ទីក្រុងគូឡាឡាំពួ ៖ ជនជាតិម៉ាឡេស៊ីជាង ៥៧.០០០ នាក់ បានលះបង់សញ្ជាតិរបស់ពួកគេ ហើយបានផ្លាស់ទៅរស់នៅប្រទេសសិង្ហបុរី ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយសិង្ហបុរី AsiaOne និង The Straits Times ដោយស្រង់របាយការណ៍របស់សារព័ត៌មាន Harian Metro របស់ម៉ាឡេស៊ី ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ថ្លែងជាមួយកាសែតម៉ាឡេស៊ី លោក បាឌ្រុល ហ៊ីសាម អាលីយ៉ាស (Badrul Hisham Alias) អគ្គនាយកនៃនាយកដ្ឋានចុះបញ្ជីជាតិម៉ាឡេស៊ី បានថ្លែងថា ជនជាតិម៉ាឡេស៊ីសរុបចំនួន ៦១ ១១៦ នាក់បានលះបង់សញ្ជាតិពួកគេ ដោយ ៩៣,៧៨ % ឬប្រហែល ៥៧ ៣១៥ នាក់ ផ្លាស់ទៅរស់នៅប្រទេសសិង្ហបុរី និង ២,១៥ % ផ្លាស់ទៅកាន់ប្រទេសអូស្ត្រាលី និង ០,៩៧ % ទៅកាន់ប្រទេសព្រុយណេ។
លោកបានបន្ថែមថា ស្ត្រីភាគច្រើនជាអ្នកលះបង់សញ្ជាតិពួកគេ ដែលសរុបចំនួន ៣៥ ៣៥៦ នាក់ ដ្បិតជនជាតិម៉ាឡេស៊ីជាមធ្យម ១ ម៉ឺននាក់បានបោះបង់សញ្ជាតិពួកគេជារៀងរាល់ឆ្នាំ។ លោកបានពន្យល់នៅក្នុងបទសម្ភាសន៍ជាមួយ Harian Metro ថា ការសម្រេចចិត្តលះបង់សញ្ជាតិម៉ាឡេស៊ីភាគច្រើនជំរុញដោយកត្តាសេដ្ឋកិច្ច និងគ្រួសារ។ នៅក្នុងករណីផ្លាស់ទៅសិង្ហបុរី ជនជាតិម៉ាឡេស៊ីជាច្រើននាក់កំពុងធ្វើការនៅទីនោះ ហើយឱកាសការងារ និងកម្រិតប្រាក់ចំណូលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានសញ្ជាតិ»។
លោកបានពន្យល់ទៀតថា ជនជាតិម៉ាឡេស៊ីភាគច្រើនដែលរៀបការជាមួយប្តីឬប្រពន្ធបរទេស និងធ្វើចំណាកស្រុកទៅក្រៅប្រទេស ហើយបានលើកឡើងពីហេតុផលគ្រួសារសម្រាប់ការផ្លាស់ប្តូរសញ្ជាតិរបស់ពួកគេផងដែរ។
នៅក្នុងចំណោមមនុស្ស ៦១ ១១៦ នាក់ដែលបានលះបង់សញ្ជាតិពួកគេ ភាគច្រើនមានអាយុចន្លោះពី ៣១ ទៅ ៤០ ឆ្នាំ ចំនួន ១៩ ២៨៧ នាក់ ឬ ៣១,១៦% បន្ទាប់មកគឺក្រុមមានអាយុចន្លោះពី ២១ ទៅ ៣០ ឆ្នាំ ចំនួន ១៨ ៨២៧ នាក់ ឬ ៣០,៨ % ក្រុមមានអាយុចន្លោះពី ៤១ ទៅ ៥០ ឆ្នាំ ចំនួន ១៤ ១២៦ នាក់ ឬ ២៣,១% និងក្រុមមានអាយុលើសពី ៥០ ឆ្នាំ ចំនួន ៨ ៨៧៦ នាក់ ឬ ១៤,៥%។
បើតាមកាសែតម៉ាឡេស៊ី The Star ក៏បានរាយការណ៍កាលពីខែសីហា ឆ្នាំមុនផងដែរថា ជនជាតិម៉ាឡេស៊ីជាង ៩៧ ០០០ នាក់ បានលះបង់សញ្ជាតិពួកគេក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ចន្លោះឆ្នាំ ២០១៥ ដល់ខែមិថុនា ឆ្នាំ ២០២៥៕

ចែករំលែកព័តមាននេះ