ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២១ មិថុនា ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងបាននាំយកក្រមាចំនួន២០និងថវិកាចំនួន២០ម៉ឺនរៀលដែលជាអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារមួយមានកូន១៧នាក់ ដែលកំពុងជួបកង្វះខាតជីវភាព ដល់លំនៅឋានរបស់ពួកគាត់ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ចូលរួមក្នុងពិធីប្រគល់នោះ មានលោកនាយប៉ុសិ៍្ត និងមន្ត្រីប៉ូលិសប៉ុសិ៍្តក្រាំងល្វាផងដែរ ។
សូមរំលឹកថា គ្រួសារមួយនេះស្ទើរតែជាប់លេខទៅហើយនៅស្រុកខ្មែរយើងដែលមានកូនដល់ទៅ១៧នាក់ កំពុងរស់នៅជាមួយដោយបុរសជាឪពុកឈ្មោះតុត ផុន អាយុ៤៨ឆ្នាំ និងម្តាយឈ្មោះហ៊ីង ឃន អាយុ៤៧ឆ្នាំ ។ ប្តីប្រពន្ធពីរនាក់នេះបាននិយាយថា ពួកគាត់បានរៀបការនៅឆ្នាំ១៩៨២ កាលណោះរៀបការនៅភូមិលង្វែក ស្រុកកំពង់ត្រឡាច ក្រោយមកទើបមករស់នៅក្នុងស្រុកសាមគ្គីមានជ័យនេះ ។ កូនប្រុស ច្បងអាយុ២៧ឆ្នាំ ចំណែកកូនពៅមានអាយុទើបតែ៦ខែទេ គឺហាក់ដូចជាអត់មានទំនេរពោះសោះ មិនខុសពីគេនិយាយថា អ្នកក្រកូនច្រើន នោះឡើយ ។
ស្ត្រីជាប្រពន្ធបានរៀបរាប់ថា កូនចុងក្រោយនេះ ក្រោយពេលកើតហើយគាត់ព្រមទទួលការចាក់ថ្នាំការពារកុំឱ្យមានកូន កុំអីមានផ្ទៃពោះ៣ខែទៀតទៅហើយ ព្រោះពេទ្យប្រាប់ថា គាត់នៅមានកូន៣នាក់ទៀតឯណោះ ។ ពួកគាត់ទាំងអស់គ្នារួមទាំងកូនតូចៗឱ្យរញង់ផង មិនដែលនៅផ្ទះទេ ភាគច្រើននៅឯខ្ទមស្រែដែលមានចម្ងាយ៧គីឡូម៉ែត្រពីផ្ទះ ។ គាត់រៀបរាប់ថា ក្នុងមួយថ្ងៃបើជុំគ្នាផងដាំអង្ករអស់២៤កំប៉ុងស្ទើរកន្លះតៅ ។ ស្រូវវស្សាមានផ្ទៃដី៧០អារធ្វើបាន៤៥ការ៉ុង បរិភាគតែ២ខែអស់ហើយ បន្ទាប់ពីនោះត្រូវទិញអង្ករគេហូបដែលប្រាក់ទាំងនោះបានពីការកាប់អុសធ្វើធ្យួងលក់ និងបានពីកូនស្រីកណ្តាល២នាក់ទៅធ្វើកម្មកររោងចក្រ ។
លោកអ៊ូ សុផាន នាយប៉ុសិ៍្តប៉ូលិសឃុំក្រាំងល្វាបាននិយាយថា សព្វថ្ងៃនេះ អាជ្ញាធរភូមិ-ឃុំបានជួយជាស្បៀងខ្លះដែរ ប៉ុន្តែមិនច្រើនទេ តិចតួចណាស់ ខណៈដាច់ស្បៀងម្តងៗ។ លើសពីនេះទៀត ក៏យោគយល់អធ្យាស្រ័យបិទភ្នែកបិទច្រមុះដែរ ពីមុខរបររបស់ពួកគាត់នេះ ។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូននៅព្រឹកនោះ មានថវិកាចំនួន២០ម៉ឺនរៀល ជាអំណោយរបស់លោកឧកញ៉ាថុង អ៊ុយប៉ាងស្ថាបនិកសារព័ត៌មានកោះសន្តិភាព និងលោកជំទាវព្រមទាំងក្រមាចំនួន២០ ជាអំណោយរបស់លោកចាន់ ណារ៉ា សប្បុរសជននៅរាជធានីភ្នំពេញ ។
ក្រោយពីទទួលអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា និងលោកជំទាវរួមទាំងសប្បុរសជនផង ពិនិត្យឃើញប្តីប្រពន្ធកូន១៧នាក់នេះមានក្តីរំភើបរីករាយយ៉ាងក្រៃលែងរកអ្វីប្រៀបស្មើពុំបាន ព្រោះរស់នៅចុងកាត់ព្រៃភ្នំបែបនេះ មិនដែលបានទទួលអំណោយអ្វីទេ និងបាននិយាយទាំងអួលដើមកថា ពួកយើងសូមលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូម ជូនពរដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងសប្បុរសជន សូមជួបតែពុទ្ធពរទាំង៤ប្រការ និងប្រកបការរកស៊ីកាន់តែបានចម្រុងចម្រើនតរៀងទៅ ៕
ចែករំលែកព័តមាននេះ