ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំគុនខ្មែរត្រូវយកចិត្តទុកដាក់លើការផ្គូផ្គងកីឡាករឡើងវិញ!

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នកីឡាប្រដាល់គុន​ខ្មែរ កំពុង​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ទាំង​គុណភាព​កីឡាករ​ជួរ​មុខ និង​ថ្នាល​យុវជន ។ ទន្ទឹម​នឹង​នោះ ក្បាច់គុន​ដូនតា​ខ្មែរ​មួយ​នេះ កំពុង​ត្រូវ​បាន​បរទេស​ទទួលស្គាល់​ជា​អន្តរជាតិ​ធ្វើឱ្យមានការ​នាំ​យក​កីឡាករ​គុន​ខ្មែរ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ញឹកញាប់​។…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នកីឡាប្រដាល់គុន​ខ្មែរ កំពុង​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ទាំង​គុណភាព​កីឡាករ​ជួរ​មុខ និង​ថ្នាល​យុវជន ។ ទន្ទឹម​នឹង​នោះ ក្បាច់គុន​ដូនតា​ខ្មែរ​មួយ​នេះ កំពុង​ត្រូវ​បាន​បរទេស​ទទួលស្គាល់​ជា​អន្តរជាតិ​ធ្វើឱ្យមានការ​នាំ​យក​កីឡាករ​គុន​ខ្មែរ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ញឹកញាប់​។ សកម្មភាព​នេះ​បង្ហាញ​ពី​សក្តានុពល​ជា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​គុន​ខ្មែរ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ធំ​ៗ​ក្នុងស្រុកដែលធ្វើ​ឱ្យ​ជីវភាព​កីឡាករ​កម្ពុជា មានកា​រវិ​វត្ត​ឈាន​ឡើង​ខុស​ប្លែក​ពី​សម័យ​អតីតកាល​ខ្លាំង ព្រោះ​តម្លៃ​ខ្លួន​កីឡាករ​ជួរ​មុខ​កម្ពុជា​ម្នាក់​ៗ ក្នុង​ពេល​បច្ចុប្បន្ន​ អាច​និយាយ​បាន​ថា កើន​លើស​ពី​មុន​១០​ដង​ឯណោះ​។

ទោះបី​យ៉ាងណា ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ក្នុងស្រុក​ ក៏​គេ​ឃើញ​មានការ​រើសអើង​កីឡាករ​ផង​ដែរ​ដោយ​ភាគច្រើន​ពួក​គេ​មាន​តម្រូវការ​តែ​កីឡាករ​ខ្លាំង​ៗ និង​ល្បី​ប៉ុណ្ណោះ​ឱ្យ​ឡើង​សង្វៀនញឹកញាប់ស្ទើររកពេលសម្រាកគ្មាន ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ទាំងនោះ​ត្រូវ​ធ្វើការ​ហួសកម្លាំង​ ​គ្មាន​ពេល​សម្រាក​ស្ដារ​កម្លាំង​ និង​ព្យាបាល​របួស​ឱ្យ​បានជា​សះស្បើយ ​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​រាង​កាយ​យ៉ាងធ្ងន់ធ្ងរ ​។

ក្នុង​ពិធី​ថ្លឹង​ទម្ងន់​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​បវរ​ធិ​បតី​កាលពី​ពេលកន្លងទៅ កីឡាករ ឡុ​ង សុ​ភី ដែល​ធ្លាប់​ជា​កីឡាករ​លំដាប់​ជួរ​មុខ​មួយ​រូប​បាន​លើក​ឡើង​ថា ការ​ប្រកួត​រាល់​ស​ប្តា​ហ៍ ឬ​ប្រកួត​៣​ទៅ​៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ ​។

លោកថា កីឡាករ​ឲ្យ​តែ​វ៉ៃ​ញាប់​គឺ​ពុក​ហើយ​។ ដូច​ទឹក​ស្រក់​លើ​ថ្ម​អ៊ីចឹង យូរ​ៗ​នឹង​ស្រាំ ឬ​ធ្លុះ តែ​កីឡាករ​វ៉ៃ​ល្អ​បំផុត​២​ដង​ក្នុង​មួយ​ខែ​។ វ៉ៃ​មួយ​អាទិត្យ សម្រាក​មួយ​អាទិត្យ ពីព្រោះ​សម្រាក​មួយ​អាទិត្យ យើង​ព្យាបាល​ខ្លួន​បាន​ល្អ​។ ក្នុង​រយៈពេល​មួយ​អាទិត្យ យើង​អាច​ព្យាបាល​របួស​បានជា​សះស្បើយ​ហោច​ណាស់​៨០​ទៅ​៩០% តែបើ​យើង​វ៉ៃ​រាល់​អាទិត្យ វ៉ៃ​យូរ​ខ្ទាំ​សាច់ ខ្ទាំ​ឆ្អឹង បាក់ដៃ បាក់ជើង បាក់​ថ្គាម​លឿន ឲ្យ​តែ​បើកមុខ​ឲ្យ​គេ​វ៉ៃ​។

ឡុ​ង សុ​ភី សង្កត់ធ្ងន់​ថា ប្រសិនបើ​កីឡាករ​ក្នុង​មួយ​ខែ​ប្រកួត​៤​ទៅ​៥​ដង​គឺ​មិនយូរ​នឹង​ប៉ះ
ពាល់​ដល់​ផ្នែក​ណាមួយ​មិន​ខាន​។ ទោះបីជា​វ៉ៃ​ត្រូវ​គេ ប៉ុន្តែ​គេ​ក៏​វ៉ៃ​ត្រូវ​យើង​វិញ​ដែរ តែបើ​វ៉ៃ​គេ​សន្លប់​លឿន​អត់​សូវ​អី​ទេ​។ បើ​វ៉ៃ៣​ទៅ​៥​ទឹក​ពេញ​ៗ​រាល់​ស​ប្តា​ហ៍ មិនយូរ​ទេ​គឺ​ប៉ះពាល់ខួរក្បាល បើ​មិន​ឆ្គួ​ត ក៏​សរសៃប្រសាទ​ដែរ​ ។ ពេល​ឥឡូវនេះ​មិនសូវ​កើត​បញ្ហា​អី​ទេ តែ​ដល់​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ​ចាប់ផ្តើម​មាន​បញ្ហា​ដល់​ខួរក្បាល ដូច​ជា​ភ្លេចភ្លាំង ឬ​សរសៃប្រសាទរ​ជាដើម​។

ទោះបីជា​យ៉ាងណា ឡុ​ង សុ​ភី បាន​បញ្ជាក់​ថា ប្រសិនបើ​អត់​បាន​ប្រកួត​យូរ​ក៏​មិនល្អ​ដែរ ក្នុង​នោះ​បាត់បង់​ចំណូល​ចិញ្ចឹមជីវិត​។ ក្បាច់ អាវុធ និង​កម្លាំង​ស៊ុ​ហ្វ​មិនល្អ ប្រសិនបើ​ខកខាន​ឡើង​សង្វៀន​ចាប់ពី​៣​ខែ​ឡើង​ទៅ​ ។ បច្ចុប្បន្ន លោក មិនសូវ​បាន​ឡើង​ប្រកួត​ញឹកញាប់​ទេ បន្ទាប់​ពី​វ័យ​កាន់តែ​ច្រើន​ ។ ជា​ពិសេស​ក្បាច់​វ៉ៃ​របស់​ខ្លួន​មិនល្អ​ដូច​មុន​ឡើយ ហើយ​ទម្ងន់​ក៏​កាន់តែ​ធ្ងន់​។ ក្នុង​អាជីព​ប្រដាល់​លោកធ្លាប់​ឈ្នះ​ខ្សែក្រវាត់​៨​ខ្សែ ហើយ​ដៃគូ​ដ៏​ជក់ចិត្ត​គួរ​ឲ្យ​ចង​ចាំ​បំផុត​សម្រាប់​អ្នកគាំទ្រ​គឺ កែវ រំ​ចង់​។

ដោយ​មើលឃើញ​បញ្ហា​នេះ ក្នុង​ឱកាស​​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុមបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​កីឡាករ​គុន​ខ្មែរកាលពីដើម ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រណ៍ជ្រោយចង្វារ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ផ្តល់​យោបល់ និង​ណែនាំ​ដល់​អ្នកគ្រប់គ្រង​កីឡា​គុន​ខ្មែរ ត្រូវ​តែ​ពិនិត្យ និង​មិន​ត្រូវ​ចាប់​ផ្គូផ្គង​កីឡាករ​ឱ្យ​ឡើង​ប្រកួត​នៅ​ក្នុង​១​ស​ប្តា​ហ៍​ម្តងនោះ​ទេ។ ការ​ធ្វើ​បែប​នេះ​នឹង​នាំ​ឱ្យ​កីឡាករ​មាន​របួស​មិន​ទាន់​ជា​ជា​សះស្បើយ​ផង​ត្រូវ​ប្រកួត​ម្តងទៀត ចំណុច​នេះ​នឹង​ធ្វើ​ឱ្យ​កីឡាករ កីឡាការិនី​កម្ពុជា ប៉ះពាល់​សុខភាព​។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា កីឡា​គុន​ខ្មែរ​កំពុង​មានការ​រីក​ចម្រើន ប៉ុន្តែ​ការ​រីក​ចម្រើន​នេះ ប្រមូលផ្តុំ​នៅ​តែ​រាជធានី​ភ្នំពេញ​ ។ កីឡា​គុន​ខ្មែរ នឹង​រីក​លូតលាស់​ជាង​នេះ បើ​មានការ​គាំទ្រ​ដិត​ដល់​ ។ អ្នកកីឡា​របស់​កម្ពុជា បាន​ឆ្លងកាត់ និង​ចាប់ផ្តើម​ពង្រឹង​ខ្លួន​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សុីហ្គេ​ម រហូត​មក​ដល់​ពេល​នេះ​ ។ ប៉ុន្តែ យើង​ក៏​ត្រូវ​ទទួលស្គាល់​ថា​អ្នកកីឡា​របស់​យើង​ហត់នឿយ​ពេក​ហើយ​នៃ​ការ​ប្រកួត​ប្រចាំ​ស​ប្តា​ហ៍ គឺ​ក្នុង​១​ថ្ងៃ ឬ​ជួនកាល ១​អាទិត្យ​ឡើង​ប្រកួត​ម្តង គឺ​មិន​អាច​ទៅ​រួច​ទេ ធ្វើ​បែប​នេះ​ខូច​កីឡា​ករអស់ហើយ ការ​ផ្គូផ្គង​កីឡាករ សូម​ឱ្យ​ថ្នាក់ដឹកនាំ​កីឡា​គុន​ខ្មែរត្រូវ​យកចិត្តទុកដាក់​ មិន​អាច​ចេះ​តែ​ធ្វើ​ទៅ​តាម​ចំណង់​ចំណូលចិត្តនោះទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ទទួលស្គាល់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​ក៏​ខ្វះខាត​កីឡាករ​ប្រកួត​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ