ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

តាម​ផែនការ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៩ កម្ពុជា​នឹង​លែង មាន​បញ្ហា​កង្វល់​អំពី​កង្វះខាត​ថាមពល​អគ្គិសនី​បន្ត​ទៀត​ហើយ ដោយសារ​តែ​ក្នុង​ផែនការ​នេះ​កម្ពុជា​គ្រោង​ដំណើរការ​អភិវឌ្ឍ​ថាមពល​ថ្មី​ដល់​ទៅ​២៣ គម្រោង​ដែល​មាន​អនុភាព​ជិត​៦​ពាន់​មេ​ហ្គា​វាត់ ។ តាម​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុងអំឡុងពេល​ដែល​ក្រសួង​ជំនាញ​នេះ​រៀបចំ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ…

តាម​ផែនការ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៩ កម្ពុជា​នឹង​លែង មាន​បញ្ហា​កង្វល់​អំពី​កង្វះខាត​ថាមពល​អគ្គិសនី​បន្ត​ទៀត​ហើយ ដោយសារ​តែ​ក្នុង​ផែនការ​នេះ​កម្ពុជា​គ្រោង​ដំណើរការ​អភិវឌ្ឍ​ថាមពល​ថ្មី​ដល់​ទៅ​២៣ គម្រោង​ដែល​មាន​អនុភាព​ជិត​៦​ពាន់​មេ​ហ្គា​វាត់ ។

តាម​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុងអំឡុងពេល​ដែល​ក្រសួង​ជំនាញ​នេះ​រៀបចំ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ គម្រោង​ថ្មី​ទាំងនេះ គឺ​មាន​តាំងពី​គម្រោង​ទាញ​ថាមពល​ពី​ខ្យល់ ជីវម៉ាស ថាមពល​ពន្លឺព្រះអាទិត្យ ឧស្ម័ន​(LNG) វា​រី​អគ្គិសនី និង​ស្ថានីយ​ស្តុក​ថាមពល​បន្ថែម​លើ​គម្រោង​ដែល​មាន​ស្រាប់​និង​កំពុង​ប្រើប្រាស់ ។

គម្រោង​ទាំងនេះ គឺជា​ផែនការ​ដ៏​ធំ​ដែល​គេ​ដឹង​ថា នឹង​ចំណាយធនធាន​ប្រមាណ​ជា​ជិត​៦​ពាន់​លាន​ដុល្លារ​ឯណោះ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្វះ​ប្រភព​អគ្គិសនី​ដោយសារ​ការ​ផ្លាស់​ប្តូរ​សភាពការណ៍ នៃ​ការ​អភិវឌ្ឍ​គម្រោង​ប្រភព​អគ្គិសនី​ដែល​បាន​គ្រោងទុក ។

ពាក់ព័ន្ធ​នឹង​ផែនការ​នេះ យើង​អាច​ចាត់​ទុក​ថា ជា​គម្រោង​អនុត្តរភាព​ថាមពល​មួយ​របស់​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មាន​ធនធាន​ថាមពល​អគ្គិសនី​តិចតួច​ជាងគេ​ធៀប​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ។

កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ កម្ពុជា​អាច​ផលិត និង​ប្រមូល​ថាមពល​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​នៅ​ក្នុង ប្រទេស​បាន​ប្រមាណ​ជា​៤,៦​ពាន់​មេ​ហ្គា​វាត់​ប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​២០២៤ ជាមួយនឹង​គម្រោង​ថ្មី​ៗ​មួយ ចំនួន​ដែល​បាន​ដំណើរការ កម្លាំង​ផលិត និង​ប្រមូល​ថាមពល​កម្ពុជា គឺ​ឡើង​ដល់​ជិត​៥​ពាន់​មេ​ហ្គា​ត់​ដែរ ។ ទៅ​ថ្ងៃ​មុខ ប្រសិនបើ​កម្ពុជា​ពិតជា​អាច​ដំណើរការ​អភិវឌ្ឍ​ថាមពល​តាម​ផែនការ​ដែល​គ្រោង​ខាងលើ ដូច្នេះ​កម្ពុជា​អាច​នឹង​ផលិត​ថាមពល​សរុប​មួយ​ឆ្នាំ​ប្រមាណ​ជា​១១​ពាន់​មេ​ហ្គា​វាត់ ។

ជាមួយនឹង​វឌ្ឍនភាព​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សារ​ទរ​ហើយ​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស គឺ​ក្រសួង​រ៉ែ និង​ថាមពល​បន្ត​បេស​កម្មនេះ​បន្ថែម​ទៀត នៅ​ក្នុង​គោលបំណង​ធានា​សន្តិសុខ​ថាមពល​ដល់​ប្រជាជន និង​តម្រូវការ​អភិវឌ្ឍ​ប្រទេស ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា តម្រូវការ​ថាមពល​កម្ពុជា​មាន​កំណើន​កើន​ឡើងជា​បន្តបន្ទាប់ ពោល គឺ​នៅ​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​ជា​ជាង​១៥​ភាគរយ​ដែល​ជា​កិច្ចការ​ដែល​ក្រសួង​ត្រូវ​គិតគូរ​ទុកជា​មុន ហើយ​ដាក់​ចេញ​នូវ​ផែនការ​ឆ្លើយ​តប ។

សម្តេច​ធិ​បតី​បាន​បន្ថែម​ថា ខណៈ​ដែល​កម្ពុជា​កំពុង​មាន​ស្ថេ​រ​ភាព​នយោបាយ​-​សេដ្ឋកិច្ច និង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង សេចក្ដី​ត្រូវការ និង​ភាព​ចាំបាច់​នៃ​ការ​ប្រើប្រាស់​ថាមពល​កាន់តែ​កើន​ឡើងជា​លំដាប់​ដែល​កម្ពុជា​ត្រូវ​តែ​គិតគូរ​ទុកជា​មុន ។

សម្តេច​ធិ​បតី បាន​ថ្លែង​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ទូ​ទាំង​ប្រទេស ក្នុង​ឆ្នាំ​២០២៤​នេះ បាន​កើនឡើង​ជាង​១៥​ភាគរយ ធៀប​ទៅ​នឹង​ការ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៣ ក្នុង​នោះ​ជិត ៨៧​ភាគរយ ជា​បរិមាណ​ថាមពល​ដែល​ផលិត​ក្នុងស្រុក និង​ចំនួន​ជាង​១៣​ភាគរយ​ជា​បរិមាណ​នាំ​ចូល ពី​ប្រទេស​ជិតខាង​នៅឡើយ ។

ជា​ការ​ពិត​កម្លាំង​ផលិត​ថាមពល​អគ្គិសនី​សរុប​របស់​ប្រទេស គឺ​មាន​ច្រើន​គួរសម ហើយ​កា​រត​ភ្ជាប់​បណ្តាញ អគ្គិសនី​ក៏​បាន​កើនឡើង ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ការ​ប្រើប្រាស់​ថាមពល​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ក្នុង​ស្ថានភាព​សន្សំ​សំចៃ​ខ្ពស់​មួយ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​លើក​ឡើង​ថា ក្រសួង​បាន​ខិតខំ​ណាស់​រឿង​បញ្ហា​តម្លៃ​នេះ ដោយ​ក្រសួង​បាន​បន្ត​ឧបត្ថម្ភ​ធន​ប្រមាណ​ជា​១២៥​លាន​ដុល្លារ​តាម​រយៈ​អគ្គិសនី​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​តម្លៃ​អគ្គិសនី​ឲ្យ​មាន​ស្ថេ​រ​ភាព ។

តាម​ការ​ខិតខំ​នេះ តម្លៃ​អគ្គិសនី​ដែល​ពលរដ្ឋ​កំពុង​តែ​ប្រើប្រាស់ គឺ​មាន​តម្លៃ​ចាប់ពី​៣៨០​រៀល ទៅ​៤៨០​រៀល និង​រហូត​ដល់​៦១០​រៀល នៅ​ក្នុង​មួយ​គីឡូ​វាត់​ម៉ោង សម្រាប់​លំនៅ​ឋាន​ចំណូល​ទាប និង​មធ្យម ។ ហើយ​តម្លៃ​៤៨០​រៀល សម្រាប់​កសិកម្ម ដែល​ប្រើ​ពេល​យប់ ។ លើស​ពី​នេះ​អគ្គិសនី​កម្ពុជា ក៏​មានការ​បន្ថយថ្លៃ​លក់​ជូន​ផ្នែក​ឧស្សាហកម្ម កសិកម្ម និង​សណ្ឋាគារ​សម្រាប់​វិស័យ​ទេសចរណ៍​ផង​ដែរ ។

តាម​តួរ​លេខ ដល់​ចុងឆ្នាំ​២០២៤​នេះ ការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រព័ន្ធ​បណ្ដាញ​ជាតិ​បាន​គ្រប់​ដណ្ដប់​លើ​ភូមិ​ចំនួន​ជាង​៩៩​ភាគរយ​នៃ​ចំនួន​ភូមិ​ទូ​ទាំង​ប្រទេស ខណៈ​ដែល​ពលរដ្ឋ​បាន​ភ្ជាប់ គឺ​ឈាន​ដល់​ទៅ​ជិត​៤​លាន​ផ្ទះ ។ ផ្អែក​តាម​សិ្ថ​តិ​នេះ ពលរដ្ឋ​កម្ពុជា​សឹងតែ​ទាំង​អស់ហើយ​ដែល​អាច​ប្រើប្រាស់​អគ្គិសនី​បំភ្លឺ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​តម្លៃ​ទើប​ពលរដ្ឋ​ប្រើប្រាស់​នៅ​ក្នុង​សភាព​សន្សំ​សំចៃ​បំផុត ។

សរុប​មក​វិញ ក្រៅពី​គិតគូរ​បន្ត​និរន្ត​ភាព​សន្តិសុខ​ថាមពល​ជូន​ពលរដ្ឋ​ហើយ ប្រសិនបើ​អាច​ក្រសួង គួរតែ​គិតគូរ​បញ្ចុះ​ថ្លៃ​ភ្លើង​ជូន​ពលរដ្ឋ​បន្ថែម​ទៀត​ក៏​ជា​រឿង​រឹតតែ​ប្រសើរ ។ ពលរដ្ឋ​ពិតជា​ដឹង​អំពី​ការ​លំបាក​របស់ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​ហាក់​នៅ​ខ្ពស់​នៅឡើយ​ធៀប​នឹង​កម្រិត​ប្រាក់​ចំណូល​ប្រចាំខែ​របស់​ពលរដ្ឋ​ម្នាក់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ