ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្មប្រកាសឲ្យពលរដ្ឋធ្វើផ្អក ប្រហុក ត្រីឆ្អើរ ចាប់ផ្តើមត្រូវម្តងទៀត ចាប់ពីថ្ងៃទី២ ដល់១០ ខែមករានេះ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី គួរ​រួសរាន់​មក​ទិញ​ត្រី ចាប់ពី​ថ្ងៃ​២…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី គួរ​រួសរាន់​មក​ទិញ​ត្រី ចាប់ពី​ថ្ងៃ​២ ដល់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២៤-២០២៥ តាម​ការ​សង្កេត​បន្ទាប់​ពី​ខ្នើត​ខែ​មិគសិរ​កន្លង​មកនេះ ត្រី​ក៏​បន្ត​បន្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល​ដល់​ការ​ធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជា​ពិសេស​គន្លង​ដោយ​ត្រី​តាម​ដង​ទន្លេសាប នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ដល់​ថ្ងៃ​សុក្រ ១២​កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ក្នុង​ករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួល​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង ។

សេចក្តីជូនដំណឹង​ដដែល​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ៖ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី គួរ​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី តាម​ពេលវេលា និង​ទីកន្លែង​ដូច​មាន​ក្នុង​សេចក្តីជូនដំណឹង​នេះ ។

ទន្ទឹម​នេះ​រដ្ឋបាល​ជលផល​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្នាក់​នៅ និង​ដឹក​ជញ្ជូន​ផល​ផលិតផល​ត្រី ដោយ​រលូន និង​តាម​ការ​គួរ ។

គួរ​បញ្ជាក់​ថា រដ្ឋបាល​ជលផល​ធ្លាប់​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចង់​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី​ម្តង​រួច​មក​ហើយ ចាប់ផ្ដើម​ត្រូវ​ចាប់ពី​ថ្ងៃ​ទី​០៨ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ។ ត្រី​ប្រហុក​ដែល​ត្រូវ​ច្រើន​នេះ គឺ​បន្ទាប់​ពី​ត្រី​ចាប់ផ្ដើម​បន្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ