ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដែល​ស្ថានភាព​ពិភពលោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​វិលវល់ និង​ពោរពេញ​ដោយ​មន្ទិល ក្រុមហ៊ុន​វិនិយោគទុន​ធំ​ៗ នៅ​លើ​ពិភពលោក បាន​ព្យាករណ៍​ថា តម្លៃ​ហាងឆេង​មាស នៅ​លើ​ពិភពលោក នា​ឆ្នាំ​២០២៥ នឹង​បន្ត​នៅ​តែ​រឹង​មាំ​បន្ថែម​ទៀត ។…

នៅ​ពេល​ដែល​ស្ថានភាព​ពិភពលោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​វិលវល់ និង​ពោរពេញ​ដោយ​មន្ទិល ក្រុមហ៊ុន​វិនិយោគទុន​ធំ​ៗ នៅ​លើ​ពិភពលោក បាន​ព្យាករណ៍​ថា តម្លៃ​ហាងឆេង​មាស នៅ​លើ​ពិភពលោក នា​ឆ្នាំ​២០២៥ នឹង​បន្ត​នៅ​តែ​រឹង​មាំ​បន្ថែម​ទៀត ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Economic Times បាន​ឲ្យ​ដឹង​ថា តម្លៃ​មាស​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​មាន​ហាងឆេង​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​។ មូលហេតុ​នៃ​ការ​ឡើង​ត្រូវ​បាន​គេ​ដាក់បន្ទុក​ទៅ​លើ​និន្នាការ​កើនឡើង នូវ​តម្រូវការ​ទុនបម្រុង​របស់​ធនាគារកណ្តាល នៅ​ប្រទេស​នានា និង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក ។

ពាក់ព័ន្ធ​នឹង​ហាងឆេង​មាស​នៅ​លើ​ពិភពលោក ក្រុមហ៊ុន Goldman Sachs ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា ហាងឆេង​មាស​នៅ​លើ​ទីផ្សារ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០២៥ គឺ​អាច​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ក៏​៣.៦០០ ដុល្លារ​ដែរ នៅ​ក្នុង​មួយ​តម្លឹង ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ប្រមែប្រមូល​ធ្វើការ​ទិញ​របស់​ធនាគារកណ្តាល នៅ​ប្រទេស​នានា​ដូច​ជា តួ​ក​គី សិង្ហ​បុរី ប្រេ​ស៊ី​ល និង​ឥណ្ឌា គឺ​សុទ្ធតែ​ជា​បច្ច័យ​ដែល​នាំ​ឲ្យ​តម្លៃ​មាស​បន្ត​រឹង​មាំ​បន្ត​ទៅ​ទៀត ។ នៅ​ពេល​ដែល​លោក ដូ​ណា​ល់ ត្រាំ ជាប់​ឆ្នោត​ភ្លាម​ហាងឆេង​មាស​ហាក់ដូចជា ស្រុត​ចុះ​បន្តិច ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បាន​កំពុង​តែ​រើប​ៗ​ឡើង​វិញ​ហើយ​វា​អាច​បន្ត​ឡើង​បន្ថែម​ទៀត ស្រប​ពេល​ដែល​នៅ​ចុង​អណ​ត្តិ​នេះ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​សម្រេចចិត្ត​ផ្តល់​ភ្លើង​ខៀវ ក្នុង​ការ​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​មី​ស៊ី​ល រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ធ្វើការ​វា​.​យ​ប្រហារ​ទៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​រុ​ស្ស៊ី ។

ក្រោយ​ពេល​ដែល​តម្លៃ​មាស​ធ្លាក់​ចុះ​គួរសម កាលពីដើម​ខែវិច្ឆិកា ពោល គឺ​នៅ​ក្នុង​រង្វង់​៦​ភាគរយ​នៅ​ពេល​នេះ​តម្លៃ​ហាងឆេង​នៅ​លើ​ពិភពលោក​វា​ហាក់ដូចជា បាន​រើប​ឡើង​វិញ​ដោយ​កាលពី​ថ្ងៃ​ច័ន្ទ ពោល គឺ​ដល់​មួយ​តម្លឹង​ប្រមាណ​ជា​៣.១២០​ដុល្លារ ។

តាម​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​ដែល​បាន​ជជែក​គ្នា​ហើយ ផ្សព្វផ្សាយ​នៅ​ទូរទស្សន៍ Bloomberg បាន​ឲ្យ​ដឹង​ថា បើ​ស្ថានភាព​នៃ​អំពើ​ហិ​.​ង្សា ជា​ពិសេស គឺ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក៏​ដូច​ជា នៅ​ម​ជ្ឈឹ​ម​បូព៌ារ ក្តៅ​ត្រជាក់​ៗ​ដូច​ជា​ពេល​បច្ចុប្បន្ន តម្លៃ​មាស​អាច​នឹង​ស្រុត​ចុះ​មក​នៅ​ក្នុង​រង្វង់​៣.០០០​ដុល្លារ នៅ​ក្នុង​មួយ​តម្លឹង ប៉ុន្តែ​វា​ក្តៅ​ឡើង​បន្ថែម​ទៀត គឺ​វា​អាច​ឡើង​ដល់​៣.៦០០ ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ។

ស្ថានភាព​នេះ​ក៏​វា​ផ្សារ​ភ្ជាប់​ផង​ដែរ ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ជា​ពិសេស គឺ​ការ​ប្រែប្រួល​នៃ​អត្រា​ការ​ប្រាក់ និង​អតិផរណា ។ ក្រៅពី​នោះ ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជុំ​ថ្មី ក្រោយ​លោក ត្រាំ ចូល​កាន់កាប់​សេត​វិមាន​ក៏​អាច​នឹង​មានការ​ប្រែប្រួល​បន្ថែម​ទៀត​ផង​ដែរ ។

ហាងឆេង​មាស​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ នៅ​ក្នុង​មួយ​តម្លឹង​លក់​ចេញ​៣.១៦០​ដុល្លារ ហើយ​ទិញ​ចូល​មួយ​តម្លឹង គឺ​៣.០៦០​ដុល្លារ តម្លៃ​នេះ គឺ​មានការ​កើនឡើង​ប្រមាណ​ជា​៣០​ដុល្លារ នៅ​ក្នុង​មួយ​តម្លឹង បើ​ធៀប​នឹង​ហាងឆេង​មាស កាលពី​មួយ​ថ្ងៃមុន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ