ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានក្លាយជាស្ថាប័នរដ្ឋទី៣ដែលត្រូវបានរុះរើ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។ តើអ្វីនៅពីក្រោយការរុះរើនេះ?
បន្ទាប់ពីមានការផ្លាស់ប្តូរក្រសួងគ្នាដឹកនាំ កាលពីពេលថ្មីៗកន្លងទៅនេះរវាងក្រសួងទេសចរណ៍ និងក្រសួងអធិការកិច្ច ឥឡូវនេះចូលដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញម្តង ។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន ដែលជាអនុប្រធានព្រឹទ្ធសភាទី១ បានត្រូវរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឲ្យវិលមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិសារជាថ្មី បន្ទាប់ពីលោកបានដឹកនាំក្រសួងនេះពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០២៣ ។ តើមូលហេតុអ្វីបានជាមានការរុះរើថ្មីបែបនេះ ខណៈដែលលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្នបានកាន់កា.ប់ការងារនេះបន្តពីលោក ប្រាក់ សុខុន បានរយៈពេល១៥ខែកន្លងមកនោះ ។
មកដល់ពេលនេះ គ្មានការបង្ហើបជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ពាក់ព័ន្ធនឹងការរុះរើជាថ្មី ក្រសួងដ៏សំខាន់ដែលពាក់ព័ន្ធនឹងជីបចរការទូតរបស់កម្ពុជា ។
លោក ប្រាក់ សុខុន ដែលមានប្រវត្តិជាអ្នកសារព័ត៌មាន នៅក្នុងអំឡុងពេលកាន់តំណែងនេះអាណត្តិមុន គឺអាចចាត់ទុកថាជាបុគ្គលការទូតដ៏រស់រវើកមួយរូប នៅក្នុងប្រទេស និងនៅក្នុងតំបន់ក៏ដូចជា អន្តរជាតិដោយលោកធ្លាប់ជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាព នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចការការទូតពាក់ព័ន្ធនឹងភាពតានតឹងខាងនយោបាយនៅមីយ៉ាន់ម៉ា នៅក្នុងតំណែងជាបេសកជនរបស់ប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ។
ការផ្លាស់ប្តូរនេះ អាចដោយសារតែ លោក ប្រាក់ សុខុន ជាអ្នកមានបទពិសោធន៍ ស្របពេលដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេសនិយាយភាសាបារាំង នៅក្នុងឆ្នាំ២០២៦ខាងមុខក៏ថាបាន ។
នៅក្នុងអំឡុងកាន់តំណែងនេះ នាអាណត្តិមុន លោក ប្រាក់ សុខុន អាចត្រូវបានចាត់ទុកថា ជាអ្នកការទូតដែលមានទេពកោសលើខាងប្រើប្រាស់សមភូមិព័ត៌មាន ហើយជាអ្នកការទូតអោយតម្លៃនៅលើព័ត៌មានមួយរូប ។
ព័ត៌មាននៃការរុះរើនេះ គឺត្រូវបានរក្សាយ៉ាងស្ងាត់បំផុត ហើយទើបតែបែកធ្លាយ នៅពេលដែលរដ្ឋសភាប្រជុំកាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា និងការរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី២០ ខែវិច្ឆិកានេះប៉ុណ្ណោះ ។
សរុបមកវិញ ទោះបីជាដំណើរការដោះដូរនេះដោយសារតែមូលហេតុអ្វីក៏ដោយ ក៏នេះគឺជារឿងធម្មតា នៅក្នុងជួរដ្ឋាភិបាល ។
សមត្ថភាព និងឧត្តមភាពការងារ គឺជារឿងសំខាន់បំផុត ហើយសង្ឃឹមថានៅពេលដែលមានរុះរើកម្ពុជានឹងបន្តដើរតួនាទីកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដើម្បីកសាងកិត្យានុភាពជាតិ ។កម្ពុជាត្រូវតេបោះជំហានទៅមុខ ហើយបន្តក្លាហានកក្នុងការកែទម្រង់ ដើម្បីធ្វើយ៉ាងណាអោយដំណើរការនៃការដឹកនាំប្រទេសកាន់តែមានប្រសិទ្ធភាព និងកាន់តែមានប្រយោ ជន៍សម្រាប់ជាតិ។
ដូច្នេះមិនថា ក្រសួងណាឡើយ បើសិនជាមានភាពចាំបាច់រដ្ឋាភិបាលត្រូវតែបន្តការធ្វើកំណែទម្រង់ ។
រដ្ឋាភិបាលកម្ពុជាត្រូវតែផ្តោតលើប្រសិទ្ធភាពការងារ ដើម្បីបង្កើនប្រសិទ្ធភាព។ នៅពេលរដ្ឋាភិបាលបំពេញការងារកាន់តែមានប្រសិទ្ធភាព ប្រជាជនកម្ពុជានឹងកាន់តែផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រ ៕
ចែករំលែកព័តមាននេះ