រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាបានរងឥទ្ធិពលព្យុះចំនួន២ គឺព្យុះទី២០ ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះកងរី (Kong-rey)នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ចាប់ពីថ្ងៃទី២៨ ដល់៣០ខែតុលា ឆ្នាំ២០២៤ ធ្វើឲ្យមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ព្យុះទី២០ ឈ្មោះ ត្រាមី និងព្យុះទី២១ ឈ្មោះកងរី (Kong-rey)នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូងឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ១-តំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសពាយ័ព្យ និងបស្ចិមមានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៥០% ។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាព មធ្យមអតិបរមា៣០°C ។ ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចិមមានល្បឿនមធ្យម៩ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០% ។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុ ណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសពាយ័ព្យមានល្បឿន មធ្យម ៦,៥ម៉ែត្រ វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ចែករំលែកព័តមាននេះ