ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម កែវ រ៉េមី ៖ ការបំផុសស្មារតីដល់ក្មេងៗ​ឱ្យស្រឡាញ់កីឡា ដើម្បីចៀសឱ្យ​ឆ្ងាយពីគ្រឿង​ញៀ.ន

3 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ថ្លែងក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ITF នៃកីឡាជាតិ ២០២៤ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម…

​រាជធានីភ្នំពេញ ៖ ថ្លែងក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ITF នៃកីឡាជាតិ ២០២៤ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡា​តេក្វាន់ដូ ITF កម្ពុជាបានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យស្រឡាញ់កីឡា ជារឿងសំខាន់ណាស់ ដែលអាចបំផុសស្មារតីឱ្យក្មេងៗចូលរួមលេងកីឡា គាំទ្រកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយ​មុខផ្សេងៗ ក្នុងសង្គមជាតិ។

ឯកឧត្តម កែវ រ៉េមី ក៏បានបំផុសឱ្យក្រសួង រាជធានី ខេត្ត ក៏ដូចជាក្លឹបតេក្វាន់ដូ ITF ទាំងអស់បន្តលើកទឹកចិត្តដល់កុមារ យុវជនឱ្យស្រឡាញ់ និងលេងកីឡាឱ្យបានច្រើនកុះករ ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនី និងការគាំទ្រដល់វិស័យកីឡាកាន់តែរីកចម្រើន។ បន្ថែមពីលើនេះ ឯកឧត្តមប្រធានសហព័ន្ធក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ប្រតិភូ កីឡាករ កីឡាការិនីមកពីក្រសួង រាជធានីខេត្ត ទាំង១៤ ដែលជំរុញឱ្យការប្រកួតនេះទទួលបានជោគជ័យ ក្នុងន័យបន្តការអភិវឌ្ឍជំនាញកីឡាមួយនេះឱ្យឆ្ពោះទៅស្វែងរកមេដាយជូនជាតិពីលើឆាកអន្តរជាតិបន្តទៀត។

បន្ថែមពីលើនេះ ឯកឧត្តម កែវ រ៉េមី ក៏បានផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនីឱ្យខិតខំដុសខាត់សមត្ថភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈមន្ត្រីអាជ្ញាកណ្តាល ចៅក្រមតេក្វាន់ដូ ITF ទាំងអស់ក៏ត្រូវបានឯកឧត្តមប្រធានណែនាំឱ្យដឹកនាំគ្រប់ការប្រកួតទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ដាក់ពិន្ទុប្រកបដោយភាពសុក្រិតយុត្តិធម៌ ឥតលម្អៀង ដើម្បីលើកតម្កើងដល់ការអភិវឌ្ឍជំនាញកីឡានេះឱ្យស្អាតស្អំ និងបន្តភាពរីកចម្រើនតទៅមុខឥតឈប់ឈរ។ ការកាត់សេចក្តីផ្តល់ពិន្ទុក្នុងភាពសុក្រិតយុត្តិធម៌នេះ ក៏បានផ្តល់ការគាំទ្រលើកទឹកចិត្ដដល់ការខិតខំហ្វឹកហាត់ និងប្រកួតរបស់កីឡាករ កីឡាការិនីមកពីអង្គភាពនានាដូចគ្នាផងដែរ។

លោក ហ៊ឹម រីដា អគ្គលេខាធិការរង សហព័ន្ធកីឡាសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអេហ្វកម្ពុជាបានជម្រាបជូនពីលទ្ធផលនៃការប្រកួតរយៈពេល៤ថ្ងៃពីថ្ងៃទី០៥-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ គឺក្រសួងមហាផ្ទៃ ឈរលេខ១ មេដាយមាស១០​គ្រឿង ប្រាក់២ និងសំរឹទ្ធ៣, លេខ២ ក្រសួងសេដ្ឋកិច្ច មេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ១ ខណៈ​លេខ៣ ខេត្តបន្ទាយមានជ័យ មាស១ និងសំរឹទ្ធ២ ខណៈខេត្តកោះកុង មេដាយប្រាក់៣ និងសំរឹទ្ធ៤។

ចំពោះគ្រូបង្វឹក កីឡាការិនីចូលរួមប្រកួតកីឡាជាតិ លើប្រភេទកីឡាតេក្វាន់ដូ ITF មានចំនួន ១៧៨នាក់ ក្នុងនោះកីឡាករ ១០០នាក់ និងកីឡាការិនី ៦២នាក់។ ចំពោះចំនួនកីឡាករ កីឡាការិនីតេក្វាន់ដូ ITF ចូលរួមប្រកួតតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះ មានចំនួនកើនឡើងជាងកីឡាជាតិ កាលពីលើកទី៣ ឆ្នាំ២០២២កន្លងទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ