិត​ស្នេហា​វិស័យ​កីឡា និង​ដើម្បី​ឱ្យ​ពួក​គេ​ចេះ​ស្រឡាញ់​សុខភាព​ផង​ដែរ​។

នៅ​ក្នុង​សេចក្តីណែនាំ​ស្តី​ពី​«​ការ​អនុវត្ត​ម៉ោងសិក្សា​មុខ​វិជ្ជា​អប់រំ​កាយ និង​កីឡា ក្នុង​ម៉ោង និង​ក្រៅ​ម៉ោង​នៅ​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​»​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា គឺ​បាន​កំណត់​ចំណុច​សំខាន់​ចំនួន​៤​ដើម្បី​ឲ្យ​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សាត្រូវ​អនុវត្ត ។ ទី​១-​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​កម្មវិធី​សិក្សា​មុខ​វិជ្ជា​អប់រំ​កាយ និង​កីឡា​២​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​ស្រប​តាម​កម្មវិធី​កំណត់​ថ្នាក់​ជាតិ ។

ទី​២-​គ្រឹះស្ថាន​បឋម​សិក្សា​និង​មធ្យមសិក្សា​ត្រូវ​បំផុស​និង​រៀបចំ​បង្កើត​សមាគម​កីឡា​ឲ្យ​បាន​គ្រប់​សាលា​ដើម្បី​ហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា​បន្ថែម ។ ទី​៣-​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​សមាគម​កីឡា​សិស្ស និង​ធ្វើ​ឲ្យ​ដំណើរការ​សកម្មភាព​ហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា​គ្រប់​ស្រុក ក្រុង ខណ្ឌ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទី​៤-​គណៈ​គ្រប់គ្រង​សាលា និង​ក្រុមបច្ចេកទេស​ត្រូវ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ជា​ប្រចាំ​លើ​គ្រប់​សកម្មភាព​រៀន​និង​បង្រៀន​របស់​គ្រូ​ទទួល​បន្ទុក​ថ្នាក់ និង​គ្រូ​អប់រំ​កាយ​នៅ​ក្នុង​សាលា​របស់​ខ្លួន​។

តាម​ខ្លឹមសារ​ក្នុង​សេចក្តីណែនាំ​នេះ ក្រសួង អប់រំ យុវជន និង​កីឡា ហាក់​មានការ​បើកទូលាយ​
ឲ្យ​សាលារៀន​នីមួយ​ៗ​បង្កើត​ជា​កម្មវិធី​ហ្វឹកហាត់​ទៅ​លើ​ប្រភេទ​កីឡា​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ជា​ពិសេស​គឺ​បាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាអត្តពលកម្ម ដែល​មាននៅ​ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​រាជធានី​ខេត្ត​ ជើងឯក​ភូមិភាគ និង​ការ​ប្រកួត​ជើងឯក​ទូ​ទាំង​ប្រទេស​។

ទោះបីជា​យ៉ាងណា នាយករង​វិទ្យាល័យ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្នុងលក្ខខណ្ឌ
​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ថា​ ការ​ដាក់​ឲ្យ​មានកម្ម​វិធី​អប់រំ​កាយ និង​កីឡា នៅ​ក្នុង​ម៉ោង និង​ក្រៅ​ម៉ោង​សិក្សា​នៅ​តាម​សាលា​រដ្ឋ គឺជា​គំនិត​ដ៏​ល្អ​មួយ ប៉ុន្តែ​លោកគិត​ថា ការ​អនុវត្ត​ជាក់ស្តែង​វា​មិនមែន​ងាយស្រួល​នោះ​ទេ ព្រោះ​សិស្សានុសិស្ស​ភាគច្រើន​គេ​បាន​យក​ពេលទំនេរ​ទៅ​រៀន​គួរ​ក្រៅ​ម៉ោង ហើយ​នៅ​តាម​សាលា​ភាគច្រើន​ក៏​គ្មាន​ទីលាន សម្ភារ​ៈហ្វឹកហាត់ និង​គ្រូ​ជំនាញ​មក​បង្ហាត់​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ