ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង បើ​និយាយ​អំពី​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍ ហាក់​មិនសូវ​ជា​រសើប​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​និយាយ​ដល់​បញ្ហា​ព្រំដែន និង​អរិយធម៌…

ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង បើ​និយាយ​អំពី​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍ ហាក់​មិនសូវ​ជា​រសើប​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​និយាយ​ដល់​បញ្ហា​ព្រំដែន និង​អរិយធម៌ គឺ​ត្រូវ​តែ​យកចិត្តទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ខ្លាច​មាន​ក្រុម​អ្នក​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាតិនិយម ។

ទាំង​កម្ពុជា និង​ថៃ ត្រូវ​តែ​បង្កើន​ការ​គោរព​គ្នា ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ ដើម្បី​ផលប្រយោជន៍​សេចក្តីសុខ​រួម តាម​រយ​:​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​សំខាន់​ៗ ។

ការ​ដែល​លើក​ឡើង​បែប​នេះ​ពីព្រោះ​ថា តាម​ការ​បង្ហើប​ដោយ​មន្ត្រីជាន់ខ្ពស់​របស់​ថៃ តាម​សារព័ត៌មាន​ថៃ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជួប​គ្នា​នៅ​វៀងចន្ទន៍ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា អាច​នឹង​មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ នៅ​កម្ពុជា​នៅ​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​នឹង​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​មួយ​ចំនួន​ជាមួយនឹង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។

មន្ត្រី​ថៃ​ជាន់ខ្ពស់​ដែល​បាន​បង្ហើប​រឿង​នេះ គឺ​លោក អនុ​ធី​ន ឆាន​វី​រ៉ៈ​គូ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​កាលពី​ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ​២០២៤​ថ្មី​ៗ​នេះ ។ បន្ទាប់​ពី​ជំនួប​នោះ ភាគី​កម្ពុជា​មិន​បាន​លើក​ឡើង​អំពី​ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី ផៃ​ថង​ថា​ន ទេ ដោយ​គ្រាន់តែ​លើក​ឡើង​ថា ក្នុង​ឱកាស​នៃ​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ពុជា​-​ថៃ មាន​ទំនាក់​ទំនងជា​ប្រពៃណី និង​យូរអង្វែង​ជា​អ្នក​ជិតខាង​ល្អ និង​ជា​ប្រទេស​មាន​វប្បធម៌​ប្រហាក់ប្រហែល​គ្នា ហើយ​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថៃ​-​កម្ពុជា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ប៉ុណ្ណោះ ។

ដោយឡែក​សម្ដេច​មហា​បវរ​ធិ​បតី បាន​បង្ហាញ​នូវ​ក្ដី​រីករាយ​ចំពោះ​វឌ្ឍនភាព និង​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​ទ្វេភាគី​កន្លង​មក នៅ​គ្រប់​កម្រិត​ទាំង​ក្របខ័ណ្ឌ រាជរដ្ឋាភិបាល និង​ខេត្ត​ជាប់​ព្រំដែន ។

សម្ដេច​មហា​បវរ​ធិ​បតី និង​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ រួម​មាន​ជា​អាទិ៍ ៖ វិស័យ​ការពារ​ជាតិ និង​សន្ដិសុខ ជា​ពិសេស​ការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន សំដៅ​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​ថៃ ជា​ព្រំដែន​សន្ដិភាព សុវត្ថិភាព និង​វិបុលភាព​សម្រាប់​ប្រជាជន​ទាំង​ពីរ​។ ក្រៅពី​នេះ ក្នុង​គោលដៅ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក៏​ដូច​ជា ការ​ជំរុញ​ការ​ឱ្យ​មានការ​បើក​ច្រកព្រំដែន​ឱ្យ​បាន​ច្រើន​ថែម​ទៀត ជា​ពិសេស​ការ​បើក​ជា​ផ្លូវការ​នូវ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​ឱ្យ​បាន​ឆាប់ ។

ប៉ុន្តែ​តាម​ការ​ផ្សព្វផ្សាយ​ដោយ​កាសែត the Nation វិញ​បាន​បង្ហើប​ថា នៅ​ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ លើក​ឡើង​ថា លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​បង្ហាញ​ពី​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជិតខាង​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដោយ​ជឿជាក់​ថា ទំនាក់ទំនង​ការទូត យោធា និង​សេដ្ឋកិច្ច​ឆ្លង​ព្រំដែន​ដ៏​រឹង​មាំ​នឹង​ធានា​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ជោគជ័យ​។លោក​បាន​លើក​ឡើង​ថា កម្ពុជា និង​ថៃ មាន​វប្បធម៌​ស្រ​ដៀង​គ្នា ហើយ​ថៃ​នឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ ប្រែក្លាយ​មូលដ្ឋាន​រួម​នេះ​ទៅ​ជា​ថាមពលទន់​ដ៏​មាន​ឥទ្ធិពល ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​ទេសចរណ៍​របស់​ប្រទេស​ទាំង​ពីរ​បង្កើត​ការងារ និង​ជីវភាព​រស់នៅ​សម្រាប់​ប្រជាជន​។

តាម​ការ​ផ្សាយ​ដដែល​បាន​បន្ត​ថា ដោយឡែក​សម្តេច​មហា​បវរ​ធិ​បតី បាន​ឆ្លើយ​តប​ដោយ​ថ្លែងអំណរគុណ និង​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​គាំទ្រ​ការ​ពិភាក្សា ជា​ពិសេស​លើ​ការ​អនុវត្ត​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម និង​សកម្មភាព​ខុសច្បាប់​ផ្សេង​ទៀត ។ សម្តេច​ធិ​បតី​ក៏​បាន​មាន​ប្រសាសន៍​ថា សម្តេច​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​មក​កាន់​ប្រទេស​កម្ពុជា ដោយ​លោក​បាន​បន្ថែម​ថា លោក និង​លោកស្រី ធ្លាប់​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រដ្ឋធានី​ឡាវ ។

រឿង​ពាណិជ្ជកម្ម​ក៏​ដូច​ជា វិនិយោគទុន ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ​ហាក់​កំពុង​តែ​ប្រសើរ ហើយ​ក៏​មិន​មាន​អ្វី​ដែល​រសើប​ខ្លាំង​ដែរ ។ នៅ​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២៤ ថៃ​ជាទី​ផ្សារ​ទេសចរណ៍​កម្ពុជា​ធំ​បំផុត​ជាមួយនឹង​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់ ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​សរុប ៣,១៦​ពាន់​លាន​ដុល្លារ​កើនឡើង​១២,៤​ភាគរយ ។ កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​បាន​ជាង ៦៤៥ លាន​ដុល្លារ ហើយ​កម្ពុជា​នាំ​ចូល​មក​វិញ ជាង ២,៥២ ពាន់​លាន​ដុល្លារ ។ រឿង​វិនិយោគទុន​ថៃ​ក៏​មាន រោងចក្រ ក្រុមហ៊ុន​ថាមពល សណ្ឋាគារ ហិរញ្ញវត្ថុ និង សហ​គ្រាន​ខ្នាត​តូច​និង​មធ្យម​មួយ​ចំនួន​ទៀត ។

ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​កម្ពុជា និង​ថៃ​នេះ​យើង​ជឿជាក់​ថា មន្ត្រី​ជំនាញ​កម្ពុជា​បាន​ជ្រាប​ច្បាស់​ជាង​យើង​ផង ប៉ុន្តែ​គ្រាន់តែ​រំលេច​បន្ថែម​ថា ប្រសិនបើ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​មក រឿង​សហ​ប្រតប​ត្តិ​ការ​នានា​អាច​ដដែល ប៉ុន្តែ គឺ​រឿង​ដែល​ថ្មី​អាច​ជា​រឿង​ព្រំ​ដែនទឹក ជា​ពិសេស គឺ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ អំពី​បញ្ហា​នៃ​ការ​ធ្វើ​អាជីវកម្ម​រួម​គ្នា​នូវ​ធនធាន​ថាមពល​ប្រេង និង​ឧស្ម័ន ហើយ​ក៏​អាច​នឹង មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ ។ ថៃ​ក៏​មាន​និន្នាការ​ជំរុញ​ការ​បើក​ព្រំដែន​នៅ​តំបន់​ព្រះ​វិហារ នេះ​ផង​ដែរ ។

សរុប​មក​វិញ​ទំនាក់ទំនង​ទ្វេរ​ភាគី​របស់​កម្ពុជា និង​ថៃ កន្លង​មក​ចុះសម្រុង​គ្នា​រឿង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍ ប៉ុន្តែ​រឿង​ដែល​រសើប គឺ​បញ្ហា​ជាតិនិយម​ពាក់ព័ន្ធ​នឹង​អរិយធម៌ ក៏​ដូច​ជា បញ្ហា​ព្រំដែន ដោយសារ តែ​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ស្នាម​ប្រេះ ហើយ​ក៏​មាន​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ ប៉ុន្តែ សំខាន់ គឺ​ធ្វើ​យ៉ាងណា​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ