ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្រុក និង​មណ្ឌល​សុវត្ថិភាព​ជនភៀសសឹក ក្នុង​ខេត្តពោធិ៍សាត់

1 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ុ​ក ធា​វី អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល…

ខេត្តពោធិ៍សាត់ ៖ ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ុ​ក ធា​វី អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​បម្រើសេវា​សុខាភិបាល​ នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្រុក និង​មណ្ឌល​សុវត្ថិភាព​ប្រជា​ជនភៀសសឹក ក្នុង​ខេត្តពោធិ៍សាត់ ដោយ​មានការ​ចូលរួម​ពីលោក​វេជ្ជបណ្ឌិត តឹក សុភាព ប្រធាន​មន្ទីរ​សុខាភិបាល ព្រម​ទាំ​មន្ត្រី​សុខាភិបាល ដែល​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​/​មូលដ្ឋាន​សុខាភិបាល ខេត្តពោធិ៍សាត់​ ។

គោលបំណង​បេស​កម្ម ការ​ចុះ​គាំទ្រ និង​ពង្រឹងសមត្ថភាព​អង្គភាព​សុខាភិបាល ផ្តោត​លើ​ការ​កែ​គាំទ្រ និង​ការ​ឆ្លើយ​តប​ស្ថានការណ៍​បន្ទាន់ គាំទ្រ​បច្ចេកទេស សម្របសម្រួល​ការងារ ជាមួយ​មូលដ្ឋាន​ក្នុង​កិច្ច​ពង្រឹង​សហប្រតិបត្តិការ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ខេត្តពោធិ៍សាត់ ជាមួយ មន្ទីរពេទ្យ​សម្ព័ន្ធភាព​ថ្នាក់​ជាតិ ដូច​ជា​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុ​សមៈ និង​មានការ​ជួយ​គាំទ្រ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្តកណ្តាល និង​ក្រចេះ ក្នុង​ការ​ត្រៀម​ឆ្លើយ​តប​ស្ថានការណ៍​បន្ទាន់ និង​តំបន់​ព្រំដែន ពិនិត្យ​សមត្ថភាព​មន្ទីរពេទ្យ និង​ទីតាំង​សុវត្ថិភាព ការ​គ្រប់គ្រង​ឱសថ សម្ភារៈ​បរិក្ខារ យន្តការ​សម្របសម្រួល​សុខាភិបាល​ដ្ឋា​ន ជាមួយ​ស្ថានភាព​ជួរ​មុខ​។

ក្រុមការងារ​បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផល​ប៉ះពាល់ ដែល​ទទួល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​គ្រាប់​ផ្លោង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ក្នុង​នោះ មណ្ឌល​សុខភាព​ហ៊ុន​សែន​ថ្មដា ដែល​រង​នូវ​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ត្រូវ​រៀបចំ​ជា របាយការណ៍ និង​ចងក្រង​ឯកសារ​ជា​ភស្តុ​តាង ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​សាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ពី ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ជូន​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ព្រមទាំង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ដោយ​អស់ពី​កម្លាំងកាយ​ចិត្ត របស់​មន្ត្រី​សុខាភិបាល​ជួរ​មុខ​ទាំងអស់​ដែល​បាន​បំពេញ​កត​ព្វ​កិច្ច​ប្រកបដោយ​ជោគជ័យ ទោះ​ស្ថិត​ក្រោម​ស្ថានភាព​លំបាក និង​គ្រោះថ្នាក់​ក៏​ដោយ​។ បច្ចុប្បន្ន​មន្ត្រី​សុខាភិបាល រក្សា​សាមគ្គី​ភាពរឹងមាំ និង​កំពុង​ខិតខំ​បម្រើសេវា​សុខភាព និង​ថែទាំ​ប្រជាពលរដ្ឋ ដោយ​យកចិត្តទុកដាក់​នៅ​គ្រប់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្រុក និង​ទីទួល​សុវត្ថិភាព ក្នុង​ខេត្តពោធិ៍សាត់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ