ទីក្រុងហ្សាកាតា៖ មនុស្សយ៉ាងតិច៦នាក់បានស្លាប់ដោយសារការផ្ទុះភ្នំភ្លើងពេញមួយយប់ ផ្ទុះឈប់ៗ ជាច្រើនដងកាលពីយប់មិញនៅប្រទេសឥណ្ឌូណេស៊ី។ ដូច្នេះអាជ្ញាធរក៏បានបង្កើនការប្រកាសអាសន្នឱ្យប្រជាជនប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត។ ភ្នំភ្លើងឡេវ៉ូតូប៊ី ឡាក់គីឡាក់គី (Lewotobi Laki-Laki) ស្ថិតនៅលើកោះផ្លូរេស (Flores) ជាកន្លែងដ៏ពេញនិយមណាស់សម្រាប់អ្នកទេសចរ។
ភ្នំភ្លើងនេះបញ្ចេញផេះ និងកម្អែពីមាត់របស់វា និងធ្លាក់រាយប៉ាយពាសពេញតំបន់ជិតៗនោះ។ អាជ្ញាធរក៏ប្រញាប់ជម្លៀសអ្នកភូមិដែលរស់នៅតាមជើងភ្នំ។ លោកអាប់ឌុល មហារី (Abdul Muhari) ជាអ្នកនាំពាក្យទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ថាជនរងគ្រោះ៦នាក់ត្រូវគេបញ្ជាក់ថាពិតជាបានស្លាប់ហើយ។ តាមរយៈវីឌីអូឃ្លីបដែលថតបានបានបង្ហាញភូមិជាច្រើននៅក្បែរៗជើងភ្នំនោះត្រូវបានគ្របដណ្ដប់ដោយផេះយ៉ាងក្រាស់ឃ្មឹក។ កន្លែងខ្លះត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
អ្នកសារព័ត៌មានដែលចុះទៅដល់ម្ដុំៗជើងភ្នំនោះប្រាប់ថាភូមិយ៉ាងតិច៥កន្លែងបានជម្លៀសមនុស្សចេញទាំងអស់។ ផ្ទះដែលសង់អំពីឈើត្រូវភ្លើងឆេះ ចំណែកផ្ទៃដីពោរពេញដោយស្នាមក្រហេងក្រហូងដោយសារឥទ្ធិពលនៃដុំថ្មក្ដៅដែលធ្លាក់ចេញពីភ្នំភ្លើង។ ការផ្ទុះភ្នំភ្លើងលើកនេះកើតឡើងមុនពាក់កណ្ដាលអធ្រាត្របន្តិច។ ផ្ទុះហើយស្ងាត់ទៅវិញបានមួយភ្លែត ភ្នំភ្លើងក៏ចាប់ផ្ដើមផ្ទុះឡើងម្ដងទៀតនៅម៉ោង១:២៧រំលងអធ្រាត្រ។
ក្រោយមកស្ងប់ស្ងាត់ទៅវិញបានបន្តិច ភ្នំភ្លើងនេះក៏ផ្ទុះឡើងទៀតនៅម៉ោង២:៤៨រំលងអធ្រាត្រ។ គិតទៅមួយយប់ផ្ទុះបីដង ។ ទីភ្នាក់ងារស្រាវជ្រាវអំពីភ្នំភ្លើងនៅឥណ្ឌូណេស៊ីបានបង្កើនការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត និងអំពាវនាវឱ្យប្រជាជន និងអ្នកទេសចរនៅក្នុងតំបន់នោះរក្សាគំលាតឱ្យបានយ៉ាងតិច៧គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។ ទីភ្នាក់ងារនេះសង្កេតឃើញថាភ្នំភ្លើងឡេវ៉ូតូប៊ី ឡាក់គីឡាក់គីចាប់ផ្ដើមធ្វើសកម្មភាពកាន់តែខ្លាំងក្លាជាងមុន៕
ចែករំលែកព័តមាននេះ