រដ្ឋាភិបាលជំនាន់ថ្មីនៃកម្ពុជា នៅក្នុងឆ្នាំទី២ នៃអាណត្តិរបស់ខ្លួនបានសម្រេចធ្វើការកាត់បន្ថយការចំណាយលើថវិកាជាតិសម្រាប់ឆ្នាំ២០២៥ ។ នេះជាផ្នែកមួយនៃការពង្រឹងការចាយលុយរដ្ឋអោយកាន់តែមានប្រសិទ្ធភាព ។ ដូច្នេះ មន្ត្រីរដ្ឋទាំងអស់ត្រូវចូលរួមជាមួយរដ្ឋាភិបាលក្នុងការចាយវាយអោយចេះសន្សំសំចៃ និងមានប្រសិទ្ធភាព ។…
រដ្ឋាភិបាលជំនាន់ថ្មីនៃកម្ពុជា នៅក្នុងឆ្នាំទី២ នៃអាណត្តិរបស់ខ្លួនបានសម្រេចធ្វើការកាត់បន្ថយការចំណាយលើថវិកាជាតិសម្រាប់ឆ្នាំ២០២៥ ។ នេះជាផ្នែកមួយនៃការពង្រឹងការចាយលុយរដ្ឋអោយកាន់តែមានប្រសិទ្ធភាព ។ ដូច្នេះ មន្ត្រីរដ្ឋទាំងអស់ត្រូវចូលរួមជាមួយរដ្ឋាភិបាលក្នុងការចាយវាយអោយចេះសន្សំសំចៃ និងមានប្រសិទ្ធភាព ។
តាមការប្រកាសដែលបានចេញកាលពីថ្ងៃសុក្រ ក្រោយពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជារបស់សម្តេច បានអនុម័តលើសេចក្តីព្រាងថវិកាចំនួន៣៧.៩៥០ ពាន់លានរៀលដែលមានតម្លៃប្រហែល៩,៣២ពាន់លានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី៣៨.៨២៩ ពាន់លានរៀល ឬប្រមាណជា៩,៥៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ។ សម្រាប់សំណើថវិកាជាតិ ឆ្នាំ២០២៥ នេះការចំណាយចរន្ត គឺមានប្រមាណជា ២៦.០៥៤ពាន់លានរៀល និងចំណាយមូលធនប្រមាណជា១១.៨៩៦លានរៀល ។
សេចក្តីប្រកាសព័ត៌មាននោះបានលើកឡើងថា ថវិកានៅឆ្នាំក្រោយ គឺស្មើនឹង ១៨,១៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ហើយកញ្ចប់ថវិកាឆ្នាំ២០២៥ នឹងបម្រើជាឧបករណ៍គោលនយោបាយដ៏មានប្រសិទ្ធភាពសម្រាប់រាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ និងពង្រឹងបន្ថែមទៀតនូវសមិទ្ធិផលសំខាន់ៗដែលកម្ពុជាសម្រេចបានកន្លងមកក៏ដូចជា ការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ។
កុំបារម្ភពេលឃើញរដ្ឋាភិបាលកាត់បន្ថយការចំណាយលើថវិកាជាតិបែបនេះ ពីព្រោះនៅពេលដែលរដ្ឋាភិបាលថ្មីបានចូលកាន់តំណែងកន្លងមកជាង១ឆ្នាំបន្ទាប់ពីការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលបានប្រឹងប្រែងធ្វើការកែទម្រង់ និងរឹតត្បិតការចំណាយផ្សេងៗនៅក្នុងគោលបំណងកាត់បន្ថយនូវការចំណាយណាដែលមិនអាទិភាព ឬមិនត្រូវគោលដៅ ឬគ្មានប្រសិទ្ធភាព ។ ក្រោយកាន់កាប់ការងារជាង១ឆ្នាំ រដ្ឋាភិបាលអាចដឹងអ្វីដែលត្រូវចំណាយ និងអ្វីដែលត្រូវរឹតត្បិត ។
ម្យ៉ាងវិញទៀតការសម្រេចចិត្តនេះក៏ស្របពេលសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតនៅក្នុងភាពមិនប្រាកដប្រជា បើទោះបីជាផលប៉ះពាល់នៃជំងឺកូវីដ១៩ បានធូរស្រាលមែនទែន ខណៈដែលពិភពលោកហាក់ស៊ាំនឹងបញ្ហាសង្គ្រាមដែលញាំញីនៅលើពិភពលោកដូចជា បញ្ហាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈឹមបូព៌ា ។ ទោះជាយ៉ាងនេះក្តី ការត្រៀមសម្រាប់អនាគតមិនប្រាកដប្រជា គឺជាកត្តាចាំបាច់ ។
សូមកុំបារម្ភរដ្ឋាភិបាលកាត់បន្ថយថវិកាជាតិមែន តែសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើង៦,៣ ភាគរយនៅឆ្នាំ២០២៥ ដែលជំរុញឱ្យអត្រាផលិតផលនៅក្នុងស្រុករបស់ជាតិកើនឡើងដល់២០៩.១៦៣ ពាន់លានរៀល ឬប្រហែល៥១,៣៩ ពាន់លានដុល្លារ ។
វិស័យឧស្សាហកម្មចំបងៗដូចជា កាត់ដេរ និងសំណង់ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៨,៦ ភាគរយនៅឆ្នាំ ២០២៥ ។ វិស័យសេវាកម្ម ទេសចរណ៍ ដឹកជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,៦ ភាគរយ ហើយវិស័យកសិកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង១,១ ភាគរយ ។
ស្របពេលដែលអ្វីៗនៃសេដ្ឋកិច្ចរំពឹងថា ឡើងចំណុចដែលវិជ្ជាមានបន្ថែមទៀតសម្រាប់កម្ពុជាវិញនោះ គឺថាអត្រាអតិផរណា ។ រដ្ឋាភិបាលបាននិយាយថា អត្រាអតិផរណាត្រូវបានគេរំពឹងថា នឹងកើតមានត្រឹមតែរង្វង់២,៥ភាគរយ ប៉ុណ្ណោះ ។ ស្របពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់២.៩២៥ ដុល្លារក្នុងឆ្នាំ២០២៥ ។
សរុបសេចក្តីទៅយើងរំពឹងថា នៅក្នុងឆ្នាំ២០២៥ ខាងមុខជាមួយនឹងគោលនយោបាយថវិកានេះវានឹងជាឧបករណ៍គោលនយោបាយដ៏មានប្រសិទ្ធភាព និងស័ក្តិសិទ្ធក្នុងការរក្សា ការពារ និងការពង្រឹងបន្ថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានកន្លងមកក៏ដូចជា បន្តចាក់គ្រឹះបម្រើការអភិវឌ្ឍរបស់កម្ពុជាតទៅមុខបន្ថែមទៀត ។
អាទិភាពចំណាយថវិកាឆ្នាំ២០២៥គឺឆ្លើយតបនឹងអាទិភាពនិងតម្រូវការចាំបាច់របស់ស្ថាប័នជាពិសេសគឺការផ្សាភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃបំពេញទៅនឹងគោលបំនងគោលនយោបាយរបស់ស្ថាប័ន ៕
ចែករំលែកព័តមាននេះ