ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាកសិករជាច្រើននាក់ចាប់ផ្តើមប្រមូលផលដំណាំពោតក្រហមនៅតាមចម្ការរបស់ខ្លួននីមួយៗ នៅព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០២៤ នេះ ខណៈដែលដំណាំមួយនេះ ដល់ពេលទុំល្មមអាចជួលកម្មករ និងម៉ាស៊ីនចូលទៅបេះ ដើម្បីដឹកលក់យកថវិកាសងជំពាក់គេ និងសល់មួយចំនួនទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។
បើតាមប្រភពព័ត៌មានពីកសិករម្នាក់ ឈ្មោះ យ៉ែម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានដាំពោតក្រហមចំនួន៥ហិកតា នៅលើដី ចំការរបស់ខ្លួន អស់រយៈពេលជាង៣ខែមកហើយ។ គាត់បន្តទៀតថា ក្រោយពេលដាំដុះរួច ក៏ត្រូវទឹក ភ្លៀងជាញឹកញាប់ ធ្វើឱ្យដំណាំពោតក្រហមរបស់គាត់ បានដុះលូតលាស់យ៉ាងល្អ។ ទើបមកដល់ ពេលនេះ ដល់ពេលដំណាំពោតក្នុងចំការទុំ អាចប្រមូលផល ដោយជួលកម្មករឱ្យចូលទៅកាច់ស្នៀត ពោតតែម្តង។
ក្នុងការប្រមូលផល គាត់បានជួលកម្មករជាង១០នាក់ ឱ្យកាច់ស្នៀតពោត ដោយ ក្នុង១ការ៉ុង ឱ្យថ្លៃឈ្នួល ៣៥០០រៀល ហើយក្នុង១ថ្ងៃ ម្នាក់ៗ អាចរកចំណូលបានចាប់ពី៤ទៅ៥ម៉ឺនរៀលផងដែរ ដោយតម្រូវឱ្យកម្មករកាច់ស្នៀតពោត រួចបកសំកចេញជាស្រេច ងាយស្រួលក្នុងការដឹកយកទៅ លក់នៅតាមស្តង់នីមួយៗ ក្នុងខេត្តប៉ៃលិន ដោយគាត់អាចលក់ឱ្យថៅកែក្នុង១គីឡូក្រាម តម្លៃ៤៥០រៀល (ទាំងស្នូល)។
បើតាមកសិករម្នាក់ទៀត រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងដែរថា គាត់ចាប់ផ្តើមប្រមូលផល ពោតក្រហមជាង៤ហិកតា ខណៈដែលគាត់ជួលម៉ាស៊ីនគេឱ្យចុះច្រូតកាត់ និងកិនយកតែគ្រាប់ពោតសុទ្ធប៉ុណ្ណោះ។
គាត់បន្តទៀតថា ការប្រមូលផលពោតក្រហមនាចុងឆ្នាំ២០២៤នេះ ក្នុង៤ហិកតា អាច ទទួលបានគ្រាប់ពោតជាង៣០តោន ដែលទូទាត់កាច់កិនទៅ គឺមិនសូវចំណេញច្រើនប៉ុន្មាននោះទេ ព្រោះតម្លៃទីផ្សារពោតឆ្នាំនេះ ហាក់ដូចជាមានការធ្លាក់ចុះជាងឆ្នាំមុនៗបន្តិច។ តែបើសិនជាកសិផល ពោតទាំងស្នូល អាចលក់បានតម្លៃចាប់ពី៦០០រៀលក្នុង១គីឡូក្រាមឡើងទៅ គឺអាចនឹងចំណេញខ្លះៗ ដែរ សម្រាប់យកថវិកាសងជំពាក់បំណុលគេ និងទុកមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៤នេះ មិនសូវមានប្រជាពលរដ្ឋដាំ ដំណាំពោតក្រហម នេះឡើយ ព្រោះពួកគេភាគច្រើនងាកបែរទៅដាំដំឡូងមីច្រើនជាង ខណៈដែលសង្កេតឃើញថា កាលពីឆ្នាំមុនតម្លៃទីផ្សារមើមដំឡូងមី ហក់ឡើងខ្ពស់ជាងមើមដំឡូងមីសព្វថ្ងៃ៕
ចែករំលែកព័តមាននេះ