ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រុមប្រឆាំង​ក្រៅប្រទេស​ដែល​ជ្រក​ក្រោម​ស្លា​កថា «​ចលនា​តស៊ូ​ជាតិខ្មែរ​» ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកនយោបាយ​និរទេស បាន​ប្រកាស​នឹង​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​ពេញ​លក្ខណៈ​ក្រោម​លេស​ថា ដើម្បី​តំណាង​ឲ្យ​ឆន្ទៈ​ពិតប្រាកដ​នៃ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​សួរ​ទៅ​ថា ខ្មែរ​ប៉ុន្មាន​នាក់​ដែល​គាំទ្រ ? សកម្មភាព​នយោបាយ​របស់​ចលនា​តស៊ូ​ជាតិខ្មែរ និង​ការ​អំពាវនាវ​ថ្មី​ៗ​របស់​លោក…

ក្រុមប្រឆាំង​ក្រៅប្រទេស​ដែល​ជ្រក​ក្រោម​ស្លា​កថា «​ចលនា​តស៊ូ​ជាតិខ្មែរ​» ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកនយោបាយ​និរទេស បាន​ប្រកាស​នឹង​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​ពេញ​លក្ខណៈ​ក្រោម​លេស​ថា ដើម្បី​តំណាង​ឲ្យ​ឆន្ទៈ​ពិតប្រាកដ​នៃ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​សួរ​ទៅ​ថា ខ្មែរ​ប៉ុន្មាន​នាក់​ដែល​គាំទ្រ ?

សកម្មភាព​នយោបាយ​របស់​ចលនា​តស៊ូ​ជាតិខ្មែរ និង​ការ​អំពាវនាវ​ថ្មី​ៗ​របស់​លោក សម រ​ង្ស៊ី ឱ្យ​បង្កើត​រដ្ឋាភិបាល​និរទេស​ខ្លួន គឺ​គ្រាន់តែ​ជា​មធ្យោបាយ​មួយ​ដើម្បី​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ស្ថិរភាព និង​ឯកភាព​ជាតិ​នា​ពេល​អនាគត​របស់​កម្ពុជា នៅ​ក្នុង​បំណង​តថ្លៃ​នយោបាយ​ប៉ុណ្ណោះ ។

ការ​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់ និង​លទ្ធិប្រជាធិបតេយ្យ គឺ​គួរតែ​ធ្វើ​ឡើង​តាម​ការ​បោះ​ឆ្នោត និង​ការ​តស៊ូ​ផ្នែក​ផ្លូវច្បាប់​មិនមែន​ប្រើប្រាស់​យុទ្ធសាស្ត្រ​តាម​ការ​បង្កើត​រដ្ឋាភិបាល​ខាងក្រៅ ដើម្បី​បង្ក​ហានិភ័យ​ធ្វើ​ឱ្យ​មានការ​បែកបាក់​ការ​សម្របសម្រួល​សន្តិភាព និង​ធ្វើ​ឱ្យ​ខូច​ដល់​គោលការណ៍​អធិបតេយ្យភាព និង​អភិបាលកិច្ច​ស្របច្បាប់ ។ ការ​តស៊ូ​ដើម្បី​អធិបតេយ្យភាព និង​ស្ថិរភាព​របស់​កម្ពុជា​តាម​របៀប​នេះ គឺជា​កល​យុគ​មួយ ដែល​ធ្លាប់​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​កន្លង​មក ហើយ​ការ​អំពាវនាវ​ណាមួយ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​នយោបាយ និង​ការ​ដឹកនាំ​តាម​វិធីសាស្ត្រ​នេះ គឺជា​សម្មភាព​ដែល​ប្រឆាំង​នឹង​តម្រូវការ​សន្តិភាព និង​ឯកភាព​របស់​ប្រទេស​ដែល​ពលរដ្ឋ​ចង់បាន ។

ការ​បង្កើត​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​បរទេស​បែប​នេះ គឺជា​សកម្មភាព​ខុសច្បាប់ ។ វិធីសាស្ត្រ​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​អ​ស្ថិរភាព ហើយ​អាច​បង្ក និង​លើកទឹកចិត្ត​ដល់​ជម្លោះផ្ទៃក្នុង និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​កម្ពុជា​ធម្មតា​ដែល​ធ្លាប់​បាន​រង​គ្រោះ​រាប់​សិប​ឆ្នាំ​ក្រោម​កល​យុគ និង​សកម្មភាព​នយោបាយ​បែប​នេះ ។

ជា​ការ​ពិត កំណែទម្រង់​យូរអង្វែង​អាច​សម្រេច​បាន​ដោយ​ការ​ពង្រឹង​ប្រទេស​កម្ពុជា​ពី​ខាងក្នុង មិនមែន​ដោយ​ការ​បង្កើត​បរិយាកាស​តាម​ប៉ូ​ល​នយោបាយ​ដែល​មាន​ចរិត និង​គោលដៅ​បង្ក​ហានិភ័យ​ដល់​ការ​បែងចែក​ប្រជាជន និង​ទឹកដី​ក៏​ដូច​ជា ឯកភាព​ជាតិ​បែប​នេះនោះ​ទេ ។ បញ្ហា​ជា​មូលដ្ឋាន​មួយទៀត គឺ​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​និរទេស​ខ្លួន​ដែល​ក្រុម​អ្នកនយោបាយ​ក្រៅ​ស្រុក​នេះ​បាន​បង្កើត​ឡើង ។ ជា​អន្តរជាតិ​រចនាសម្ព័ន្ធ​បែប​នេះ​កម្រ​ត្រូវ​បាន​ទទួលស្គាល់ ហើយ​ជា​រឿយ​ៗ​ត្រូវ​បាន​រិះគន់​ចំពោះ​ការ​បំផ្លាញ​អធិបតេយ្យភាព​របស់​ប្រទេស​ដែល​ខ្លួន​អះអាង​ថា ជា​តំណាង​នោះ ។

រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​កំណត់​យ៉ាង​ច្បាស់​ថា នេះ គឺជា​យុទ្ធសាស្ត្រ និង​សកម្មភាព​ខុសច្បាប់ ដែល​រំ​លោ​.​ភ​ដល់​ដែន​អធិបតេយ្យភាព ។ ដូច្នេះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ចលនា​នេះ​នឹង​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​ច្បាប់​ដែល​មិន​អាច​លើកលែង​បាន ។ ជាង​នេះ​ទៅ​ទៀត វោហា​សាស្ត្រ​របស់ ចលនា​តស៊ូ​ជាតិខ្មែរ ដែល​ផ្តោត​លើ «​ការ​ដណ្តើម​យក​» ប្រទេស​កម្ពុជា​ឡើង​វិញ​តាម​វិធី​បែប​នេះ​គឺជា​អំពើ «​ក្បត់​» នឹង​ឆ​ន្ទះ​របស់​ប្រជាជាតិ ដែល​ពលរដ្ឋ​ដ៏​លើសលុប​បាន​ចូលរួម​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ។ វា គឺជា​អំពើ​បង្ក ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ​នយោបាយ​ទាក់ទង​នឹង​ការ​ប្រឈម​មុខ​គ្នា​ហើយ​នាំ​សង្គម​ទៅ​រក​ការ​បែកបាក់ និង លែង​មានការ​ផ្សះផ្សា​ជាតិ ។

ការ​កែទម្រង់​ក្នុង​ន័យ​ស្ថាបនា មិនមែន​ធ្វើ​តាម​បែប​នេះ​ឡើយ ។ ការ​កែទម្រង់​ជាតិ​ដែល​ត្រឹមត្រូវ ទាមទារ​ឱ្យ​មាន​កិច្ចសហការ ការ​សន្ទនា និង​ចក្ខុវិស័យ​រួម​គ្នា​សម្រាប់​អនាគត​របស់​ប្រទេស​ជាតិ ។ ការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​នឹង​កើត​ចេញពី​ការ​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម​ដោយ​ផ្ទាល់​ជា​ជាង​តាម​រយៈ​ភាសា និង​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មានការ​បែកបាក់​កាន់តែ​ស៊ីជម្រៅ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​កំណែទម្រង់​ដែល​មាន​មូលដ្ឋាន​លើ​លទ្ធិប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​គ្រប់​ភាគី​ទាំងអស់ សូ​ម្បី​តែ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ក៏​ដោយ ត្រូវ​ចូលរួម​ក្នុង​ការ​សន្ទនា​ដោយ​បើកចំហ និង​គោរព​ក្រោម​ក្រប​ខណ្ឌ​នៃ​ច្បាប់ ។

មាគ៌ា​ឆ្ពោះទៅ​មុខ​សម្រាប់​ប្រទេស​កម្ពុជា​គួរតែ​ផ្តោត​លើ​ការ​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ ជំរុញ​សង្គម​ស៊ី​វិល និង​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​ពិតប្រាកដ​ដែល​អនុញ្ញាត​ឱ្យ​សំឡេង​ទាំងអស់​អាច​ស្តាប់​បាន ។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ​គួរតែ​មក​ពី​ខាងក្នុង ដឹកនាំ​ដោយ​ប្រជាជន​កម្ពុជា ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​គាំទ្រ​ដោយ​កំណែទម្រង់​អភិបាលកិច្ច​បើកចំហ និង​តម្លាភាព ។ ការ​ជំរុញ​កំណែទម្រង់​នៅ​ថ្នាក់​មូលដ្ឋាន​អាច​មាន​ឥទ្ធិពល​យូរអង្វែង​ដល់​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​ដោយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​របស់​ប្រទេស​ឡើយ​។

នៅ​ទី​បញ្ចប់ កម្ពុជា​សម​នឹង​ទទួល​បាន​អនាគត​មួយ​ដែល​កសាង​ដោយ​ឯកភាព​ការ​គោរព និង​នីតិរដ្ឋ ។ ខណៈ​ដែល​កំណែទម្រង់​នយោបាយ​ចាំបាច់​ត្រូវ​តែ​សម្រេច​តាម​របៀប​ដែល​គោរព​អធិបតេយ្យភាព​របស់​ប្រទេស និង​ពង្រឹង​ស្ថិរភាព​ជា​ជាង​ការ​បែកបាក់ ។ មាគ៌ា​ពិតប្រាកដ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ មិនមែន​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​ដែល​បង្កើត​ក្រៅច្បាប់​បែប​នេះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​រៀបចំ​ជោគវាសនា​របស់​ប្រទេស​ជាតិ​តាម​រយៈ​មធ្យោបាយ​ស្របច្បាប់ សន្តិភាព និង​បរិ​យា​ប័ន្ន តាម​ការ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ