ទីក្រុងព្យុងយ៉ាង៖ ដូចអ្វីដែលក្រុមអ្នកវិភាគធ្លាប់និយាយតាំងពីចុងឆ្នាំ២០២៣មិនខុសមែន នៅពេលកៀកថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាមេរិក របបក្រុងព្យុងយ៉ាងចាប់ផ្ដើមក្រឡុកស្ថានការណ៍ពិភពលោកជាបណ្ដើរៗដូចជាបញ្ជូនទ័ពទៅច្បាំងនៅអ៊ុយក្រែន និងថ្ងៃនេះបាញ់មីស៊ីលមួយគ្រាប់តាំងពីព្រឹកព្រលឹមម៉ោង៧:០០ចេញពីមាត់សមុទ្រខាងកើត។
ការបាញ់មីស៊ីលនេះធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងប្រកាសថ្កោលទោសករណីដែលកូរ៉េខាងជើងបញ្ជូនទ័ពទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយក៏ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតនៅអាមេរិកនាថ្ងៃទី៥ ខែវិច្ឆិកា។ មីស៊ីលរយៈចម្ងាយឆ្ងាយដែលបាញ់កាលពីព្រឹកមិញនោះទំនងជាមីស៊ីលស៊េរីថ្មីដែលអាចហោះបានកម្ពស់៧ពាន់គីឡូម៉ែត្រ។ មានន័យថាខ្ពស់ជាង១៧ដងនៃស្ថានីយអវកាសអន្តរជាតិដែលកំពុងសំកាំងនៅលើផែនដី។
រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្លែងថាគ្រាប់មីស៊ីលនេះទំនងជាធ្លាក់នៅចម្ងាយ៣រយគីឡូម៉ែត្រភាគខាងលិចកោះអូគូស៊ីរី (Okushiri) របស់ជប៉ុន។ វាហោះហើរនៅលើអាកាសរយៈពេលយូរជាងគ្រាប់មីស៊ីលកូរ៉េខាងជើងដទៃទៀតដែលធ្លាប់បានធ្វើតេស្តកាលពីពេលកន្លងមក។ លោកយល់ថានេះជាគ្រាប់មីស៊ីលដែលមានលក្ខណៈពិសេសជាប់គ្រាប់មីស៊ីលដទៃទៀត។
កូរ៉េខាងជើងលេងដៃធំបន្តិចហើយលើកនេះព្រោះពួកគេខានធ្វើតេស្តមីស៊ីលផ្លោង (ballistic) តាំងពីខែកញ្ញា ឆ្នាំ២០២៤ និងខានធ្វើតេស្តមីស៊ីលអន្តរទ្វីប (ICBM) តាំងពីខែធ្នូ ឆ្នាំ២០២៣។ ការធ្វើតេស្តថ្មីបំផុតនេះធ្វើឡើង១ថ្ងៃបន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងថ្លែងនៅក្នុងរដ្ឋសភាថាកូរ៉េខាងជើងទំនងជាបានត្រៀមខ្លួនរួចហើយដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកទី៧ ហើយក៏ត្រៀមធ្វើតេស្តគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយផងដែរអាចបាញ់ដល់ប្រទេសអាមេរិក។
ម៉្យាងទៀត ការបាញ់គ្រាប់មីស៊ីលលើកនេះក៏ធ្វើឡើងនៅពេលមានសេចក្ដីរាយការណ៍ថាកងទ័ពកូរ៉េខាងជើងរហូតដល់១ម៉ឺននាក់បានបញ្ជូនទៅដល់ប្រទេសរុស្ស៊ីហើយ។ ទ័ពមួយចំនួនបានដាក់ពង្រាយនៅតំបន់ខឺសរួចហើយដើម្បីត្រៀមតតាំងគ្នាជាមួយទាហានអ៊ុយក្រែនដែលវាយឆ្មក់ចូលទឹកដីរុស្ស៊ីតាំងពីខែសីហា និងបន្តគ្រប់គ្រងទឹកដីមួយចំណែកនៅទីនោះ។
ពីរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងថាទាហានកូរ៉េខាងជើងក្នុងឯកសណ្ឋានទាហានរុស្ស៊ី និងកាន់កាំភ្លើងរុស្ស៊ីចាប់ផ្ដើមដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែនហើយ។ លោកចាត់ទុកថានេះជាសញ្ញាគ្រោះថ្នាក់ និងពោរពេញដោយអស្ថិរភាព។ កូរ៉េខាងត្បូងកាលពីមុននេះរាយការណ៍ថាទាហានកូរ៉េខាងជើងជាង១១០០០នាក់បានបញ្ជូនទៅដល់ទឹកដីរុស្ស៊ី ។ ក្នុងនោះ ទាហានជាង៣ពាន់នាក់បញ្ជូនទៅច្បាំងនៅភាគខាងលិចរុស្ស៊ី៕
ចែករំលែកព័តមាននេះ