ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារអ្នកប្រដាល់គុនខ្មែរត្រកូល«អេ» កំពុងកាក់កបនឹងអាជីពឈឺខ្លួន​នាពេលបច្ចុប្បន្ន

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក អេ ភូ​ថង អតីត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរដ៏ល្បីល្បាញ​កាលពី​២០​ឆ្នាំ​មុន បច្ចុប្បន្នជា​គ្រូបង្វឹកប្រចាំក្លិប«ស.សុម៉ាលីគុនខ្មែរ» បាននិងកំពុង​លើកទឹកចិត្តក៏ដូចជាជួយ​ជ្រោមជ្រែង​ឱ្យ​កូនប្រុសស្រី​ទាំង​៤នាក់​របស់​លោក​ហ្វឹកហាត់ប្រដាល់​គុន​ខ្មែរ​ដើម្បី​រក្សា​កេរដំណែល​ក្បាច់គុន​បុរាណខ្មែរ​រហូតក្លាយជាគ្រួសារអ្នកប្រដាល់ដែលកំពុងកាក់កបនឹងអាជីពឈឺខ្លួនមួយនេះថែមទៀតផង ។ បច្ចុប្បន្ន​កូនប្រុស​-​ស្រី​ទាំង​៤​នាក់របស់​លោក​ត្រូវ​បាន​ណែនាំ​តម្រង់​ទិស​ឱ្យ​ចូល​ហ្វឹកហាត់​ប្រដាល់​ជាមួយ​លោក​ទាំងអស់…

រាជធានីភ្នំពេញ ៖ លោក អេ ភូ​ថង អតីត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរដ៏ល្បីល្បាញ​កាលពី​២០​ឆ្នាំ​មុន បច្ចុប្បន្នជា​គ្រូបង្វឹកប្រចាំក្លិប«ស.សុម៉ាលីគុនខ្មែរ» បាននិងកំពុង​លើកទឹកចិត្តក៏ដូចជាជួយ​ជ្រោមជ្រែង​ឱ្យ​កូនប្រុសស្រី​ទាំង​៤នាក់​របស់​លោក​ហ្វឹកហាត់ប្រដាល់​គុន​ខ្មែរ​ដើម្បី​រក្សា​កេរដំណែល​ក្បាច់គុន​បុរាណខ្មែរ​រហូតក្លាយជាគ្រួសារអ្នកប្រដាល់ដែលកំពុងកាក់កបនឹងអាជីពឈឺខ្លួនមួយនេះថែមទៀតផង ។

បច្ចុប្បន្ន​កូនប្រុស​-​ស្រី​ទាំង​៤​នាក់របស់​លោក​ត្រូវ​បាន​ណែនាំ​តម្រង់​ទិស​ឱ្យ​ចូល​ហ្វឹកហាត់​ប្រដាល់​ជាមួយ​លោក​ទាំងអស់ ហើយក្នុង​ចំណោម​កូន​៤​នាក់​នេះ គឺ​កីឡាការិនី អេ យ៉ា​នុ​ត ភូ​ថង ដែល​ជា​កូនស្រី​ច្បង កីឡាករ អេ​វិ​រៈ​ខាំ​ឈី​តភូថង ហៅមុឺន មេឃា(កូនប្រុស​ទី​២) កីឡាករ អេ អាំម៉ារីន​ភូ​ថង(កូនប្រុស​ទី​៣) និង កីឡាករ អេ​ឡិច ភូ​ថង(កូនពៅ) កំពុង​សាង​ភាពល្បីល្បាញបណ្ដើរៗ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​លើ​សង្វៀន​ប្រដាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ញឹកញាប់​។

លោក​ អេ ភូថង ពន្យល់​ថា មូលហេតុ​ដែល​លោក​ជំរុញ​ឱ្យ​កូន​ៗ ទាំង​៤​នាក់​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុនខ្មែរ​បន្តវេន​ពី​លោក​បែប​នេះ ដោយសារ​លោកចង់ឱ្យ​កូន​ៗ​របស់​លោក​ទាំងអស់​ចេះ​ក្បាច់​ប្រដាល់​គុន​ខ្មែរ ដើម្បី​រក្សា​កេរដំណែល​ក្បាច់គុនក្នុង​ត្រកូល អេ ទៅ​ដល់​កូនចៅ​ពួក​គេ​ជំនាន់​ក្រោយ​ៗ​ទៀត ក៏​ដូច​ជា​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​របស់​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​ផង​ដែរ​។

លោកថា​ គ្រួសារ​របស់លោកមាន​មហិច្ឆតា​ធំធេង​ណាស់​គឺ​រស់នៅ​ដើម្បី​តែ​គុន​ខ្មែរ​មួយ​គត់ ហើយ​បើ​ស្លាប់​ទៅ​វិញ​ត្រូវ​បន្សល់​ទុក​នូវកេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​ផូ​រផង់ ជា​គ្រួសារ​អ្នក​ថែរក្សា​គុន​ខ្មែរ​សម្រាប់​ត​កូន​ចៅ​ជំនាន់​ក្រោយ​ ។​ លោក​មិន​ខ្វល់​ថា​ ជីវិតនឹ​ងផុតរលត់នៅពេល​ណា​នោះ​ទេ តែ​ឥឡូវ​នេះ​នៅមានជីវិតត្រូវ​តែ​ខិតខំ​មើល​សិស្ស ឱ្យ​ហ្វឹកហាត់​បាន​ដិត​ដល់ និង​ការ​ប្រកួត​ឱ្យ​បាន​ល្អ គឺ​លោកសប្បាយចិត្ត​ហើយ​ ។ ​លោក​និយាយបែបនេះដោយសារតែលោកទើបតែ​មាន​អាយុ​​៥១​ឆ្នាំ ប៉ុន្តែ​ខ្លួនប្រាណ​របស់​លោក​​បាន​រួមរឹត​ទៅ​ដោយ​ជំងឺ​ជាច្រើនមុខ។

លោក អេ ភូថង បានរំលឹក​ថា ពេល​កូន​ៗនៅ​តូច​ ​លោកនិងភរិយា​ជួប​ការ​លំបាក​យ៉ាង​ខ្លាំងដោយពុំ​មាន​ប្រាក់​សម្រាប់​ចាយវាយ​គ្រប់គ្រាន់​នោះ​ទេ ពេល​ខ្លះ​ហូប​បាយ​ជាមួយ​អំបិល​ក៏​មាន​ដែរ ។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក​នៅ​តែ​តស៊ូ​ក្រាញននាល​ជាមួយ​កីឡាប្រដាល់​គុន​ខ្មែរ និងតែងប្រាប់​កូន​ៗ​ឱ្យ​ខំតស៊ូ​ឡើងទៀតផង។

រហូត​មក​ទល់​នឹង​ពេល​នេះ​ ជីវភាពគ្រួសារលោក​មានការ​ផ្លាស់​ប្ដូរ​ជាវិជ្ជមានដែលទាំងអស់នេះសុទ្ធតែ​កើត​ចេញពី​ការ​តស៊ូបម្រើក្នុងវិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់ ។ ជាក់ស្ដែងបច្ចុប្បន្នក្នុង​មួយ​ខែ​កូនប្រុសស្រី៣នាក់របស់លោក​ ម្នាក់​ៗ​អាច​រក​ប្រាក់​បាន​រហូតរាប់​ពាន់​ដុល្លារ​ពីការឡើងប្រកួត ដែលនេះមិនទាន់គិតពីប្រាក់ខែដែលពួកគេទទួលបានពីការងាររដ្ឋក្នុងក្របខណ្ឌនៃកង​យោធពលខេមរៈភូមិន្ទ​ផងទេ ។ មិនតែប៉ុណ្ណោះ​លោកនៅ​មាន​សិស្ស​សំណព្វចិត្ត​​ម្នាក់​ទៀតដែលជាប្រភពចំណូលផងដែរ​គឺ​កីឡាករធឿ​ន ធា​រ៉ា​ដែល​កំពុងតែ​ល្បីខ្លាំង ​និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​បច្ចុប្បន្ន ។​

លោកស្រី​សាំង សុ​ម៉ា​លី​ ភរិយាលោកអេ ភូថង បាន​លូកមាត់​ថា សព្វថ្ងៃ​គ្រួសារ​លោកស្រី​អាច​រស់នៅ​ដោយ​មាន​សេចក្ដីសុខ​ដោយលោកស្រី​និងស្វាមីអាច​សន្សំ​លុយ​ទិញ​ដី​បាន​២-៣​កន្លែង​ដែរ ។​ ប៉ុន្តែ​លោកស្រី​និង​ស្វាមី​ព្រមទាំង​កូន​ៗ​នៅ​តែ​តស៊ូ​ក្រាញននាលជាមួយ​គុន​ខ្មែរ ជា​ពិសេស​កូន​ៗ​របស់​លោកស្រី​ទាំង​៤​នាក់​គឺ​ក្លាយជា​អ្នក​បន្តវេន​គុន​ខ្មែរ​ទៅ​ថ្ងៃ​អនាគតព្រោះ​ឆន្ទៈ​របស់​ស្វាមីលោកស្រីគឺលោកអេ ភូថង ចង់ឱ្យ​គុន​ខ្មែរ​ល្បី ឱ្យ​គេ​ទទួលស្គាល់​ពាសពេញ​ពិភពលោក ​។​ សូ​ម្បី​លោកឧត្តមសេនីយ៍​ទោខូ​វ ឆាយ​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក៏​ទទួលស្គាល់គ្រួសារ​លោកស្រី ថាមានគុណ​សម្បត្តិ​ច្រើន​ជាមួយ​កីឡាប្រដាល់​គុន​ខ្មែរ​ដែរ ​។

សព្វថ្ងៃ​លោកស្រីនិងស្វាមីបាន​បើក​ក្លិប​ប្រដាល់​មួយ​កន្លែង​នៅ​ជន្លង​់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើង
ឆេះរទេះ ខណ្ឌកំបូល ឈ្មោះ​ក្លិប«ស.សុ​ម៉ា​លី​គុន​ខ្មែរ» ដែល​មាន​សិស្ស​កំពុងហ្វឹកហាត់​ប្រមាណ​​៣០​នាក់​ជា​រៀងរាល់ថ្ងៃ​។​

សូម​រម្លឹក​ថា លោក អេ ភូ​ថង ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ល្បីឈ្មោះ​ខ្លាំង​ជាងគេ​នៅ​កម្ពុជា កាលពី​​២០​ឆ្នាំ​មុន ហើយ​រាល់ពេល​លោក​ឡើង​សង្វៀន​ប្រកួត​អន្តរជាតិ​ម្តង​ៗ​គឺទទួល​បាន ការ​គាំទ្រ​យ៉ាង​ខ្លាំង​។ បច្ចុប្បន្ន អតីត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​បាន​ចូល​និវត្តន៍​លាលែង ពី​ការ​ឡើង​សង្វៀន​ប្រកួត​ហើយ ដោយ​លោក​ងាក​មក​ចាប់​អាជីព​ជា​គ្រូបង្វឹក និង​ចៅក្រម​អាជ្ញា កណ្តាល​វិញ​ម្តង ។ ចំណែកលោកស្រី​សាំង សុ​ម៉ា​លី​ បច្ចុប្បន្ន​ជា​មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ តែដោយសារ​បញ្ហា​សុខភាព​លោកស្រី​បាន​ផ្អាក​ការងារ​ជា​អាជ្ញាកណ្ដាល​កាត់សេចក្ដី​លើ​សង្វៀន​មួយ​រយៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ