ករណីគ្រោះអគ្គិភ័យនៅក្នុងប្រទេសនាឆ្នាំនេះនឹងមានស្ថានភាពអាក្រក់ជាងឆ្នាំទៅ ។ ដូច្នេះនារដូវប្រាំងនិងឆ្នាំថ្មីកំពុងតែឈានមកដល់នៅពេលខាងមុខដ៏ខ្លីនេះ គឺយើងត្រូវតែលើកកម្ពស់ការប្រុងប្រយ័ត្ន ដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់យើងទាំងអស់គ្នា ។ គ្រោះអគ្គិភ័យមានគ្រោះថ្នាក់សាហាវ និងបំផ្លិចបំផ្លាញ ។…
ករណីគ្រោះអគ្គិភ័យនៅក្នុងប្រទេសនាឆ្នាំនេះនឹងមានស្ថានភាពអាក្រក់ជាងឆ្នាំទៅ ។ ដូច្នេះនារដូវប្រាំងនិងឆ្នាំថ្មីកំពុងតែឈានមកដល់នៅពេលខាងមុខដ៏ខ្លីនេះ គឺយើងត្រូវតែលើកកម្ពស់ការប្រុងប្រយ័ត្ន ដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់យើងទាំងអស់គ្នា ។
គ្រោះអគ្គិភ័យមានគ្រោះថ្នាក់សាហាវ និងបំផ្លិចបំផ្លាញ ។ យើងត្រូវតែលើកកម្ពស់ការប្រុងប្រយ័ត្នឲ្យហើយ ពីព្រោះនៅពេលនេះបរិមាណទឹកភ្លៀងកំពុងតែចាប់ផ្តើមស្បើយ ខ្យល់ស្ងួតកំពុងតែបក់មក ហើយរដូវប្រាំងបានមកដល់ ។ ដូច្នេះគ្រោះអគ្គិភ័យងាយនឹងកើតមានឡើងជាទីបំផុត ដែលយើងទាំងអស់គ្នាគប្បីត្រូវតែម្ចាស់ការត្រៀមទុកជាមុន ហើយបង្ការវាកុំអោយកើតមាន ។
បទពិសោធន៍៨ខែកន្លងមក ជាពិសេស គឺពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ តួរលេខដែលបង្ហាញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា នៅទូទាំងប្រទេសគ្រោះអគ្គិភ័យកើនឡើងច្រើន ។
ស្ថិតិបានបង្ហាញថា ៨ខែកន្លងមក នៅទូទាំងប្រទេសកម្ពុជា មានករណីគ្រោះអគ្គិភ័យកើតឡើងរហូតដល់ទៅជាង៦០០ ករណី ស្របពេលដែលកាលពីរយៈពេលដដែលនៃឆ្នាំ២០២៣ គ្រោះមហន្តរាយនេះបានកើតមានឡើងត្រឹមតែប្រមាណជាជាង៤០០ករណី ។ នៅក្នុងគ្រោះមហន្តរាយទាំងនេះមនុស្ស១៥ នាក់ ត្រូវបានសម្លា.ប់ ហើយក្រៅពីនោះមាន៤៥ នាក់បានរងរបួស ។
ករណីគ្រោះអគ្គិភ័យញឹកញាប់ និងច្រើនជាងគេ គឺនៅរាជធានីភ្នំពេញដែលមានជាង១០០ករណី បន្ទាប់មកបាត់ដំបងប្រមាណជា៦០ករណី ហើយសៀមរាប គឺមានប្រមាណជាជាង៤០ករណី ។ ក្រៅពីនេះវាបានបំផ្លាញ និងបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួនជាង៦០០ តូបពាណិជ្ជកម្មជាង១០០ ឃ្លាំង ជិត២០ រោងចក្រ និងសិប្បកម្មជាង២០កន្លែង និងអគារដ្ឋបាល១៦កន្លែង ។
កន្លងមកមូលហេតុដែលបង្ករឡើងជាគ្រោះមហន្តរាយដោយអគ្គិភ័យនេះត្រូវបានគេដាក់បន្ទុកលើទុស្សេចរន្តអគ្គិសនី ដែលបណ្តាលមកពីការដំឡើងមិនត្រឹមត្រូវ និងការធ្វេសប្រហែស ។ ដូច្នេះហើយទើបមានការជំរុញឱ្យប្រជាពលរដ្ឋជួលអ្នកបច្ចេកទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាថា ប្រព័ន្ធខ្សែភ្លើងសំខាន់ៗរបស់ពួកគេគោរពតាមស្តង់ដារសុវត្ថិភាពរបស់អគ្គិសនីកម្ពុជា ។
ពាក់ព័ន្ធនឹងបញ្ហាស្តង់ដាសុវត្ថិភាពនៅក្នុងការបង្ការ និងការពារគ្រោះមហន្តរាយដោយអគ្គីភ័យនានា ការបង្ការនិងការពារតម្រូវឱ្យមានការរួមបញ្ចូលគ្នាដោយការប្រុងប្រយ័ត្ន ការរៀបចំផែនការត្រឹមត្រូវ និងការខិតខំប្រឹងប្រែងទាំងអស់គ្នា ។ ខាងក្រោមនេះជាវិធានការសំខាន់ៗ ដើម្បីកាត់បន្ថយហានិភ័យអគ្គីភ័យ៖
១. រក្សាលំហរការពារគ្រោះអគ្គិភ័យ
ត្រូវប្រាកដថា ទ្រព្យសម្បត្តិរបស់អ្នកមានសុវត្ថិភាពពីគ្រោះអគ្គិភ័យដែលបង្កឡើងដោយអ្វីៗដែលងាយឆេះចេញពីបរិវេណលំនៅស្ថាន ។ គួរកាត់មែក ឬបោសសម្អាតកម្ទេចកម្ទីចេញពីតាមកន្លែងគន្លៀតនានា ។ រាល់លំនៅស្ថាន ប្រសិនបើអាចគួររក្សាលំហការពារជុំវិញអគារ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃអគ្គិភ័យ ។ តំបន់នានាគួររៀបចំផ្លូវ ឬច្រកចូលឲ្យធំទូលាយល្មមនឹងយានយន្តពន្លត់អគ្គិភ័យអាចងាយស្រួលចេញចូលអន្តរាគមន៍ ។
២. កុំផ្ទុកវត្ថុដែលងាយឆេះច្រើនពេកនៅក្នុងលំនៅស្ថាន
អុស ធ្យូង ហ្គាស គឺសុទ្ធតែជារបស់ងាយឆេះ ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នហើយកុំទុកវាច្រើនពេក នៅក្នុងផ្ទះ ជាហេតុនាំអោយពេលមានអាសន្នអន់ក្រ វាបណ្តាលឲ្យឆេះ ។
៣. ការរចនា ឬតុបតែងផ្ទះដែលធន់នឹងភ្លើង
នៅក្នុងលំនៅស្ថានគួរកាត់បន្ថយវត្ថុប្រើប្រាស់ណាដែលងាយឆេះ ។ ឧបករណ៍ដែលងាយឆេះទាំងនេះ គឺភាគច្រើនជាគ្រឿងតុបតែង ដែលធ្វើពីជ័រ ឬប្លាស្ទិក ដែលងាយឆេះបំផុត ។ ដើម្បីកាត់បន្ថយ និងសម្រួលស្ថានភាពអគ្គិភ័យ គួរតែច្នៃ និងជ្រើសរើសការតុបតែងណាដែលប្រើពីវត្ថុអ៊ីសូឡង់មិនឆ្លងអគ្គីសនី ឬមិនឆេះ ។
៤.ត្រៀមខ្លួន
នៅតាមលំនៅស្ថានគួរតែមាន ឧបករណ៍ពន្លត់អគ្គិភ័យ និងឧបករណ៍បាញ់ទឹកដើម្បីបង្ការ ពេលដែលមានអាសន្នអន់ក្រកើតមានឡើង ។
សរុបទៅគ្រោះអគ្គិភ័យវា គឺជាគ្រោះដោយចៃដន្យ ហើយគ្មាននរណាអាចដឹងមុនបានឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្ន វាក៏ជាការប្រសើរហើយអាចឲ្យយើងទាំងអស់គ្នាអាចការពារគ្រោះមហន្តរាយ ឬបញ្ជៀសពីករណីធ្ងន់ធ្ងរមកតូចតាច ហើយករណីតូចតាចមកអត់ក៏បាន។
ការអនុវត្តតាមវិធានការទាំងនេះយើងនឹងអាចចូលរួមធានាការកាត់បន្ថយហានិភ័យនៃអគ្គិភ័យក្នុងរដូវប្រាំងខាងមុខបានមួយចំនួន ៕
ចែករំលែកព័តមាននេះ