ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពេល​ដែល​អ្នកនយោបាយ ​និង​អ្នក​ជាតិនិយម​ថៃ​កញ្ជ្រោក​បញ្ហា​នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​​សមុទ្រ​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​មក បញ្ហា​នេះ​អាច​នឹង​ត្រូវ​ពិភាក្សា​គ្នា​ជា​ថ្មី​ដោយ​អ្នកជំនាញ កម្ពុជា​និង​ថៃ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ រឿង​ដែន​អធិបតេយ្យ​នៅ​ឈូង​សមុទ្រ​ ជា​ពិសេស​គឺ​តំបន់​ត្រួតស៊ីគ្នា​ដែល​មាន​ទំហំ​ប្រមាណ​ជា ២៦.០០០គីឡូម៉ែត្រ​ក្រឡា​ គឺជា​បញ្ហា​ដ៏​រសើប​បំផុត​នៅ​ថៃ​ពេល​នេះ​…

ក្រោយ​ពេល​ដែល​អ្នកនយោបាយ ​និង​អ្នក​ជាតិនិយម​ថៃ​កញ្ជ្រោក​បញ្ហា​នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​​សមុទ្រ​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​មក បញ្ហា​នេះ​អាច​នឹង​ត្រូវ​ពិភាក្សា​គ្នា​ជា​ថ្មី​ដោយ​អ្នកជំនាញ កម្ពុជា​និង​ថៃ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

រឿង​ដែន​អធិបតេយ្យ​នៅ​ឈូង​សមុទ្រ​ ជា​ពិសេស​គឺ​តំបន់​ត្រួតស៊ីគ្នា​ដែល​មាន​ទំហំ​ប្រមាណ​ជា ២៦.០០០គីឡូម៉ែត្រ​ក្រឡា​ គឺជា​បញ្ហា​ដ៏​រសើប​បំផុត​នៅ​ថៃ​ពេល​នេះ​ ។ នៅ​ថៃ មាន​អ្នក​ភ្ជាប់​តំបន់​ត្រួតស៊ីគ្នា​ទៅ​នឹង​បញ្ហា​ដែន​អធិបតេយ្យ​នៃ​កោះ​គុត ដែល​ខ្លួន​កំពុង​តែ​កាន់កាប់​ស្រាប់ ។

កោះ​គុត គឺជា​កោះ​មួយ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្រា​ត ហើយ​នៅ​ទីនោះ​គឺ​កំពុង​តែ​គ្រប់​គ្រង​ដោយ​ថៃ ដែល​មាន​ទាហានជើងទឹក​កំពុង​ឈរជើង​ ។ តែ​អ្នកនយោបាយ​ថៃ តែងតែ​បារម្ភ​ថា នៅ​ពេល​ដែល​ចរចាអំពី​គម្រោង​នៅ​ឈូង​សមុទ្រ​កោះ​ នេះ​អាច​នឹង​ត្រូវ​ធ្លាក់​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​និង​អ្នក​ជំនាញការ​ថៃ​បាន​ចេញ​មុខ​ពន្យល់​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​សាធារណៈ​មតិ​នៅ​តែ​ព្រួយបារម្ភ​ ។ បញ្ហា​ព្រំដែន​មិន​ថា​ នៅ​កម្ពុជា និង​ថៃ ឬកម្ពុជា​និង​វៀតណាម ឬកម្ពុជា​ និង​ឡាវ​ទេ គឺ​សុទ្ធសឹងតែ​ជា​បញ្ហា​ដ៏​រសើប ដូច្នេះ​ សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​នឹង​លើកកំពស់​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល មានការ​ពិភាក្សា​ និង​ការ​ចរចា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​នានា​។

ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​បញ្ហា​នៅ​ដែនសមុទ្រ ថ្មី​ៗ​នេះ ​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ការ​ចរចារ​អំពី​តំបន់​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​អាច​នឹង​ចាប់ផ្តើម​ឆាប់​ៗ​ខាង​មុខ​នេះ​។ បន្ទាប់​ពី​ការ​មានការ​អំពាវនាវ​ឲ្យ​រ​ដ្ឋា​ភិបាល​​ប្រុង​ប្រយ័ត្ន ខ្លះ​ស្នើ​ឲ្យ​លុប​ចោល​អនុស្សា​រណៈ​ដែល កម្ពុជា​និង​
ថៃ​បាន​ចុះ​កាលពី​ឆ្នាំ​២០០១ ក៏​ដូច​ជា​ការ​ពន្យល់​ដោយ​មន្ត្រី​រដ្ឋាភិបាល​ថៃ​ជា​បន្តបន្ទាប់​មក​នោះ នាយក​រដ្ឋមន្ត្រី​ថៃ គឺ​លោកស្រី ផៃ​ ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា ថា ការ​ចរចា​លើ​តំបន់​ដែនសមុទ្រ​មាន​ជម្លោះ​នេះ​អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ បន្ទាប់​ពី​គណៈកម្មាធិការ​បច្ចេកទេស​រួម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពាក់​កណ្តាលខែ​នេះ​ ។

ប្រភព​ដដែល​បាន​សង្កត់ធ្ងន់​ថា លោកស្រី ផៃ​ថង​ថា​ន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោកស្រី​បាន​បញ្ជូន​សារ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៨ នៅ​ទីក្រុង​គុន​មីង ប្រទេស​​ចិន​រួច​ហើយ​ដែរ​ ។

លោកស្រី​បាន​និយាយ​ថា លោកស្រី​បាន​ប្រាប់​សម្តេច​ធិ​បតីថា​ ការ​បង្កើត​គណៈកម្មាធិការ​បច្ចេក​ទេស​រួមត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ចប់​នៅ​ពេល​ដែល​លោកស្រី​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ នៅ​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា បន្ទាប​ពី​កិច្ចប្រជុំ​កំពូល​អេ​ប៉ិច ( APEC) នៅ​ប្រទេស​ប៉េ​រូ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១០ ដល់ ថ្ងៃ​ទី ១៦ ខែវិច្ឆិកា​ខាង​មុខ​នេះ​ ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ​មួយ​នេះ រដ្ឋាភិបាល​ថៃ​ក្រោម​ការ​ដឹកនាំ​ដោយ​គណ​បក្ស​ភឿ​ថៃ ដែល​ស្ថាបនិក​បក្ស​នេះ គឺជា​អ្នក​ផ្តួចផ្តើម​លើ​អនុស្សា​រណៈ​យោគយល់​អំពី​បញ្ហា​នៅ​ដែនសមុទ្រ​រវាង​កម្ពុជា​និង​ថៃ​កាលពី​ឆ្នាំ​២០០១ ទំនងជា​មិន​បាន​យក​សំណើ​លុប​ចោល អនុស្សា​រណៈ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ជាមួយនឹង​កម្ពុជា​នោះ​ទេ ។

លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថា នៅ​ពេល​នោះ គណៈកម្មាធិការ​បច្ចេកទេស​រួម នឹង​បន្ត​ការ​ពិភាក្សា​ក្រោម អនុស្សា​រណៈ​នេះ​ដដែល ។ លោកស្រី​បាន​និយាយ​ថា ការ​សម្រេចចិត្ត​ឯក​តោ​ភាគី​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​លុប​ចោល​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​។

លោកស្រី​បាន​បន្ត​ថា ការ​លុប​ចោល អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ ជា​ឯកតោភាគី អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​។ ប្រទេស​ទាំង​ពីរ​គួរតែ​ពិភាក្សា និង​ដោះ​ស្រាយ​ការ​ខ្វែងគំនិត​គ្នា​ ។ លោកស្រី​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ថៃ​ថា ថៃ​នឹង​មិន​មានការ​លំបាក​ក្នុង​ការ​ចរចា​ក្រោម អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ នោះ​ទេ​។ ប្រទេស​ទាំង​ពីរ​កំណត់ តំបន់​ត្រួតស៊ីគ្នា​ខុស​គ្នា​។ នោះ​ហើយ​ជា​មូលហេតុ​ដែល អនុស្សា​រណៈ​នៃ​ការ​យោគយល់ ចាំបាច់​ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​។

ផ្អែក​លើ​ព័ត៌មាន​នេះ​សង្ឃឹមថា អ្នក​ពាក់ព័ន្ធ​នៅ​ក្នុងស្រុក​នឹង​បន្ត​តាមដាន​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ការ​វិវត្តន៍​នៃ​បញ្ហា​នៅ​តំបន់​ដែនសមុទ្រ​ដែល​ត្រួតស៊ីគ្នា នៅ​ក្នុង​គោលបំណង​ទាញ​ផលប្រយោជន៍​ដោយ​ស្មើភាព ស្របច្បាប់​និង​តម្លាភាព​។ តាម​គម្រោង​សក្តានុពល​នៃ​វិស័យ​ថាមពល​ដែល​មាន​ឧស្ម័ន​ ​និង​ធនធាន​ប្រេង​ដែល​មាននៅ​ក្នុង​តំបន់​នោះ​គឺ​អាច​មាន​ធំ​មហាសាល​ដែល​ជា​ផលប្រយោជន៍​របស់​ពលរដ្ឋ​ទាំង​សងខាង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ