រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពចូលលួចគាស់បន្ទប់ជួលត្រូវបានម្ចាស់ផ្ទះឃើញទាន់នាំគ្នាដេញប៉ផាប់ចាប់ពភីង ធ្វើឱ្យជនសង្ស័យរត់ចូលពួនសំងំនៅផ្ទះចាស់ទុកចោលមួយកន្លែង ហើយក៏ត្រូវបាននគរបាលប៉ុស្តិ៍ចាប់ឃាត់ខ្លួនបានភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីម្ចាស់ផ្ទះបានអោយដឹងថា ផ្ទះរបស់គាត់តែងតែត្រូវជនសង្ស័យចូលគាស់ជាច្រើនដងមកហើយ លុះនៅយប់ថ្ងៃកើតហេតុ គាត់រង់ចាំមើលជនសង្ស័យធ្វើសកម្មភាព នៅពេលនោះស្រាប់តែឃើញជនសង្ស័យ២នាក់ធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលរបស់គាត់ ។ បន្ទាប់មកគាត់ក៏បានដេញតាម ដោយមានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមជាមួយផងដែរ។ ចំណែកជនសង្ស័យ២នាក់បាននាំគ្នារត់គេចពីម្ចាស់ផ្ទះចូលមកសំងំក្នុងផ្ទះចាស់ទុកចោលក្នុងដីឡូត៍មួយកន្លែង ។ បន្ទាប់មកម្ចាស់ផ្ទះឃើញជនសង្ស័យកំពុងពួនសំងំនៅក្នុងផ្ទះចាស់ ហើយធ្វើជាដេកលក់ ចំណែកជនរងគ្រោះជាម្ចាស់បន្ទប់ជួល បានតេទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ដើម្បីជួយអន្តរាគមន៍ភ្លាមៗនិងឃាត់ជនសង្ស័យបានម្នាក់យកមកសួរនាំភ្លាមៗតែម្តង ។
ជនសង្ស័យខាងលើបានសារភាពថា ខ្លួនទើបតែចេញពីគុកបាន៨ថ្ងៃ តែករណីចូលលួចឆ្កឹះសោបន្ទប់ជួលខាងលើ ខ្លួនអត់បានប្រព្រឹត្តិទេ ខ្លួនឃើញគេរត់ ខ្លួនក៏រត់តាមគេដែរ ។ អ្នកផ្សេង ដែលខ្លួនឃើញរត់នោះ គឺគេចខ្លួនបាត់អស់ហើយ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះបានចោទប្រកាន់ថា គឺជាជនសង្ស័យខាងលើបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលគាត់ពិតប្រាកដ ហើយបានដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅផ្នែកជំនាញព្រហ្មទណ្ឌដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ