ខេត្តកំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងបាន និងកំពុងហក់ឡើងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២៤ កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារប៉ាំងសី នៃឃុំព្រៃវិហារ និងចំណុចក្បែរផ្សារត្រាំខ្នា នៃឃុំជង្រុក ។ នេះបើយោងតាមការឱ្យដឹងពី លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី ។
លោក ហន ពិសិដ្ឋ បានឱ្យដឹងនៅព្រឹក ថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២៤ថា ស្ថានភាពទឹកបានហក់ឡើងជាងកាលពីម្សិលម៉ិញ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើ ហើយហូរបុកមកចំណុចលិចលង់ផ្លូវជាតិលេខ៣ ។ ទឹកបានហក់ឡើង ដោយសារតែផ្លូវទឹកសម្រាប់ហូរចេញរួមតូច ផ្នែកខ្លះត្រូវបានចាក់លុប ដើម្បីរំលោ.ភយកជាកម្មសិទ្ធិ និងសង់សំណង់រឹងមាំ ។
បច្ចុប្បន្ន មានបុរីមួយកន្លែង បានសង់ចំមុខទឹកធ្វើឱ្យទឹកមិនអាចហូរចេញបាន ហើយច្រាលជន់លិចទៅលើផ្លូវ ។ ការណ៍នេះ អាជ្ញាធរស្រុក មន្ទីរជំនាញធនធានទឹកបាន និងកំពុងសម្របសម្រួលជាមួយម្ចាស់បុរីនេះ ដើម្បីកាយបើកមុខទឹកកាត់តាមបុរី បញ្ជៀសការជន់លិច និងឱ្យចរន្តទឹកបានលឿន ។
លោក ហន ពិសិដ្ឋ បានបញ្ជាក់បន្ថែមថា មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង បានដឹកនាំមន្ត្រីបច្ចេកទេស និងគ្រឿងចក្រជាច្រើនគ្រឿងចុះទៅទីតាំងលិចលង់ខាងលើនោះហើយ ដើម្បីកាយបើកផ្លូវទឹកដែលរួមតូច និងបើកមុខទឹកកាត់តាមបុរី ធ្វើយ៉ាងណាអាចរំដោះទឹកចេញពីផ្លូវជាតិលេខ៣ ឱ្យបានឆាប់រហ័ស និងសង្គ្រោះការលិចលង់ផ្ទះសម្បែង និងផលប៉ះពាល់ស្រែស្រូវពលរដ្ឋ ។
សូមបញ្ជាក់ថា សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ បាន និងកំពុងមមាញឹក ក្នុងការសម្រួលចរាចរយានយន្តគ្រប់ប្រភេទឱ្យបើកបរលើផ្លូវម្ខាង និងបញ្ជៀសការកកស្ទះផ្សេងៗនិងកុំឱ្យប៉ះពាល់ដល់ផ្លូវដែលទឹកកំពុងលិច ៕
ចែករំលែកព័តមាននេះ