ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សាលា​ចំណេះ​ទូទៅ​នៅ​កម្ពុជា ភាសាបរទេស​ដែល​បាន​អនុញ្ញាត និង​បើកចំហរ​ឲ្យ​សិស្សានុសិស្ស​ខ្មែរ​អាច​សិក្សា​បាន គឺ​មាន​តែ​ភាសា​បារាំង និង​អង់គ្លេស ហើយ​អនាគត​ដ៏​ខ្លី​នេះ​សាលា​មួយ​ចំនួន​តូច​អាច​នឹង​មាន​ភាសា​កូរ៉េ​មួយ​បន្ថែម​ទៀត ។ ការ​បន្ថែម​ភាសាបរទេស​ដូច​ជា ភាសា​កូរ៉េ​នៅ​ក្នុង​ពេល​ដ៏​ខ្លី​នេះ អាច​ជា​ជំរើស​មួយ​បន្ថែម​ទៀត…

នៅ​សាលា​ចំណេះ​ទូទៅ​នៅ​កម្ពុជា ភាសាបរទេស​ដែល​បាន​អនុញ្ញាត និង​បើកចំហរ​ឲ្យ​សិស្សានុសិស្ស​ខ្មែរ​អាច​សិក្សា​បាន គឺ​មាន​តែ​ភាសា​បារាំង និង​អង់គ្លេស ហើយ​អនាគត​ដ៏​ខ្លី​នេះ​សាលា​មួយ​ចំនួន​តូច​អាច​នឹង​មាន​ភាសា​កូរ៉េ​មួយ​បន្ថែម​ទៀត ។

ការ​បន្ថែម​ភាសាបរទេស​ដូច​ជា ភាសា​កូរ៉េ​នៅ​ក្នុង​ពេល​ដ៏​ខ្លី​នេះ អាច​ជា​ជំរើស​មួយ​បន្ថែម​ទៀត ប៉ុន្តែ​ទោះបីជា​យ៉ា​ណា​ក៏​ដោយ​កម្ពុជា​គួរតែ​បើកចំហ​រការ​សិក្សា​ភាសាបរទេស​ផ្សេង​ៗ​បន្ថែម​ទៀត ខណៈ​ដែល​នៅ​ប្រទេស​ជិតខាង​ការ​បណ្តុះបណ្តាល​កម្រិត​ភាសាបរទេស​នៅ​ក្នុង​តំបន់ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ថៃ​ជាដើម គឺ​ហាក់​បើកចំហរ​ជាង​កម្ពុជា​ជា​ពិសេស​ជាមួយនឹង​បណ្តា​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​កម្ពុជា ។

តាម​សេចក្តីរាយការណ៍​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ នៅ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួប​ពិសា​អាហារ​ថ្ងៃត្រង់ និង​ពិភាក្សា​ការងារ​ជាមួយ​លោក ផាក ជុង វូ​ក (Park Jung-wook ) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ។

ក្នុង​ឱកាស​នេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ប្រតិបត្តិការ​រវាង​គ្នា​លើ​វិស័យ​អប់រំ ក្នុង​គោលបំណង ៖ ផ្តល់​ថ្នាក់​ភាសា​កូរ៉េ​ជា​មុខ​វិជ្ជា​ផ្លូវការ​នៅ​វិទ្យាល័យ​គោលដៅ​ចំនួន​១៥ នៅ​កម្ពុជា​, បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គម្រោង​តាម​រយៈ​ការ​ជំរុញ​កិច្ចសហការ​រវាង​ស្ថាប័ន​អនុវត្ត​ផ្ទាល់ និង​ភាគី​ពាក់ព័ន្ធ និង​ចុង​ក្រោយ គឺ កំណត់​លក្ខខណ្ឌ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​នីមួយ​ៗ​ក្នុង​ការ​សម្របសម្រួល​ដល់​ប្រតិបត្តិការ​ថ្នាក់​ភាសា​កូរ៉េ ជា​មុខ​វិជ្ជា​ផ្លូវការ​នៅ​វិទ្យាល័យ​គោលដៅ​ក្នុង​ប្រទេស​កម្ពុជា ។

នេះ គឺជា​ឱកាស​មួយ​ថ្មី​បន្ថែម​ទៀត សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​មក​ដល់​ពេល​នេះ ពលរដ្ឋ​វ័យក្មេង​នៃ​យើង​គួរតែ​មានឱកាស​សិក្សា និង​រៀនសូត្រ​ភាសា​មួយ​ផ្សេង​ក្រៅពី​ភាសាជាតិ​របស់​យើង​បន្ថែម ដើម្បី​ជា​បំ​ណិ​ន​នៃ​ជីវិត និង​ដើម្បី​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​សម្រាប់​កា​រត​ភ្ជាប់ និង​លោក​កម្ពស់​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​នៅ​លើ​ពិភពលោក ។

សព្វ​ថ្ងៃនេះ​យើង​មាន​អ្នកចេះ​ភាសា​អង់គ្លេស​ច្រើន​បន្ទាប់​មក​អាច​ចិន ហើយ​និង​បារាំង​ជាដើម រីឯ​ភាសាប្រទេស​ជិតខាង គឺ​មាន​ខ្លះ​តែ​មិន​ទូលំទូលាយ​ឡើយ ។ រឿង​ភាសាបរទេស​មួយ​ការ​ដែល​មាន​ពលរដ្ឋ​អាន​អាច​អាន អាច​ចេះ​និយាយ អាច​យល់ និង​ស្តាប់​បាន​ពី​ភាសាបរទេស​វា គឺជា​ឱកាស​មួយ ។ រាល់​គំនិត​អភិរក្ស និង​លើកកម្ពស់​ចលនា​ជាតិនិយម​ពាក់ព័ន្ធ​នឹង​ភាសា គួរតែ​កុំ​រើសអើង​ពីព្រោះ​ការ​ដែល​យើង​ចេញ​យើង​យល់​បាន​ពី​ភាសា​របស់​គេ គឺជា​ចំណុចខ្លាំង​មួយ​ដែល​យើង​គួរតែ​ពង្រឹង ។ កាលណា​យើង​ចេះ​ភាសា ការ​ទំនាក់ទំនង ការ​បដិសណ្ឋារកិច្ច ការ​ស្វាគមន៍ និង​ការ​ធ្វើ​អាជីវកម្ម គឺ​មាន​ភាព​ងាយស្រួល​មែនទែន ។

នៅ​ប្រទេស​ជិតខាង​កម្ពុជា​យើង ដូច​ជា ប្រទេស​ថៃ និង​វៀតណាម គឺ​គេ​កំពុង​តែ​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​មានការ​សិក្សា​ពី​ភាសា​ខ្មែរ​របស់​យើង ។ ដូច្នេះ​នៅ​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​យើង​ក៏​គួរតែ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​យើង​សិក្សា​ភាសា​ពី​ប្រទេស​ជិតខាង ។ ការ​សិក្សា​ពី​ភាសាប្រទេស​ជិតខាង និង​ភាសាប្រទេស​មួយ​ផ្សេង​ក្រៅពី​ភាសាជាតិ វា​ពិត​ប្រសើរ​ដោយសារ​តែ​យើង​អាច​ងាយស្រួល​នៅ​ក្នុង​ការ​ធ្វើ​ធុរកិច្ច និង​ពិភាក្សា​ផ្សេង​ៗ ។

សូមកុំ​ទុទិដ្ឋិនិយម​នឹង​ការ​សិក្សា​ភាសាប្រទេស​ដទៃ ជា​ពិសេស គឺ​ប្រទេស​ជិតខាង​ពីព្រោះ​តែ​ប្រវត្តិសាស្ត្រ ការ​រើសអើង​ឬ​ជាតិនិយម ។ ការ​ដែល​យើង​ចេះ​ពី​ភាសា​របស់​គេ គឺ​ធ្វើ​ឲ្យ​យើង​មានឱកាស​កាន់តែ​ងាយស្រួល​នៅ​ក្នុង​ការ​សិក្សា ការ​តាមដាន ការ​ស្រាវជ្រាវ​ពី​គេ ជា​ពិសេស គឺ​ងាយស្រួល​យល់​ពី​គេ ។ នៅ​ក្នុង​ករណី​យើង​មានគំនិត​អភិរក្ស អត់​ព្រម​រៀន​ពី​គេ ធ្វើ​ឲ្យ​យើង​មានគំនិត​ប្រៀប​បីដូច​ជា កង្កែប​នៅ​ក្នុង​អណ្តូង​ខ្វះ​ទំនាក់ទំនង ពិបាក​យល់​ពី​គេ ។ ដល់​ពេល​យើង​ត្រូវការ​ទើប​ខំប្រឹង​ស្រ​វេ​ស្រវា​ក៏​វា​មិនល្អ​ដែរ ។

ស​រុម​ក​វិញ ប្រសិនបើ​អាច​ក្រសួង​អប់រំ យុវជន និង​កីឡា គួរ​រិះគិត​ចំណុច​នេះ ហើយ​បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​យើង​ម្នាក់​ៗ​ក៏​គួរតែ​ចាប់​យក ឬ​ស្វែងរក​ឱកាស​រៀន​ពី​ភាសាប្រទេស​ជិតខាង​យើង​បន្ថែម ដើម្បី​ឲ្យ​ជីវិត និង​ឱកាស​របស់​យើង​កាន់តែ​មានការ​ប្រកួតប្រជែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ