រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង នៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យសម្ភារមួយចំនួន នៅជាន់ទី២ រងការខូចខាតទាំងស្រុង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ បាញ់ពន្លត់ ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្ទះខាងលើ បានចាក់សោទុកចោល ស្រាប់តែភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ នៅជាន់ទី២ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច ទាក់ទងរថយន្តពន្លត់អគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ ។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង០៦និង៣០ ថ្ងៃដដែល ។
តាមនគរបាលបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលផ្ទះល្វែងទំហំ ០៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ បានរងការខូចខាត ក្នុងនោះសម្ភារៈ នៅជាន់ទី២ រួមមាន ៖ ទូរទឹកកក ចំនួន០១គ្រឿង, ម៉ាស៊ីនមីក្រូវ៉េវ ចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត បានរងការខូចខាតទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ ។ តាមមន្ត្រីនគរបាល បានឲ្យដឹងទៀតថា មូលហេតុកើតមានអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕










ចែករំលែកព័តមាននេះ