ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតខ្សែបម្រើក្រុម Valencia បាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នៅអេស្ប៉ាញ

1 ខែ មុន

ប្រទេសអេស្ប៉ាញ ៖ លោក Jose Castillejo អតីតកីឡាករបាល់ទាត់សមាជិកក្រុម Valencia ត្រួវបានរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ។…

ប្រទេសអេស្ប៉ាញ ៖ លោក Jose Castillejo អតីតកីឡាករបាល់ទាត់សមាជិកក្រុម Valencia ត្រួវបានរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ។ ហើយបើតាមប្រភពពីសារព័ត៌មាន BBC បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ យ៉ាងហោចណាស់មនុស្ស ២១១នាក់បានស្លាប់បាត់បង់។

លោក Jose Castillejo វ័យ២៨ឆ្នាំ ធ្លាប់លេងឱ្យក្រុមឈុតយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លិប Valencia។ អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ធ្លាប់លេងឱ្យក្លិប Paterna, Eldense, Bunol, Recambios Colon, Roda, Torre Levante និង Villamarxant ផងដែរ មុនពេលចូលនិវត្តន៍កាលពីឆ្នាំ ២០២០។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក Jose Castillejo បច្ចុប្បន្នកំពុងរស់នៅក្នុងតំបន់នៃទីក្រុងវ៉ាឡេនសៀ (Valencia) ជាកន្លែងរងការវាយប្រហារដោយគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត កាលពីថ្ងៃអង្គារសប្តាហ៍មុន។

សេចក្តីថ្លែងការណ៍របស់ក្លិបបាល់ទាត់ Valencia បានបង្ហាញថា «យើងសោកស្តាយចំពោះការបាត់បង់ជីវិតរបស់លោក Jose Castillejo ដែលជាជនរងគ្រោះម្នាក់នៃគ្រោះមហន្តរាយទឹកជំនន់»។

ក្រៅពីក្លិប Valencia ក្លិប ស្ថាប័ន និងអត្តពលិកបាល់ទាត់ជាច្រើននាក់ផ្សេងទៀត ក៏បង្ហោះសារសោកស្តាយ និងរំលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់លោក Jose Castillejo ផងដែរ។
សមាជិកនៃកងកម្លាំងសន្តិសុខ និងទាហានរបស់ប្រទេសអេស្ប៉ាញ កំពុងមមាញឹកស្វែងរកអ្នកបាត់ខ្លួនជាច្រើននាក់ ដែលចំនួនមិនត្រូវបង្ហាញ ហើយមនុស្សជាច្រើនភ័យខ្លាចថា អ្នកបាត់ខ្លួនអាចជាប់ក្នុងរថយន្តដែលខូច ឬយានដ្ឋានលិចទឹក។ របាយការណ៍ចុងក្រោយពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញរាយការណ៍ថា យ៉ាងហោចមនុស្ស៤ម៉ឺននាក់គ្មានអគ្គិសនី។ ស្របពេលលោកស្រី Amparo Fort អភិបាលនៃតំបន់ Chiva ជាយទីក្រុងវ៉ាឡេនសៀ បានថ្លែងថា «ផ្ទះជាច្រើនខ្នងរងការខូចខាតទាំងស្រុង។ យើងមិនដឹងថា ម្ចាស់ផ្ទះនៅក្នុងផ្ទះ ឬអត់នោះទេ»។ ការភ័យខ្លាចនៅតែមានសម្រាប់អាជ្ញាធរ ដោយសារស្ថានភាពអាចនឹងកាន់តែអាក្រក់ ដោយសារព្យុះបន្ថែមទៀតត្រូវបានរំពឹងទុកថា អាចកើតមានឡើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ