រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យអនុវត្តសមិទ្ធផលទំនើបកម្មចំនួន ៤ សំខាន់ៗ ដើម្បីសម្របសម្រួលដល់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ។ ការប្រកាសនេះធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងទិសដៅការងារឆ្នាំ ២០២៦ នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នេះ ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងបានដាក់សម្ពោធនូវសមិទ្ធផលការងារទំនើបកម្មចំនួន ៤ រួមមាន ៖
១. ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដែលបានការកាត់បន្ថយនីតិវិធី និងឯកសារតម្រូវដើម្បីសម្របសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម អោយកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ លឿនរហ័ស និងចំណេញពេលវេលា ។
២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ដែលបានបញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ ទៅក្នុង ABA Mini App និង ACLEDA Mini App និងធនាគារផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ ។
៣. ការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយអនុវត្តរាល់ការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គិតត្រឹមតែ ១ឆ្នាំចុងក្រោយ ។
៤. ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី MOC Mobile App ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ផ្តោតលើការជួយសម្រួលអនុវត្តនិងលើកកម្ពស់ប្រសិទ្ធការងាររបស់មន្ត្រីក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រសើរជាងមុន ៕


ចែករំលែកព័តមាននេះ