រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង នៅក្នុងយានដ្ឋានជួសជុលរថយន្ត យីហោអឹមអេច MH ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារមួយចំនួនទៀត ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង៤៥នាទីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ នៅចំណុចយានដ្ឋាន អឹមអេច MH ដែលស្ថិតនៅតាមផ្លូវបេតុងខាងក្រោយស្នងការនគបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆេះចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅក្នុងយានដ្ឋាន បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចរទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍ ។
តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង បានទៅអន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេល ។
មន្ត្រីនគរបាលឲ្យដឹងទៀតថា រថយន្តមួយគ្រឿង ម៉ាកកូឡា ត្រូវភ្លើងឆេះរងការខូចខាត ប៉ុន្តែពុំបណ្ដាលឱ្យឆេះរាលដាលទៅរថយន្តផ្សេងៗទៀតឡើយ ។
តាមម្ចាស់យានដ្ឋាន បានឲ្យសមត្ថកិច្ចដឹងថា អគ្គិភ័យនេះ បណ្ដាលមកពីឆ្លងភ្លើងអាគុយ ។ តែព័ត៌មានខ្លះ បានអះអាងថា អគ្គិភ័យនេះបណ្ដាលមកពីឆាបឆេះប្រេងសាំង ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដោយឆែកកាមេរ៉ាសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ