ខេត្តកំពង់ស្ពឺ ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ស្តីពីការអនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។
លោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានឱ្យដឹងថា ៖ ស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងផ្សារប៉ាង្គសី ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិចបានស្រកចុះផុតពីតួផ្លូវជាស្ថាពរ ។
អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង១៣:០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ ។
សូមរំលឹកផងដែរថា អាជ្ញាធរស្រុកគងពិសី និងមន្ទីរជំនាញធនធានទឹក ឧតុនិយម និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានបង្ខំចិត្តសម្រេចកាយបើកមុខទឹក ៣កន្លែង ដើម្បីពន្លឿនចរន្តទឹកហូរចេញពីផ្លូវជាតិលេខ៣ ដែលគិតមកទល់ម៉ោងនេះទឹកបានស្រកចុះវិញហើយ ។
លោក ស៊ូ សុន្ធរ៉ា បានឱ្យដឹងទៀតថា ស្ថានភាពទឹកនៅចំណុចចផ្សារត្រាំខ្នារបានស្រកចុះជាងមួយតឹក ក្រោយមន្ទីរជំនាញបានកាយផ្តាច់ ដើម្បីបើកមុខទឹកកាត់តាមបុរីអេសអ័រ រៀលអីស្ទេត(SR) ដែលសង់បិទមុខទឹក ។ ចំណុចមួយទៀត ស្ថិតនៅក្នុងភូមិអង្គខ្ជាយ ឃុំព្រៃវិហារ អាជ្ញាធរបានសម្រេចកាយបើកមុខទឹកសម្រួលដល់ចរន្តទឹកហូរចេញពីផ្លូវជាតិលេខ៣ ស្ថិតនៅក្បែរផ្សារប៉ាំងសីចំនួន២កន្លែង ដោយមួយកន្លែងត្រូវកាយផ្តាច់ផ្លូវ ដើម្បីបង្ហូរទឹកចូលទៅក្នុងប្រឡាយមេ ។
ទន្ទឹមនឹងការកាយផ្តាច់ផ្លូវនេះ លោក ស៊ូ សុន្ធរ៉ា បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រភូមិខ្ជាយនៃឃុំស្នំក្រពើ អាជ្ញាធរស្រុកក៏បានសម្រុកសាងសង់ស្ពានឈើមួយ រួចរាល់ទាំងយប់ឱ្យពលរដ្ឋបានឆ្លងកាត់បណ្តោះអាសន្នផងដែរ ។
រហូតមកដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ៖ យោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤៣ (ផ្សារត្រាំខ្ទារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែត្រលេខ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិចបានស្រកចុះ ផុតពីតួផ្លូវជាស្ថាពរ ។
អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង១៣:០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណ និងអរគុណចំពោះការចូលរួមរបស់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងបុព្វហេតុ ដើម្បីរួមគ្នាថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង ៕
ចែករំលែកព័តមាននេះ