ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព ពីព្រោះ​នៅ​ក្នុង​មួយ​ឆ្នាំ​អាច​មាន​ពលរដ្ឋ​ស្លាប់​ដល់​ទៅ​ជិត​៦​ម៉ឺន​នាក់​ដោយសារ​តែ​ជំងឺមិនឆ្លង​នៅ​ក្នុង​នោះ​មហារីក​មាន​ជិត​២​ម៉ឺន​នាក់ ។ តួរ​លេខ​នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​ដោយសារ​តែ​ជំងឺមិនឆ្លង​និង​ជំងឺមហារីក​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ដោយ​ក្រុម​អ្នកជំនាញ​សុខាភិបាល​កម្ពុជា នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ផែនការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ឆ្នាំ​២០២៥-២០៣០​កាលពី​ថ្ងៃ​ទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ។…

សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព ពីព្រោះ​នៅ​ក្នុង​មួយ​ឆ្នាំ​អាច​មាន​ពលរដ្ឋ​ស្លាប់​ដល់​ទៅ​ជិត​៦​ម៉ឺន​នាក់​ដោយសារ​តែ​ជំងឺមិនឆ្លង​នៅ​ក្នុង​នោះ​មហារីក​មាន​ជិត​២​ម៉ឺន​នាក់ ។

តួរ​លេខ​នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​ដោយសារ​តែ​ជំងឺមិនឆ្លង​និង​ជំងឺមហារីក​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ដោយ​ក្រុម​អ្នកជំនាញ​សុខាភិបាល​កម្ពុជា នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ផែនការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ឆ្នាំ​២០២៥-២០៣០​កាលពី​ថ្ងៃ​ទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ។

នៅ​ក្នុង​សិក្ខាសាលា​នេះ​បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​កត្តា​កំណើន​អាយុ កា​រវិ​វ​ឌ្ឍ សកលភាវូបនីយកម្ម និង​នគរូបនីយកម្ម រួម​ផ្សំ​និង​របៀប​រស់នៅ​ដែល​មិន​មាន​សុខភាព​ល្អ បាន​ធ្វើ​ឱ្យ​ជំងឺមិនឆ្លង​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក​។ ក្នុង​ចំណោម​ករណី​ស្លាប់​ទាំងអស់​មាន​៦០​ភាគរយ គឺ​បណ្តាល​មក​ពី​ជំងឺមិនឆ្លង​បួន​ប្រភេទ ដែល​ក្នុង​នោះ​មាន​ជំងឺមហារីក​ផង​ដែរ​។ តាម​ការ​ប៉ាន់ស្មាន ជា​រៀង​រាល់​ឆ្នាំ​មាន​អ្នក​ស្លាប់​បណ្តាល​មក​ពី​ជំងឺមហារីក​ប្រហែល​១០​លាន​នាក់ ក្នុង​ពិភពលោក ដោយ ក្នុង​នោះ​៧៥​ភាគរយ នៅ​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​។

ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា នៅ​ក្នុង​ចំណោម​ជំងឺមហារីក​ទាំងអស់ ជំងឺមហារីក​ថ្លើម​បាន​ដើរតួ​ចម្បង​ជាងគេ​ក្នុង​ចំណោម​ជំងឺមហារីក​ទាំងអស់​ដែល​កើត​លើ​ប្រជាជន​ទាំង​ពីរ​ភេទ បន្ទាប់​មក​គឺ ជំងឺមហារីក​សួត សុដន់ ពោះវៀនធំ និង​មាត់ស្បូន​។ ចំពោះ​ស្ត្រី ជំងឺមហារីក​ដែល​ឈរ​ជួរ​ទី​១ គឺ​មហារីក​សុដន់ បន្ទាប់​មក​គឺ​មហារីក​មាត់ស្បូន ថ្លើម ពោះវៀនធំ និង​សួត​។
នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ជំងឺមហារីក និង​ជំងឺ មិន​ឆ្លង​ផ្សេង​ទៀត ជា​រឿយ​ៗ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​កត្តា​របៀប​រស់នៅ និង​ការ​ទទួល​បានការ​ថែទាំ​សុខភាព​មាន​កម្រិត ស្រប​ពេល​ដែល​ឥរិយា​បទ​នៃ​ការ​ហូប​ចុក និង របប​អាហារ​របស់​ពលរដ្ឋ​នៅ​តែ​ជា​បញ្ហា​ប្រឈម និង កង្វះ​ការ​ប្រុង​ប្រយ័ត្ន ។

មក​ដល់​ពេល​នេះ ការ​ជក់បារី ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ភាព​អសកម្ម​រាង​កាយ ក៏​ដូច​ជា​ពពួក​អាហារ​ដែល​មិនសូវ​មាន​សុវត្ថិភាព​មួយ​ចំនួន គឺ​សុទ្ធតែ​កត្តា​រុញច្រាន​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​រស់នៅ​ជាមួយនឹង​ជំងឺ​ដ៏​កាច​សាហាវ​ទាំងនេះ ។ ដើម្បី​បង្ការ​ជំងឺមហារីក​និង​ជំងឺមិនឆ្លង​នៅ​កម្ពុជា វា​ទាមទារ​ទាំង​ការ​យល់​ដឹង​ជា​សាធារណៈ និង​ការ​អន្តរាគមន៍​ពីរដ្ឋាភិបាល​។ វិធានការ​បង្ការ​ត្រូវ​តែ​ផ្តោត​លើ​ការ​លើកកម្ពស់​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​ពង្រីក​លទ្ធភាព​ទទួល​បាន ការ​រក​ឃើញ និង​ការ​ព្យាបាល​ទាន់​ពេលវេលា​។
សារៈសំខាន់​ដូច​គ្នា​ដែរ​គឺ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ពិនិត្យ​មហារីក និង​សេវា​រក​ឱ្យ​ឃើញ​ទាន់​ពេល​នៃ​ជំងឺ​។

ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថែទាំ​សុខភាព និង​ការ​បណ្តុះបណ្តាល​អ្នកជំនាញ​វេជ្ជសាស្ត្រ​ក៏​នឹង​មាន​សារៈសំខាន់​ផង​ដែរ​នៅ​ក្នុង​ផែនការ​ជាតិ​គ្រប់គ្រង​ជំងឺមហារីក​។ ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​កម្ពុជា​ត្រូវ​តែ​ត្រូវ​បាន​បំពាក់​ដើម្បី​ដោះស្រាយ​បន្ទុក​ជំងឺមហារីក​ដែល​កើនឡើង​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺមហារីក ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​។ ក្រៅពី​នោះ​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន​ក៏​អាច​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្តល់​មូលនិធិ និង​កែ​លម្អ​ជម្រើស​នៃ​ការ​ព្យាបាល​ជំងឺមហារីក​នៅ​ក្នុង​តំបន់​ជនបទ និង​តំបន់​ដែល​ខ្វះខាត​។

ដោយឡែក​សាធារណជន​កម្ពុជា​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ​ជំងឺមហារីក​ដោយ​ប្រកាន់​យក​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​។ ការ​ជៀសវាង​ការ​ជក់បារី និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ ការ​រក្សា​របប​អាហារ​មាន​តុល្យភាព ការ​ចូលរួម​ក្នុង​សកម្មភាព​រាង​កាយ​ទៀងទាត់ និង​ការ​ចូលរួម​ក្នុង​កម្មវិធី​ពិនិត្យ​ដែល​មាន​គឺជា​វិធី​សាមញ្ញ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​និង​ជំងឺមិនឆ្លង​នានា​។ ការ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន រួម​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល និង​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​ប្រសើរ​ឡើង នឹង​មាន​សារៈសំខាន់​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ជំងឺមហារីក​និង​ជំងឺមិនឆ្លង​ក្នុង​ប្រទេស​កម្ពុជា​។

សរុប​មក​វិញ​សូម​ឲ្យ​សាធារណៈជន​ទាំងអស់​យកចិត្តទុកដាក់​ថែទាំ​សុខភាព​។ ដោយឡែក​ក្រសួងសុខាភិបាល​និង​មន្ទីរពេទ្យ​សូម​ជួយ​បន្ត​រៀបចំ ផែនការ​ជាតិ​គ្រប់គ្រង​ជំងឺមហារីក​និង​ជំងឺមិនឆ្លង​ឲ្យ​កាន់តែ​ប្រសើរ ហើយនឹង​តម្រូវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​នៅ​ទូ​ទាំង​ផ្នែក​រដ្ឋាភិបាល អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព និង​សហគមន៍​។ តាម​រយៈ​ការ​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ជំងឺមហារីក​និង​ជំងឺមិនឆ្លង ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ការ​លើកកម្ពស់​វប្បធម៌​ការពារ​សុខភាព កម្ពុជា​អាច​កាត់​បន្ថយ​ករណី​មហារីក​និង​ជំងឺមិនឆ្លង​អោយ​ធ្លាក់​ចុះ​តិច​ជាង​មុន និង​លទ្ធផល​សុខភាព​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន​។

សូម​ចង​ចាំ​ថា​សុខភាព​ជា​ទ្រព្យ​។ ប្រទេស​ជាតិ​មួយ​មាន​មនុស្ស​ឈឺ​ច្រើន វា​នឹង​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ខ្លួនឯង សម្រាប់​គ្រួសារ និង ប្រទេស​ជាតិ​។ ទន្ទឹម​នោះ វា​ក៏​ធ្វើ​អោយ​ធ្លាក់​ចុះ​ផលិតភាព​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ផង​ដែរ ​។ ដូច្នេះ វា​ចាំបាច់​ត្រូវធ្វើ​អោយ​ប្រាកដ​ថា​កម្ពុជា​មាន​ប្រព័ន្ធ​ថែទាំ​សុខភាព​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​ដល់​ប្រជាជន​អោយ​មាន​សុខភាព​ល្អ​។ សុខភាព​ប្រជាជន​ល្អ​គឺ​មាន​ន័យ​ថា​ផលិតភាព​សេដ្ឋកិច្ច​កាន់តែ​ខ្ពស់ ហើយ ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ