ប្រទេសរុស្ស៊ី ៖ ការបង្ហូរឧស្ម័នតម្លៃថោករបស់រុស្ស៊ី ទៅកាន់បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបឆ្លងកាត់ប្រទេសអ៊ុយក្រែនបានបិទបញ្ចប់ជាស្ថាពរ បន្ទាប់ពីកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំអស់សពុលភាពជាផ្លូវការ ហើយក៏ជាការបិទបញ្ចប់លើការរៀបចំអស់រយៈពេលជាច្រើនទសវត្សរ៍។
បើតាមប្រភពពី BBC និង Reuters កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា អ៊ុយក្រែននឹងមិនអនុញ្ញាតឱ្យរុស្ស៊ីរកបានប្រាក់រាប់ពាន់លានដុល្លារបន្ថែមលើញើសឈាមអ៊ុយក្រែននោះទេ។ លោកបានសរសេរសារលើកម្មវិធីតេឡេក្រាម (Telegram) ថា ការបិទបញ្ចប់កិច្ចព្រមព្រៀងនេះ គឺជាបរាជ័យដ៏ធំបំផុតមួយរបស់ទីក្រុងម៉ូស្គូ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតដល់អឺរ៉ុប។
នៅក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលប៉ូឡូញបានប្រកាសថា ការកាត់ផ្តាច់របស់អ៊ុយក្រែន គឺជាជ័យជម្នះមួយផ្សេងទៀត ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ស្របពេលគណៈកម្មការអឺរ៉ុបបានឱ្យដឹងថា សហភាពអឺរ៉ុបបានរៀបចំសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់មួយ ហើយសមាជិកភាគច្រើនអាចទប់ទល់បាន។ បើតាមប្រភពពី CNN បានរាយការណ៍ថា នៅពេលនេះអ៊ុយក្រែនប្រឈមនឹងការខាតបង់ប្រាក់ប្រហែល ៨០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្លៃដឹកជញ្ជូនពីប្រទេសរុស្ស៊ី ខណៈក្រុមហ៊ុនរដ្ឋរុស្ស៊ី Gazprom នឹងខាតបង់ជិត៥ពាន់លានដុល្លារពីការលក់ឧស្ម័ន។
ប្រទេសម៉ុលដាវី ដែលមិនស្ថិតក្នុងសហភាពអឺរ៉ុប កំពុងរងការខ្វះខាតឧស្ម័នរួចទៅហើយ ខណៈរុស្ស៊ីនៅតែអាចបង្ហូរឧស្ម័នទៅកាន់ប្រទេសហុងគ្រី តួកគី និងស៊ែប៊ី តាមរយៈបំពង់បង្ហូរ TurkStream ឆ្លងកាត់សមុទ្រខ្មៅ។ ក្រុមហ៊ុនរុស្ស៊ី Gazprom បានគូសបញ្ជាក់ថា ការនាំចេញឧស្ម័នតាមរយៈបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនទៅកាន់អឺរ៉ុបបានបញ្ឈប់ចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
លោក Constantin Borosan រដ្ឋមន្ត្រីថាមពលរបស់ប្រទេសម៉ុលដាវីបានឱ្យដឹងថា រដ្ឋាភិបាលម៉ុលដាវីបានចាត់វិធានការដើម្បីធានាការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព ប៉ុន្តែបានអំពាវនាវដល់ប្រជាពលរដ្ឋសន្សំសំចៃខ្ពស់ ខណៈដែលភាពអាសន្នរយៈពេល៦០ថ្ងៃ នៅក្នុងវិស័យថាមពលកើតឡើងតាំងពីពាក់កណ្តាលខែធ្នូមកម្ល៉េះ។
រុស្ស៊ីបាននាំចេញឧស្ម័នទៅអឺរ៉ុបឆ្លងកាត់អ៊ុយក្រែនចាប់តាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ហើយឥទ្ធិពលយុទ្ធសាស្ត្រ និងនិមិត្តរូបអឺរ៉ុបទាំងមូលគឺធំធេងខ្លាំងណាស់។ រុស្ស៊ីបានបាត់បង់ទីផ្សារដ៏សំខាន់មួយរបស់ខ្លួន ប៉ុន្តែលោកប្រធានាធិបតី វ្ល៉ាដឺមៀ ពូទីន (Vladimir Putin) បានអះអាងថា បណ្តាប្រទេសសហភាពអឺរ៉ុបនឹងរងទុក្ខច្រើនបំផុត។ សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ីយ៉ាងច្រើន ចាប់តាំងពីប្រទេសនេះ បើកការលុកលុយពេញលេញលើប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ ២០២២ ប៉ុន្តែប្រទេសជាសមាជិកភាគខាងកើតមួយចំនួន នៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីរុស្ស៊ីប្រហែល៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៥.២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សមាជិកសហភាពអឺរ៉ុបមួយចំនួនរួមទាំង ស្លូវ៉ាគី និងអូទ្រីស បានបន្តនាំចូលឧស្ម័នជាច្រើនពីរុស្ស៊ី។ ចំណែកនិយតករថាមពលប្រទេសអូទ្រីសបានអះអាងថា ខ្លួនមិនបានព្យាករណ៍ពីការរំខានណាមួយចំពោះការកាត់ផ្តាច់នេះឡើយ ដោយសារតែប្រភពចម្រុះ និងការបង្កើតទុនបម្រុងឧស្ម័នគ្រប់គ្រាន់។
តាមពិតសហភាពអឺរ៉ុបបានរកឃើញប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ពីកាតា និងសហរដ្ឋអាមេរិក ក៏ដូចជាឧស្ម័នតាមបំពង់បង្ហូរពីប្រទេសន័រវេស ជំនួសរុស្ស៊ីរួចទៅហើយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ កាលពីខែធ្នូ ឆ្នាំ ២០២៤ គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវផែនការដើម្បីជំនួសទាំងស្រុងនូវការងបង្ហូរឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ