រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរជាមួយ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ដែលទទួលបានលទ្ធផលល្អប្រសើរ ខណៈបេក្ខជន ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។
តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤ នេះ»។
សម្ដេចបវរធិបតីបាម៊នបញ្ជាក់ថា៖ «ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង»។
យោងតាមការប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕








ចែករំលែកព័តមាននេះ