ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការប្រកាសលើកពេលសវនាការសំណុំ​រឿង​លោក ស៊្រុន ស៊្រន និងគូកន

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦​កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​លើកយក​សំណុំរឿង​សកម្មជន​៤​នាក់ ដែលនិយម​និយាយ​ពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​អ្នក​ទាំង​៤​នាក់​ជាប់ចោទ​ពី​បទញុះញង់…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦​កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​លើកយក​សំណុំរឿង​សកម្មជន​៤​នាក់ ដែលនិយម​និយាយ​ពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​អ្នក​ទាំង​៤​នាក់​ជាប់ចោទ​ពី​បទញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ ។

ប៉ុន្តែ​គម្រោង​សវនាការ​នេះ​មិន​បាន​ដំណើរការ​ទេ និង​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ ដោយ​មូលហេតុ​អវត្តមាន​ជនជាប់ចោទ ដែល​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង ។

ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​មាន ៖

១-​ឈ្មោះ ស្រ៊ុ​ន ស្រ៊​ន ភេទ​ប្រុស

២-​ឈ្មោះ ភឹង សោភា ភេទ​ស្រី

៣-​ឈ្មោះ ចក់ បាន​មុនី ភេទ​ប្រុស

៤-​ឈ្មោះ សាន សិ​ទ្ធី ភេទ​ប្រុស ។

សូម​រំឭក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​សកម្មជន​៤​នាក់​ខាងលើ ដាក់​មណ្ឌល​កែប្រែ​ទី​៣ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​បណ្តោះអាសន្ន ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ញុះញង់ បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ប្រមាថ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ ។

ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​ទាំង​៤​នាក់ បាន​ធ្វើការ​អត្ថាធិប្បាយ​អំពី​កិច្ច

សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដោយ​លោក ស្រ៊ុ​ន ស្រ៊​ន និយាយ​ថា ការ​ដាក់​បញ្ចូល​ខេត្ត​ទាំង​៤​របស់​ខ្មែរ​ទៅ​ក្នុងតំបន់ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ឡាវ និង​

វៀតណា​ម កម្ពុជា​នឹង​ប្រឈម​ការ​បាត់បង់​ទឹកដី​ជា​ជំហាន​ៗ​ទៅ​ប្រទេស​វៀតណាម ។ លោក​និយាយ​ថា ចាប់ពី​តំបន់​ភូមិភាគ​ឦសាន​រហូត​ដល់​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​នៅ​ជាប់​ព្រំដែន​វៀតណាម ដូច​ជា​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​ជាដើម នឹង​ត្រូវ​វៀតណាម​កាត់​យក ហើយ​ទីបំផុត កម្ពុជានឹង​បាត់​ទឹកដី​ទាំងមូល​តែ​ម្តង ។

សកម្មជន​សង្គម​រូប​នេះ​អះអាង​ថា ការ​បង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម​(CLV) គឺ​ស្រប​តាម​បំណង​របស់​វៀតណាម ដែល​មាន​ផែនការ​បង្កើត​តំបន់​កន្ទុយ​នាគ​នេះ​ឱ្យ​ក្លាយទៅជា​ប្រទេស​ឥណ្ឌូចិន នៅ​ថ្ងៃខាង​មុខ​ទាំងស្រុង ។

នៅ​ពេល​ដែល​កម្ពុជា វៀតណាម និង​ឡាវ ត្រូវ​ដាក់​បញ្ចូល​គ្នា​ទៅ​ជា​ឥណ្ឌូចិន​រួចរាល់ គឺ​មាន​តែ​រដ្ឋាភិបាល​វៀតណាម​តែ​មួយ​គត់ ដែល​ជា​អ្នកគ្រប់គ្រង​លើ​ប្រទេស​ឥណ្ឌូចិន​នេះ ។ នៅ​ពេល​នោះ ប្រជាជន​វៀតណា​ម ដែល​មាន​ប្រមាណ​៧​លាន​នាក់​ក្នុង​ខេត្ត​ទាំង​៥​របស់​គេ ក្នុង​តំបន់ត្រីកោណ​នេះ នឹង​នាំ​គ្នា​ទៅ​រស់នៅ​ពេញ​ខេត្ត​ទាំង​៤​របស់​ខ្មែរ​ដោយ​ស្របច្បាប់ ។

លោក ស្រ៊ុ​ន ស្រ៊​ន និយាយ​ទៀត​ថា ដំណោះស្រាយ​លើ​បញ្ហា​នេះ មាន​តែ​ជំរុញ​ឱ្យ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ប៉ុណ្ណោះ ទើប​អាច​ការពារ​ឯករាជ្យ​ជាតិ បូ​រណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិខ្មែរ​ទាំងមូល​បាន​ទៅ​ថ្ងៃ​មុខ ។ បើ​មិន​ដូច្នោះ​ទេ នោះ​កម្ពុជា​នឹង​ត្រូវ​ដាក់​លក់​ឱ្យ​បរទេស​ក្រោម​ការ​សហការ​លើ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ការ​ធ្វើ​អត្ថា​ធិប្បាយ​ជុំវិញ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ ជនឈ្មោះ ស្រ៊ុ​ន ស្រ៊​ន និង​កញ្ញា ភឹង សោភា ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ នៅ​ឃុំ​ស្រែ​ណូ​យ ស្រុកវ៉ា​រិ​ន ខេត្តសៀមរាប និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅពន្ធនាគារ​ព្រៃ​ស ហើយ​ក្រោយមក​ក៏​បាន​ផ្ទេរ​ទៅ​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង ។

ជុំវិញ​ការ​លើក​ឡើង​របស់​បុគ្គល ស្រុ​៊​ន ស្រ៊​ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា ជា​សកម្មភាព​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ជា​ទ​ង្វើ​ខុសច្បាប់ ដូច្នោះ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ច្បាប់ ។ ថ្វីបើ​បែប​នេះ​ក្ដី​បញ្ហា CLV នោះ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ដកខ្លួន​ចេញពី​គម្រោងការ​នានា​នៅ​ពេល​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ