ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ប្រទេស​ដែល​បាន​ស្វែងរក​ទំនាក់ទំនង​ជាមួយនឹង BRICS គឺ​មាន​ដល់​ទៅ​៥ ប្រទេស ហើយ​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន និង​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ប្លុក ។ ប៉ុន្តែ កម្ពុជា​ហាក់​មិន​ទាន់​បង្ហើប​នៅឡើយ​ទេ​អំពី​ប៉ូ​ល​នៃ​ចំណង​សហប្រតិបត្តិការ​មួយ​នេះ ។…

នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ប្រទេស​ដែល​បាន​ស្វែងរក​ទំនាក់ទំនង​ជាមួយនឹង BRICS គឺ​មាន​ដល់​ទៅ​៥ ប្រទេស ហើយ​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន និង​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ប្លុក ។ ប៉ុន្តែ កម្ពុជា​ហាក់​មិន​ទាន់​បង្ហើប​នៅឡើយ​ទេ​អំពី​ប៉ូ​ល​នៃ​ចំណង​សហប្រតិបត្តិការ​មួយ​នេះ ។

កម្ពុជា​មក​ដល់​ពេល​នេះ​ហាក់​ស្ងប់ស្ងាត់ និង​ទំនាក់ទំនង​អន្តរជាតិ​តាម​យន្តការ BRICS ដែល​ដាក់​ឈ្មោះ​ជា​អក្សរ​កាត់ ( Brazil, Russia, India, China and South Affrica) និង​ត្រូវ​បាន​បង្កើត​ឡើង កាលពី​ឆ្នាំ​២០០៩ ។ ការ​ដែល​កម្ពុជា​រក្សា​ភាព​ស្ងប់ស្ងាត់​បែប​នេះ​វា​អាច​ដោយសារ​តែ​កម្ពុជា​កំពុង​រង់ចាំ​សិក្សា​ពី​ប្លុក​នេះ ហើយ​ក៏​អាច​ថា ជា​ការ​រង់ចាំ​ស្ទាបស្ទង់​មួយ ។

ម្យ៉ាងវិញទៀត នៅ​ក្នុង​ចំណោម​សមាជិក BRICS ក្រៅពី​ចិន ឥណ្ឌា និង​រុ​ស្ស៊ី កម្ពុជា​នៅ​មិន​ទាន់​មាន​ទំនាក់ទំនង​សកម្ម​នៅឡើយ ស្រប​ពេល​ដែល​យន្តការ​ការទូត​ទ្វេភាគី​ជាមួយនឹង​មហាអំណាច​ទាំង​៣ គឺ​រឹង​មាំ​ស្រាប់ ។ ហេតុផល​មួយទៀត​ដែល​កម្ពុជា​មាន​ឥរិយា​បទ​ស្ងប់ស្ងាត់ អាច​ដោយសារ​តែ​កម្ពុជា​នៅ​មិន​ទាន់​មាន​ធនធានសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង ប្លុក​នេះ​នៅឡើយ​ក៏​ថា​បាន ។

ប្រទេស​នៅ​អាស៊ាន​ដែល​បាន​ស្វះ​ស្វែងរក​ទំនាក់ទំនង​ជាមួយនឹង BRICS គឺ​មាន​ឥណ្ឌូ​នេ​ស៊ី វៀតណាម ថៃ ម៉ា​ឡេ​ស៊ី និង​ឡាវ ដែល​បាន​ក្លាយជា​ប្រទេស​ចុង​ក្រោយ​ដែល​បាន​ប៉ុនប៉ង​ចូលរួម​ជាមួយនឹង BRICS​។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល BRICS ដែល​រៀបចំ​នៅ​ទីក្រុង​កា​ហ្សា​ន់ នៃ​ប្រទេស​រុ​ស្ស៊ី​កាលពី​ស​ប្តា​ហ៍​មុន​នេះ ប្រទេស​ទាំង​៥​នេះ គឺ​សុទ្ធតែ​បាន​បញ្ជូន​តំណាង​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ដោយ​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ថៃ បាន​បញ្ជូន រដ្ឋមន្ត្រី​ការ​បរទេស​ចូលរួម ខណៈ​ដែល​វៀតណាម គឺ​តំណាង​ដោយ​នាយក​រដ្ឋមន្ត្រី ហើយ​ឡាវ គឺ​ប្រធានាធិបតី​តែ​ម្តង ។

នៅ​ក្រោយ​ពេល​ដែល​ចូលរួម​ប្រជុំ​កំពូល​នេះ សារព័ត៌មាន Channel News Asia បាន​រាយការណ៍​ថា ប្រទេស​៤ ដែល​រួម​មាន ឥណ្ឌូ​នេ​ស៊ី វៀតណាម ថៃ និង​ម៉ា​ឡេ​ស៊ី និង​ប្រទេស​៩​ផ្សេង​ទៀត​ដែល​រួម​មាន អាល់​ហ្សេ​រី បូ​លី​វី គុយ​បា កា​ហ្សា​ក់​ស្ថាន នី​ហ្សេ​រី​យ៉ា តួ​ក​គី អ៊ូ​ហ្គ​ង់​ដា និង​អ៊ូ​បេ​គី​ស្ថាន​ដែល​បាន​ក្លាយជា​ប្រទេស​ដៃគូ​ថ្មី​របស់ BRICS ។ ប្រទេស​ទាំង​១៣​នេះ មិន​ទាន់​ក្លាយជា​សមាជិក BRICS នេះ​នៅឡើយ​ទេ ដោយ​សមាជិក​ពេញ​សិទ្ធិ​របស​ប្លុក​នេះ គឺ​នៅ​តែ​ប្រេ​ស៊ី​ល រុ​ស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិក​ខាងត្បូង អេ​ហ្ស៊ី​ប អេ​ត្យូ​ពី អ៊ី​រ៉​ង់ និង​អា​រ៉ាប់​រួម ដដែល​ទេ ។

ក្រោយ​ការ​ប្រជុំ​កំពូល​នេះ យោង​តាម​កាសែត Laotiane Times បាន​ឲ្យ​ដឹង​ថា លោក ថង​លួង ស៊ី​សូលី​ត ប្រធានាធិបតី​ឡាវ​បាន​បញ្ជាក់ និង​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ជា​ផ្លូវការ​នៅ​ក្នុង​ការ​ចូលរួម​ជាមួយនឹង BRICS ។ លោក ថង​លួង ស៊ី​សូលី​ត បាន​លើក​ឡើង​ថា BRICS គឺជា​ច្រក​ការទូត និង​ពាណិជ្ជកម្ម​មួយ​សម្រាប់​ឡាវ បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ ថាមពលបៃតង និង​ការ​អភិវឌ្ឍ ប្រកបដោយ​ចិ​រ​ភាព ហើយ​ក៏​អាច​នឹង​ជួយ​ប្រជាជាតិ​ដីគោក​គ្មាន​សមុទ្រ​នេះ សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ ។

ផ្អែក​នៅ​លើ​មូលដ្ឋាន​នេះ ការ​ដែល​ប្រទេស​ទាំង​៤​ផ្សេង​ទៀត​នៅ​អាស៊ាន​ចាប់អារម្មណ៍​នឹង BRICS ដែរ​នោះ គឺ​ដោយសារ​តែ ប្រទេស​ទាំងនេះ​ចង់​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ពាណិជ្ជកម្ម និង​ទំនាក់ទំនង​អន្តរជាតិ ទោះបីជា​ក្រុម ប្រទេស​ដ៏​សកម្ម​និង​មាន​សេដ្ឋកិច្ច​ធំ​នៅ​អាស៊ាន​ទាំងនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ប្រឆាំង​នឹង​លោក​ខាងលិច​ក៏​ដោយ​ចុះ ។

សរុបសេចក្តី​ទៅ សម្រាប់ BRICS គឺជា​ទីផ្សារ​ធំ ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​មាន​ទំហំ​រហូត​ដល់​ទៅ ២៨,៥ ទ្រី​លាន​ដុល្លារ ឬ​ប្រហែលជា​២៨​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ពិភពលោក ។ តំបន់​នេះ​មាន​ប្រជាពលរដ្ឋ​សរុប គឺ​៣,២ ពាន់​លាន​នាក់ ប៉ុន្តែ​ការ​ដែល​កម្ពុជា​ស្ងប់ស្ងាត់ គឺថា​អាច​កម្ពុជា​ដកឃ្លា​ពង្រឹង​ជំហ​ខ្លួន​សិន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​រវល់​នឹង​ទំនួល​ខុស​ត្រូវ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ឆ្នាំ​២០២៦ ។ កម្ពុជា​ក៏​អាច​ដកឃ្លា​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​របស់​ខ្លួន ពីព្រោះ​ថា បើ​ចូល​ពេល​នេះ​ក៏​កម្ពុជា​នៅ​មិន​ទាន់​ចំណេញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ