ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​ត្រកួន​សុំ​អំពាវនាវ​ដល់​អ្នកទិញ និង​មន្ទីរ​ជំនាញ​ជួយ​រក​ទីផ្សារ​​ ខណៈ​ត្រកួន​ធ្លាក់​ថ្លៃ

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ត្រកួន​គ្រាប់ (​ឬ​ហៅ​ថា ត្រកួន​ចិន​) ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​អ​ង្វេ​រ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​បាន​ដាំ​ជា​លក្ខណៈ​គ្រួសារ…

ខេត្តកំពង់ស្ពឺ ៖ ត្រកួន​គ្រាប់ (​ឬ​ហៅ​ថា ត្រកួន​ចិន​) ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​អ​ង្វេ​រ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​បាន​ដាំ​ជា​លក្ខណៈ​គ្រួសារ ហើយ​មាន​តម្លៃ​ទាប ខណៈ​ដែល​ពួក​គាត់​ប្រើ​ដើមទុន​ច្រើន ពេល​ប្រមូល​ផល​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ។

ពួក​គាត់​មិនដឹង​ថា បន្លែ​ត្រកួន​ធ្លាក់​តម្លៃ​ទាប​នេះ ដោយសារ​តែ​ឈ្មួញកណ្តាល​ទំលាក់​តម្លៃ ឬ​មួយ​ក៏​ខាង​ទីផ្សារ​នោះ​ទេ សូម​ឱ្យ​មន្ទីរ​ជំនាញ និង​រាជរដ្ឋាភិបាល មេត្តា​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ​ដាំ​បន្លែ​លក្ខណៈ​គ្រួសារ​ដែល​បាន​ដាំ​នៅ​ក្នុង​អ​ង្វេ​រ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង​ផង ។

អ្នកស្រី យ៉ៃ ធី​ម អាយុ​៦៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​អ​ង្វែ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា អ្នកស្រី​បាន​ដាំ​បន្លែ​ត្រកួន​គ្រាប់ (​ឬ​ហៅ​ថា ត្រកួន​ចិន​)​ជា​លក្ខណៈ​​គ្រួសារ​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ ។ បន្លែ​ត្រកួន​នេះ ងាយស្រួល​ដាំ​អាច​ចំណេញ​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​អាច​ផ្គត់ផ្គង់​ឱ្យ​កូន​ៗ​របស់​គាត់​បាន​សិក្សា​រៀនសូត្រ​បាន​ផង​ដែរ ។

អ្នកស្រី យ៉ៃ ធី​ម ជា​កសិករ​អ្នក​ដាំ​បន្លែ​ត្រកួន​បាន​បន្ត​ទៀត​ថា សម្រាប់​ការ​ដាំ​ត្រកួន​គ្រាប់ (​ឬ​ហៅ​ថា​ត្រកួន​ចិន​) នេះ ការ​ចំណាយ​អស់​គួរសម​ដែរ សម្រាប់​ធ្វើ​ចំនួន​ពីរ​រង​នេះ ទាំង​ជួល​គេ​ភ្ជួរ​រាស់​ដី​បាច​គ្រាប់ ជី និង​ចំណាយ​ផ្សេង​ៗ​អស់​ចាប់ពី​២០ ទៅ​៣០​ម៉ឺន​រៀល ។ បើ​តម្លៃ​ចាប់ពី​១០០០​រៀល​ឡើង​ទៅ ទើបបាន​ចំណេញ​ប្រាក់​គ្រាន់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួ​សារបាន ប៉ុន្តែ​បច្ចុប្បន្ន​នេះ តម្លៃ​ធ្លាក់​រហូត​ដល់​៩០០​រៀល​ទៅ​ហើយ​នោះ​ច្បាស់​ជា​ខាតដើម​ហើយ ។

កសិករ​អ្នក​ដាំ​ត្រកួន អ្នកស្រី យ៉ៃ ធី​ម បាន​បន្ថែម​ថា ចំពោះ​ការ​ថែទាំ​ត្រកួន​វិញ​ងាយស្រួល​ទេ គឺ​បន្ទាប់​ពី​ភ្ជួរ​ដី​ពូន​ជា​រង​រួច​ហើយ យើង​បាច​គ្រាប់​បាន​៦ ទៅ​៧​ថ្ងៃ បាច​ជីធម្មជាតិ មាន​ដូច​ជា​ជី​អាចម៍មាន់ អាចម៍​ទា អាចម៍គោ​ជាដើម ហើយ​ក៏​មាន​លាយ​ជី​របស់​ក្រុមហ៊ុន​តិចតួច​ដែរ បើ​ខែប្រាំង​ស្រោច​​ទឹក​រាល់ថ្ងៃ ។ លុះ​ត្រកួន​អាយុកាល​បាន​ចំនួន​១០​ថ្ងៃ​យើង​ចាប់​បាច​ជី​ម្តងទៀត​ត្រកួន​សាល់​ល្អ លុះដល់​អាយុ​១៨ ទៅ​២០​ថ្ងៃ គឺ​អាច​ប្រមូល​ផល​ត្រកួន​គ្រាប់​(​ឬ​ហៅ​ថា ត្រកួន​ចិន​)​បាន​ហើយ​។

សម្រាប់​តម្លៃ​ត្រកួន​មិន​ស្ថិតស្ថេរ​នោះ​ទេ គឺ​តម្លៃ​នៅ​លើ​មាត់​របស់​អ្នកទិញ​ឬ​ក៏​ឈ្មួញកណ្តាល​តែ​ប៉ុណ្ណោះ ជួន​ពេល​ខ្លះ​តម្លៃ​ត្រកួន​អាច​ឈាន​ដល់​៣០០០​រៀល ទៅ​៤០០០​រៀល​ក្នុង​១​គីឡូក្រាម​ក៏​មាន ហើយ​សម្រាប់​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​៥០០​រៀល​ក៏​មាន​ដែរ ។ ពេល​នេះ គាត់​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញកណ្តាល​បាន​តម្លៃ​ត្រឹមតែ​៩០០​រៀល​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​លាង​សម្អាត​ត្រកួន​ឱ្យ​ស្អាត​ល្អ ទើប​គេ​មក​ថ្លឹង​ត្រូវចិត្ត​របស់​ឈ្មួញ ។

អ្នកស្រី យ៉ៃ ធី​ម ជា​កសិករ​អ្នក​ដាំ​ត្រកួន​រស់នៅ​ក្នុងភូមិ​អ​ង្វេ​រ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើការ​សំណូមពរ​ដល់​អ្នកទិញ ឬ​ហៅ​ថា ឈ្មួញកណ្តាល​នោះ មេត្តា​ជួយ​ឱ្យ​តម្លៃ​ដល់​កសិករ​អ្នក​ដាំ​ផង ចង់បាន​ណាស់​តម្លៃ​ថេរ​ត្រឹម​តម្លៃ​១០០០​រៀល​ក៏​បាន​ចំណេញ​ខ្លះ​ដែរ មិនបាច់​ឡើង​ចុះ​តាមតែ​មាត់​នោះទេ និង​សូម​ឱ្យ​អាជ្ញាធរ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​ជា​ពិសេស សំណូមពរ​ដល់​រាជរដ្ឋាភិបាល មេត្តា​ជួយ​រក​ទីផ្សារ​ដល់​កសិករ​ដែល​ជា​អ្នក​ដាំ​ដំណាំ​បន្លែ​ត្រកួន​គ្រាប់ (​ឬ​ហៅ​ថា​ត្រកួន​ចិន​)​នេះ ឱ្យ​បាន​តម្លៃ​ខ្ពស់​ផង​ទាន គ្រាន់​បាន​កសិករ​បាន​កម្រៃ​អាច​ចិញ្ចឹម​គ្រួសារ និង​ផ្គត់ផ្គង់​កូនចៅ​រៀនសូត្រ​បាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ