ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់​ដឹង?មាន​បឹង​ទន្លេសាប​ខ្នាត​តូច​បង្កប់ខ្លួន​​ក្នុង​សាកលវិទ្យាល័យ​ល្បី​មួយ​កណ្តាល​ក្រុងភ្នំពេញ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ឃើញ​ប្រាសាទអង្គរវត្ត​ខ្នាត​តូច​ពុំដែល​ដឹង​សោះ​ថា បឹង​ទន្លេសាប​ក៏​មាន​ខ្នាត​តូច​ដែរ ហើយ​តូច​ជាង​ទំហំ​ពិត​រាប់រយ​ដង​ឯណោះ​នៅ​ក្នុង​បរិវេណ​សួនច្បារ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ក្រៅពី​ភាព​ល្បីល្បាញ​លើ​គុណភាព​អប់រំ​ដែល​បាន​បណ្ដុះ​ធនធានមនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់ ចាប់តាំងពី​សង្គមរាស្ត្រនិយម​មក សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​មាន​ចំណុច​ពិសេស​រាប់​មិន​អស់…

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ឃើញ​ប្រាសាទអង្គរវត្ត​ខ្នាត​តូច​ពុំដែល​ដឹង​សោះ​ថា បឹង​ទន្លេសាប​ក៏​មាន​ខ្នាត​តូច​ដែរ ហើយ​តូច​ជាង​ទំហំ​ពិត​រាប់រយ​ដង​ឯណោះ​នៅ​ក្នុង​បរិវេណ​សួនច្បារ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

ក្រៅពី​ភាព​ល្បីល្បាញ​លើ​គុណភាព​អប់រំ​ដែល​បាន​បណ្ដុះ​ធនធានមនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់ ចាប់តាំងពី​សង្គមរាស្ត្រនិយម​មក សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​មាន​ចំណុច​ពិសេស​រាប់​មិន​អស់ ហើយ​ក្នុង​ចំណោម​នោះ គឺជា​បរិស្ថាន​បៃតង​ស្រស់ សម្រស់​ដើម​ជ្រៃក្រឹម សម្បូរ​ម្លប់ ទឹក​បឹង​ដ៏​ធំ បូក​ផ្សំ​ជាមួយនឹង​សំណង់​ស្ថាបត្យកម្ម​ដ៏​ទាក់ទាញ ។

ដោយសារ​តែ​ចំណុច​លេចធ្លោ​ទាំងនេះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ស្រូប​ទាញ​មហាជន យុវជន សិស្ស​និស្សិត​មក​ពី​តំបន់​ជុំវិញ​យក​ជាទី​ណាត់ជួប សម្រាកលំហែ​ខួរក្បាល ផឹក​កាហ្វេ លេង​កីឡា និង​ជា​កន្លែង​ដ៏​សាក​សម​សម្រាប់​ការ​អាន​សៀវភៅ ។

ថ្មី​ៗ​នេះ អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​លើ​បណ្តាញ​សង្គម​ផ្ទុះ​ការ​ចាប់អារម្មណ៍​នោះ នៅ​ក្នុង​បរិវេណ​ដ៏​ស្រស់​ស្អាត​នៃ​សក​សល​វិទ្យាល័យ​ដ៏​ល្បី​មួយ​នេះ មាន​បង្កប់​កូន​បឹង​ទន្លេសាប ឬ​បឹង​ទន្លេសាប​តូច ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យក​គំរូ​តាម​រូបរាង​បឹង​ទន្លេសាប​របស់​កម្ពុជា ដែល​ជា​បឹង​ទឹកសាប​ដ៏​ធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។

តាម​រយៈ​គណនី​ហ្វេ​ស​បុក ឯកឧត្តម​សា​ស្រា​ចា​រ្យ ជេ​ត ជាលី សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្ហោះ​រូបថត បឹង​ទន្លេសាប​តូច​នេះ ដោយ​រៀបរាប់​ក្នុង​ខ្លឹមសារ​ថា​៖ «​យើង​បាន​បង្រួម​ទំហំ​ពិត​របស់​ទន្លេសាប​ខ្មែរ​រាប់រយ​ដង ឲ្យ​មក​នៅ​តូច​ល្មម​នៅ​ក្នុង​សួន​ក្រោយ​អគារ A ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ បឹង​ទន្លេសាប​តូច​នេះ បើ​ទោះបីជា​មិន​ដូច​ទាំងស្រុង ក៏​ទី​នេះ​បាន​បម្រើ​ជា​កន្លែង​សម្រាកលំហែ​របស់​ប្អូន​ៗ​និស្សិត​ក្រោយ​ការ​សិក្សា​»​។

គួរ​កត់​សម្គាល់ថា ឯកឧត្តម​សា​ស្រា​ចា​រ្យ ជេ​ត ជាលី ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់​ថា ក្រៅ​ផ្តោត​លើ​គុណភាព​អប់រំ សាកល​វិទ្យា​ធិ​ការ រូប​នេះ​តែង​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​ខ្លាំងក្លា​លើ​បញ្ហា​បរិស្ថាន​អនាម័យ​និង​ភាព​បៃតង​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

លោក​សាកល​វិទ្យា​ធិ​ការ ជេ​ត ជាលី ធ្លាប់​មាន​ប្រសាសន៍​លើក​ឡើង​ថា « យើង​ចំណាយពេល​មិន​តិច​ជាង​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​កន្លែង​ដែល​ពួក​យើង​ធ្វើការ​។ មាន​ន័យ​ថា មួយ​ភាគ​បី​នៃ​ជីវិត​របស់​យើង​នៅ​ទី​នេះ​។ ដូច្នេះ ពួក​យើង​រួម​ជាមួយ​ប្អូន​ៗ​និស្សិត​បាន​ធ្វើ​ឲ្យ​ទី​នេះ​មាន​បរិយាកាស​ល្អ​។ ខ្ញុំ​សង្កេត​ឃើញ​គ្រួសារ RUPP យើង​បាន​រួម​គ្នា​សំអាត​និង​ការពារ​ទី​នេះ​បាន​យ៉ាង​ល្អ​។ មាន​មនុស្ស​ជា​ច្រើន​បាន​ទទួលយក​ភាព​ស្រស់ស្រាយ​ទាំងនេះ​ជាមួយ​គ្រួសារ RUPP យើង​។​»

ថ្មី​ៗ​នេះ លោក​សកលវិទ្យា​ធិ​ការ​ក៏​បាន​បញ្ជាក់​ពី​ការ​រៀបចំ​បន្ថែម​នូវ​កន្លែង​ស្តុក​សំរាម​ធំ សម្រាប់​សាកលវិទ្យាល័យ​ទាំងមូល និង​បាន​ប្រែក្លាយ​ពី​តំបន់​ដែល​ធ្លាប់តែ​មាន​សភាព​មិនល្អ បរិស្ថាន​មិន​ស្អាត ខ្លិ​ន​ស្អុយ ទៅ​ជាទី​កន្លែង​ដែល​សិក្សា​នុ​សិស្ស​អាច​មក​អង្គុយ​លេង និង​អាន​សៀវភៅ​បាន​យ៉ាង​ស្រស់ស្រាយ​។

ឯកឧត្តម​សា​ស្រា​ចា​រ្យ ជេ​ត ជាលី សង្កត់ធ្ងន់​ថា នៅ​ពីក្រោយ​ភាព​ស្រស់​ស្អាត​របស់​សកល​វិទ្យា​ល័យ ក្រៅពី​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​ក្រុម​និ​សិ​ត្ស​នោះ គឺ​មាន​ក្រុមការងារ The Clean និង ក្រុមការងារ​អនាម័យ សណ្តាប់ធ្នាប់​របស់​សកល​វិទ្យាល័យ​គឺ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សំអាត​ទីធ្លា​សាកលវិទ្យាល័យ​យើង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​៕

កែសម្រួលដោយ