ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុត ធី និង​ឈ្មោះ មួ​ង ឃី​ម

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុត ធី និង​ឈ្មោះ មួ​ង ឃី​ម…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុត ធី និង​ឈ្មោះ មួ​ង ឃី​ម ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ។ ដីកា​សម្រេច​ឃុំខ្លួន​របស់​តុលាការ​នេះ បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​ភស្តុ​តាង​រួច ។

យោង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឥទ្ធិពល​សកម្ម និង​ជំនួញ​ឥទ្ធិពល​អកម្ម នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៥៦ ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទាក់ទិន​នឹង​ករណី​ជំនួញ​ឥទ្ធិពល​សកម្ម​, ជំនួញ​ឥ​ទ្ឋិ​ពល​អកម្ម និង​សមគំនិត​ក្នុង​បទ​ជំនួញ​ឥ​ទ្ឋិ​ពល​អកម្ម ដែល​មាន​ជន​ត្រូវ​ចោទ​មានខ្លួន​ចំនួន ២​នាក់ គឺ ១.​ឈ្មោះ អ៊ុត ធី ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជំនួញ​ឥទ្ធិពល​សកម្ម និង​២.​ឈ្មោះ មួ​ង ឃឹម ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជំនួញ​ឥទ្ធិពល​អកម្ម ព្រមទាំង​មាន​ជន​ត្រូវ​ចោទ​ចំនួន ២​នាក់​ទៀត គឺ ១.​ឈ្មោះ ដួង ដា​រា ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ (​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជំនួញ​ឥទ្ធិពល​អកម្ម និង​២.​ឈ្មោះ លី សា​ម៉េ​ត ភេទ​ប្រុស អាយុ ៧១​ឆ្នាំ (​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពល​អកម្ម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០២១ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ មាត្រា ៦០៦ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

សូម​ជម្រាប​ថា លោក អ៊ុត ធី និង​លោក មួ​ង ឃឹម ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា និង​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បញ្ជូន​ទៅ​កាន់​តុលាការ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ