ទុរេនដែលជាស្តេចផ្លែឈើសម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅពេលនេះកំពុងតែក្លាយជាផលិតផលដ៏មានឧត្តមភាព និងមានតម្លៃនៅក្នុងទីផ្សារចិន ។ វាបានធ្វើអោយថៃ និងវៀតណាមរកលុយបានជាច្រើនពីការនាំចេញទុរេនទៅប្រទេសចិន ។
នៅក្នុងឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ថា ចិនត្រូវការទុរេនលើសពី១,៤ លានតោនជាមួយនឹងកំណើនកើនឡើងជារៀងរាល់ឆ្នាំ។ នៅពេលនេះ វៀតណាម និងថៃ កំពុងតែប្រកួតប្រជែងគ្នា នៅក្នុងការនាំចេញទុរេនទៅកាន់ទីផ្សារដ៏ធំនេះ ។
សារព័ត៌មាន Vietnam News បានរាយការណ៍ថា កាលពីឆ្នាំទៅវៀតណាមអាចនាំចេញទុរេនទៅចិនបានប្រមាណជា១,៥ ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២៤នេះ អ្នកពាក់ព័ន្ធនឹងដំណាំទុរេនវៀតណាមបានប្តេជ្ញានាំចេញទៅចិនឲ្យបានរហូតដល់ទៅ៣,៥ ពាន់លានដុល្លារ ។
ប្រភពដដែលបានលើកឡើងថា ចិន គឺជាទីផ្សារទុរេនធំបំផុតរបស់វៀតណាម ដោយនៅរយៈពេល៣ខែដំបូង នៃឆ្នាំ២០២៤ វៀតណាមបាននាំមុខថៃ ដោយអាចនាំចេញទុរេនទៅចិនប្រមាណជា៣២.៧០០តោន ។ ជាមួយនឹងកំណើននេះ ចំណែកទីផ្សារទុរេនវៀតណាមនៅចិនសព្វថ្ងៃបានកំពុងតែពង្រីកពី៣២ភាគរយទៅ៥៧ ភាគរយ ។
ក្រៅពីចិនទុរេនវៀតណាម អាចនាំចេញទៅប្រទេសផ្សេងៗទៀតដល់ទៅ២៣ប្រទេស និងដែនដី ជាពិសេស គឺផលិតផលទុរេនបង្កក ។
ចុះថៃវិញយ៉ាងម៉េចទៅវិញ ពាក់ព័ន្ធនឹងការនាំចេញទុរេនទៅកាន់ទីផ្សារចិន? តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ដូចជា កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃបានកំពុងតែរៀបចំកែសម្រួលច្បាប់ និងឯកសារផ្សេងៗដើម្បីពង្រីកផលិតកម្មទុរេន ដើម្បីជំរុញការនាំចេញទៅចិន និងប្រទេសផ្សេងដែលតម្រូវ ការកើនឡើងជាប្រចាំ ។
តាមសេចក្តីរាយការណ៍សមត្ថភាពរបស់ថៃនៅពេលនេះ គឺអាចប្រមូលផលទុរេនមួយឆ្នាំប្រមាណជា៩០០.០០០តោន នៅក្នុងនោះ៣០០.០០០តោន គឺចែកចាយទីផ្សារនៅក្នុងស្រុក ក្រៅពីនោះសឹងតែទាំងអស់ គឺនាំចេញទៅចិនតែម្តង ។ ថៃកំពុងតែបង្កើនការដាំដុះ ដើម្បីឆ្លើយតបនឹងកំណើន តម្រូវការទុរេន រហូតដល់ទៅ១៥ដង ពោល គឺចង់ប្រមូលផលឲ្យបាន១៥លានតោននៅក្នុងមួយឆ្នាំ ។
កាលពីឆ្នាំ២០២៣កន្លងទៅ ថៃអាចនាំចេញទុរេនទៅកាន់ប្រទេសចិននៅក្នុងតម្លៃសរុបប្រមាណជា២,៧ពាន់លានដុល្លារ ដោយកាន់កាន់ទីផ្សារ៦៨ភាគរយ ហើយថៃក៏កំពុងតែទទួលស្គាល់វៀតណាមជាដៃគូប្រកួតប្រជែងមួយដ៏ចំបងរបស់ខ្លួន ។ ចំណែក កម្ពុជា នៅមិនទាន់អាចនាំចេញបាននៅឡើយ ។ សម្រាប់ទីផ្សារទុរេននៅចិន កម្ពុជាបានកំពុងតែដំណើរការស្នើសុំការអនុញ្ញាតពីចិន នៅក្នុងសេចក្តីសង្ឃឹមថា អាជ្ញាធរចិននឹងយល់ព្រមនៅក្នុងរង្វង់ឆ្នាំក្រោយ ។
ដំណាំទុរេន គឺជាដំណាំមានសក្តានុពលមួយ ដោយកម្ពុជាអាចដាំបាននៅក្នុងខេត្តរហូតដល់៩ ។ ខេត្តទាំងនោះរួមមាន កំពត កំពង់ចាម ត្បូងឃ្មុំ រតនៈគីរី មណ្ឌលគីរី បាត់ដំបង ពោធិសាត់ កោះកុង និង កំពង់ធំ ។ នៅក្នុងខេត្តទាំងនេះ កម្ពុជាមានផ្ទៃដីសម្រាប់ធ្វើចំការដាំទុរេនសរុបប្រមាណជា ៥.៣០០ ហិកតា ដោយនៅក្នុងនោះជាង ៣.៤០០ ហិកតា ជាផ្ទៃដីដែលកសិករកំពុងតែប្រមូលផលទុរេនស្រាប់សម្រាប់ផ្គត់ផ្គង់ទីផ្សារបានប្រមាណជា ៣៦.៧០០ តោន។
សម្រាប់កម្ពុជាប្រសិនបើចង់នាំចេញទៅចិន មិនត្រឹមតែសុំការអនុញ្ញាតការយល់ព្រមពីអាជ្ញាធរចិនទេ កម្ពុជាក៏ត្រូវតែពង្រីកការដាំដុះទុរេនផងដែរ ពីព្រោះនៅពេលនេះទំហំផលិតកម្មទុរេននៅកម្ពុជាមានទំហំ តូចណាស់ ។ ដំណាំទុរេនកម្ពុជាកុំថាឡើយដល់ទៅនាំចេញ សូម្បីតែផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកក៏តូចដែរ រហូតដល់ប្រឈមមុខនឹងការនាំចូលពីប្រទេសជិតខាង ជាពិសេស គឺវៀតណាម និង ថៃជាច្រើនផងដែរ ៕
ចែករំលែកព័តមាននេះ