ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់យុវជន ជេក ផូល! ប៉ុន្តែ ម៉ៃ ថៃសាន់ ឈ្នះបេះដូងមនុស្សជាច្រើនជុំវិញពិភពលោក

2 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ យុវជន ជេក ផូល (Jake Paul) តារាយូធូបអាមេរិកល្បី (YouTube) ដែលប្រែខ្លួនជាកីឡាករប្រដាល់សកលអាជីពបានយកឈ្នះពិន្ទុជាឯកច្ឆន្ទ័លើអតីតកំពូលកីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក…

សហរដ្ឋអាមេរិក ៖ យុវជន ជេក ផូល (Jake Paul) តារាយូធូបអាមេរិកល្បី (YouTube) ដែលប្រែខ្លួនជាកីឡាករប្រដាល់សកលអាជីពបានយកឈ្នះពិន្ទុជាឯកច្ឆន្ទ័លើអតីតកំពូលកីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក ម៉ៃ ថៃសាន់ (Mike Tyson) ក្នុងការប្រកួតអាជីព៨ទឹកដ៏កក្រើកសហរដ្ឋអាមេរិក រៀបចំឡើងនៅកីឡដ្ឋាន AT&T រដ្ឋតិចសាស់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា នៅកម្ពុជា។

ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណ ៧២,៣០០នាក់ យុវជន ជេក ផូល វ័យ២៧ឆ្នាំ គ្រប់គ្រងការប្រកួតភាគច្រើនតទល់នឹងលោក ម៉ៃ ថៃសាន់ វ័យ៥៨ឆ្នាំ ដោយបញ្ចប់៨ទឹកពេញជាមួយនឹងជ័យជម្នះតាមរយៈការសម្រេចជាឯកច្ឆ័ន្ទពីចៅក្រម៣រូប នៅក្នុងលទ្ធផល ៨០ទល់៧២ ៧៩ទល់៧៣ និង ៧៩ទល់៧៣។ នៅក្នុងការប្រកួតនោះ គេសង្កេតឃើញ ម៉ៃ ថៃសាន់ ចាប់ផ្តើមទឹកដំបូងដោយវាយសម្រុកយ៉ាងខ្លាំងលើ ជេក ផូល ប៉ុន្តែសន្ទុះ និងកម្លាំងបានថមថយនៅទឹកជាបន្តបន្ទាប់ ជាឱកាសសម្រាប់ ជេក ផូល មានប្រៀបជាងយ៉ាងខ្លាំងក្នុងការប្រកួតនេះ។

យ៉ាងណាមិញ បើទោះបីជាចាញ់ការប្រកួតក៏ពិតមែន ប៉ុន្តែ ម៉ៃ ថៃសាន់ នៅតែទទួលបានការកោតសរសើរ និងគោរពយ៉ាងខ្លាំងពីសំណាក់យុវជន ជេក ផូល ផ្ទាល់ ក៏ដូចជាបុគ្គលល្បីឈ្មោះជាច្រើន ជាពិសេសអ្នកស្នេហាវិស័យប្រដាល់ជុំវិញពិភពលោកតែម្តង។ ភាគច្រើននៃអ្នកទាំងនោះ លើកសរសើរអំពីការតាំងចិត្តខ្ពស់ ភាពរឹងមាំ និងការតស៊ូររហូតចប់ការប្រកួត៨ទឹកពេញ បើទោះស្ថិតក្នុងវ័យក្បែរ៦០ឆ្នាំយ៉ាងណាក៏ដោយ។

ក្រោយចប់ការប្រកួត លោក ម៉ៃ ថៃសាន់ បានសរសេរសារដ៏ពិសេសមួយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកយ៉ាងដូច្នេះថា «នេះគឺជាស្ថានភាពមួយក្នុងចំណោមស្ថានភាពទាំងនោះ នៅពេលអ្នកចាញ់ ប៉ុន្តែនៅតែឈ្នះ។ ខ្ញុំសូមថ្លែងអំណរគុណសម្រាប់យប់មិញ។ ខ្ញុំមិនស្ដាយក្រោយទេ ដែលបានឡើងសង្វៀនជាលើកចុងក្រោយម្តងទៀត។ ខ្ញុំស្ទើរតែស្លាប់បាត់បង់ជីវិតនៅក្នុងខែមិថុនា មានទាំងការបញ្ចូលឈាម៨លើក។ ខ្ញុំបានបាត់បង់ឈាមពាក់កណ្តាល និងទម្ងន់១១គីឡូនៅក្នុងមន្ទីរពេទ្យ ហើយត្រូវតស៊ូឱ្យមានសុខភាពល្អដើម្បីអាចឡើងប្រកួតបាន ដូច្នេះខ្ញុំបានឈ្នះហើយ។

ទាំងអស់នេះ ដើម្បីឱ្យកូនៗខ្ញុំឃើញខ្ញុំឈរជើងដល់ចុងបញ្ចប់ទាំង៨ទឹក ជាមួយនឹងអ្នកប្រដាល់ដ៏ប៉ិនប្រសប់អាយុពាក់កណ្តាលរបស់ខ្ញុំ នៅចំពោះមុខអ្នកទស្សនានៅកីឡដ្ឋានក្លិបបាល់ឱបអាមេរិក Dallas Cowboy គឺជាបទពិសោធន៍មួយដែលគ្មាននរណាម្នាក់មានសិទ្ធិស្នើសុំឱ្យកើតឡើងនោះទេ។ សូមអរគុណ!»។

តាមរយៈសារដ៏ពិសេសនេះ សូម្បីតែ ជេក ផូល ផ្ទាល់ក៏បានចូលរួមបញ្ចេញមតិនៅសារនោះថា «ស្រឡាញ់អ្នក ម៉ៃ ។ វាគឺជាកិត្តិយសមួយ។ អ្នកគឺជានិមិត្តរូបនៃការបំផុសគំនិតដល់យើងទាំងអស់គ្នា»។

ជាមួយជ័យជម្នះនេះ ជេក ផូល បង្កើនកំណត់ត្រាប្រកួតអាជីពរបស់ខ្លួនចំនួន ១២ប្រកួត ឈ្នះ១១ និងចាញ់១ ដោយផ្តួលដៃគូឱ្យសន្លប់ចំនួន ៧ដង។ ចំណែកស្ថិតិ ម៉ៃ ថៃសាន់ ដែលត្រឡប់ពីការព្យួរហ្គង់ចូលនិវត្តន៍ តាំងពីឆ្នាំ ២០០៥ មានចំនួន ៥៩ប្រកួត ឈ្នះ៥០ដង ចាញ់៧ដង និងចាត់ទុកជាមោឃៈ ឬ No Contest ២ដង ដោយបានផ្តួលគូប្រកួតឱ្យសន្លប ៤៤ដង។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតអាជីព៨ទឹក ១ទឹក២នាទី និងពាក់ហ្គង់១៤អោន ដែលស្មើនឹងទម្ងន់ ០.៤គីឡូក្រាម ដ៏កក្រើកពិភពលោក និងត្រូវបានផ្សាយផ្ទាល់ក្នុងកម្មវិធី Netflix មួយនេះ យុវជន ជេក ផូល ម្ចាស់ជ័យជម្នះទទួលប្រាក់ចំនួន ៤០លានដុល្លារអាមេរិក។ ចំណែកលោក ម៉ៃ ថៃសាន់ ទទួលប្រាក់ចំនួន ២០លានដុល្លារអាមេរិក៕ ដកស្រង់ ៖ CNN និង CBS News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ