ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូតរន្ទះបា.ញ់ឆ.ក់យកជីវិតកីឡាករបាល់ទាត់ម្នាក់ និងរបួស៥នាក់ ក្នុងប្រទេសប៉េរូ

2 អាទិត្យ មុន

ប្រទេសប៉េរូ ៖ រន្ទះបាញ់ដ៏សាហាវបានឆក់យកជីវិតកីឡាករបាល់ទាត់អាយុ ៣៤ឆ្នាំម្នាក់ និងកីឡាករ៥នាក់ផ្សេងទៀតរបួស អំឡុងពេលការប្រកួតនៅក្នុងប្រទេសប៉េរូ។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន The Guardian និង…

ប្រទេសប៉េរូ ៖ រន្ទះបាញ់ដ៏សាហាវបានឆក់យកជីវិតកីឡាករបាល់ទាត់អាយុ ៣៤ឆ្នាំម្នាក់ និងកីឡាករ៥នាក់ផ្សេងទៀតរបួស អំឡុងពេលការប្រកួតនៅក្នុងប្រទេសប៉េរូ។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន The Guardian និង ESPN ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រកួតបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុន រវាងក្រុម Juventud Bellavista និងក្រុម Familia Chocca ដែលធ្វើឡើងនៅក្នុងខេត្ត Huancayo ចម្ងាយប្រហែល ៧០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងលីម៉ា (Lima) ត្រូវបានបញ្ឈប់នៅពេលរន្ទះបានបាញ់ជាលើកទី១ ប៉ុន្តែជាអកុសល អំឡុងពេលកីឡាករទាំងអស់ដើរចេញពីទីលាន ស្រាប់តែរន្ទះកំណាចបានបាញ់ជាលើកទី២ សំដៅកីឡាករលើទីលានតែម្តង។ ខ្សែវីដេអូបានបង្ហាញពីកីឡាករចំនួន៨នាក់បានដួលរដូករណែលនៅលើស្មៅ ក្រោយការវាយប្រហារដោយរន្ទះកំណាចលើកទី២។

សាលាក្រុងក្នុងតំបន់បានចេញសេចក្តីថ្លែងមួយថា កីឡាករ Hugo de la Cruz ដែលជាខ្សែការពាររបស់ក្រុម Familia Chocca បានស្លាប់បាត់បង់ជិវីតលើរថយន្តសង្គ្រោះតាមផ្លូវទៅកាន់មន្ទីរពេទ្យ។ សាលាក្រុងក្នុងតំបន់បានសម្តែងការចូលរំលែកទុក្ខចំពោះគ្រួសារសព និងសូមជូនពរកីឡាករផ្សេងទៀតឆាប់ជាសះស្បើយពីរបួសក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មនេះ។ កីឡាករ២នាក់របួសស្រាល ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈ២នាក់ទៀតស្ថិតក្រោមការតាមដានពីក្រុមគ្រូពេទ្យ និងម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

គួរបញ្ជាក់ថា កីឡាករ Hugo de la Cruz គឺជាកីឡាករបាល់ទាត់ដែលស្លាប់ដោយសាររន្ទះបាញ់ដំបូងគេនៅ​ទីនោះ។ ប៉ុន្តែទោះយ៉ាងណា នៅទូទាំងពិភពលោក រន្ទះបានឆក់យកជីវិតកីឡាករបាល់ទាត់ជាច្រើនរួចទៅហើយ។ តួយ៉ាង នៅក្នុងឆ្នាំ ២០១៨ ខ្សែបម្រើសញ្ជាតិអាហ្រ្វិកខាងត្បូង Luyanda Ntshangase របស់ក្លិប Maritzburg United បានស្លាប់បាត់បង់ជីវិតដោយបាតុភូតរន្ទះបាញ់ អំឡុងពេលប្រកួតមិត្តភាព។

បើតាមរបាយការណ៍មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបង្ហាញថា ប្រហែល ៩០% នៃមនុស្សដែលត្រូវរន្ទះបាញ់នៅរស់រានមានជីវិត ប៉ុន្តែពួកគេអាចមានការរលាកធ្ងន់ធ្ងរ និងបាត់បង់ការចងចាំ៕ ដកស្រង់ ៖ The Guardian, ESPN, CAN និង New York Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ