ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​ប្រធាន​គណៈ​មេធាវីអាណត្តិ​ទី​១៥ និង​ក្រុមប្រឹក្សា​គណៈ​មេធាវីអាណត្តិ​ទី​១១ ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​​​ទី​២៨​ តុលា ឆ្នាំ​២០២៤ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​របស់​ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១៥ និង​ក្រុមប្រឹក្សា​គណៈមេធាវី…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​​​ទី​២៨​ តុលា ឆ្នាំ​២០២៤ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​របស់​ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១៥ និង​ក្រុមប្រឹក្សា​គណៈមេធាវី អាណត្តិ​ទី​១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ឈី​វ ភិ​រម្យ ។

ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ«សហ​សាល​ឧត្តមភាព​»​នៃ​ទីស្នាក់ការ​គណៈមេធាវី ដោយ​មានការ​ចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០​និង​អាណត្តិ​ទី​១១ ថ្នាក់ដឹកនាំ​និង​បុគ្គ​លិក​នៃ​អគ្គលេខាធិការ​គណៈមេធាវី ថ្នាក់ដឹកនាំ ​និង​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ប្រតិភូ​គណៈមេធាវី​ប្រចាំ​រាជធានី ខេត្ត ប្រចាំ​សាលាឧទ្ធរណ៍​តំបន់​ និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ និង​ប្រចាំ​តុលាការ​កំពូល ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​៥​របស់​គណៈមេធាវី ប្រធាន​គណៈកម្មការ​និពន្ធ​នាយក​ព្រឹត្តិបត្រ​មេធាវី និង​ប្រធាន​និង​សមាជិក​គណៈកម្មការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៥ ​និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១១ ប្រមាណ​ជាង ៣០០​នាក់​។

នៅ​ក្នុង​ពិធី​នេះ ឯកឧត្តម លីវ សុ​វ​ណ្ណា អគ្គលេខាធិការ​គណៈ​មេ ធា​វី​ឡើង​រាយការណ៍​អំពី​រចនា​សម្ព័ន្ធ​របស់​គណៈមេធាវី ស្ថានភាព​បុគ្គលិក​គណៈមេធាវី និង​ស្ថានភាព​ហិរញ្ញវត្ថុ​និង​ទ្រ ព្យ​សម្បត្តិ​របស់​គណៈមេធាវី លោក​មេធាវី នាង បញ្ញា តំណាង​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ ឡើង​រាយការណ៍​អំពី​តួនាទី​របស់​ក្រុមប្រឹក្សា​គណៈមេធាវី លទ្ធផល​ការងារ និង​ចំណាប់អារម្មណ៍​លើ​ការ​ដឹកនាំ​របស់​ប្រធាន​គណៈមេធាវី លោក​មេធាវី សែ​ម ស៊ី​នរិន្ទ ឡើង​ធ្វើ​ចំណាប់អារម្មណ៍​និង​ការ​ប្តេជ្ញា​ចិត្ត តំណាង​បុគ្គលិក​គណៈមេធាវី​។ លោក​មេធាវី សាំង វណ្ណៈ ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៥ ឡើង ធ្វើ​ចំណាប់អារម្មណ៍​និង​ប្តេជ្ញា​ចិត្ត​។

ឯកឧត្តម លី ច័ន្ទ​តុលា ​ថ្លែង​នូវ​មតិ​សំណេះសំណាល​និង ប្រគល់​លិខិត​សរសើរ​និង​ថ្លែងអំណរ​គុណ​ដល់​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​គណៈមេធាវី ប្រតិភូ​គណៈ មេធាវី ប្រធាន​គណៈកម្មការ​ទាំង​៦ របស់​គណៈមេធាវី ប្រធាន​និង​សមាជិក​គណៈកម្មការ​បោះ​ឆ្នោត និង ចុងបញ្ចប់​មាន​ពិធី​ប្រគល់​បញ្ជី​សារពើ​ភណ្ឌ ប័ណ្ណកម្មសិទ្ធិ​នៃ​អគារ​ទាំង​ពីរ​របស់​គណៈមេធាវី​បញ្ជី​គណនី និង​ត្រា​របស់​គណៈ មេធាវី​ជូន​លោក​មេធាវី សាំង វណ្ណៈ ប្រធាន​គណៈមេធាវី​ថ្មី ដើម្បី​ដឹកនាំ​គណៈមេធាវី​បន្ត ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម លី ច័ន្ទ​តុលា បាន​ផ្តល់​ជា​អនុសាសន៍​និង​សំណូមពរ​មួយ​ចំនួន​ដល់​សមាជិក សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១១ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការងារ​ដូច​ខាងក្រោម ៖

១-​ត្រូវ​គាំទ្រ​ដល់​គោលនយោបាយ និង​សហការ​ជាមួយ​ប្រធាន​គណៈមេធាវី ក្នុង​ទិស​ដៅ​លើកកម្ពស់ តម្លៃ​វិជ្ជាជីវៈ និង​ឧត្តម​ប្រយោជន៍ របស់​វិជ្ជាជីវៈ​។
២-សូម​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​។
៣-​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ គិតគូរ​និង​តម្កល់​ផលប្រយោជន៍​របស់​គណៈមេធាវី​ជា​ធំ​។
៤-​រាល់​កិច្ចប្រជុំ​និង​ការ​ពិភាក្សា​របស់​ក្រុមប្រឹក្សា​គណៈមេធាវី គឺជា​ការ​សម្ងាត់​។

មាន​ហេតុផល​ច្រើន​ណាស់​ដែល​នាំ​ឱ្យ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​ចែង​យ៉ាង​ច្បាស់​អំពី​ការ​រក្សា​ការ​សម្ងាត់​នេះ​។ ការ​ពិភាក្សា​និង​ការ​សម្រេច​មួយ​ចំនួន គឺ​មាន​ពាក់ព័ន្ធ​នឹង​កិត្តិយស​ ឬ​កេ​រ្តិ៍ឈ្មោះ​របស់​មេធាវី ឈ្មោះ​អ្នកគាំទ្រ​ឬ​មិន​គាំទ្រ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​របស់​គណៈ​មេធាវី​ផង​ដែរ​។ រាល់​ការ​ផ្សព្វផ្សាយ​ព៌​ត​មាន​ណាមួយ​ទៅ​តតិយជន​គឺ​ត្រូវធ្វើ​ឡើង​តាម​រយៈ​យន្តការ​ផ្សព្វផ្សាយ​របស់​គណៈមេធាវី​។

៥.​ត្រូវ​ចូលរួម​ប្រជុំ​ឱ្យ​បាន​ទៀងទាត់​និង​ទាន់​ពេលវេលា​។
៦.​ត្រូវ​សិក្សា ស្រាវជ្រាវ និង​សកម្ម​នៅ​ក្នុង​ការ​ជជែក ពិភាក្សា វែកញែក ធ្វើ​យ៉ាងណា​ធានា​ថា​រាល់​ការ​សម្រេច​នីមួយ​ៗ​របស់​ក្រុមប្រឹក្សា​គឺ​មាន​ហេតុផល​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​។
ឯកឧត្តម ក៏​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ទាំងអស់​របស់​គណៈមេធាវី គាំទ្រ​និង​ផ្តល់​ជំនួយ​គ្រប់​បែប​យ៉ាង ដល់​ប្រធាន​គណៈមេធាវី​ថ្មី និង​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១១ នៅ​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​។

ឯកឧត្តម​ប្រធាន បាន​ចូលរួម​អបអរសាទរ​ជា​ជាមួយ​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៥ និង​បងប្អូន​សហ​ភាតា​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១១​ទាំងអស់ ហើយ​ឯកឧត្តម​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ប្រធាន​និង​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ទាំងអស់ នឹង​គោរព​បាន​ខ្ជាប់ខ្ជួន​តាម​ការ​សន្យា​របស់​ខ្លួន ហើយនឹង​ជួយ​ប្រធាន​គណៈមេធាវី ដើម្បី​សម្រួល​និង​ព​ន្លឿ​ន​វិធាន​និង​យន្តការ​ទាំងឡាយ​ដើម្បី​ភាព​ជោគជ័យ​នៃ​ការងារ ដើម្បី​បន្ត​លើក តម្កើង​ឧត្តមភាព​និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​របស់​យើង ដើម្បី​ជា​ឧត្តម​ប្រយោជន៍​នៃ​វិជ្ជាជីវៈ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ