គោលដៅរបស់កម្ពុជា គឺទាក់ទាញទេសចរណ៍បរទេស ។ ដូច្នេះ កម្ពុជាគួរតែចាប់យកគ្រប់ឱកាសនៃការបង្កើនទេសចរណ៍មកកាន់កម្ពុជា មិនថា ក្រោមគម្រោងឯកតោភាគី ទ្វេភាគី ឬពហុភាគីទេ ។…
គោលដៅរបស់កម្ពុជា គឺទាក់ទាញទេសចរណ៍បរទេស ។ ដូច្នេះ កម្ពុជាគួរតែចាប់យកគ្រប់ឱកាសនៃការបង្កើនទេសចរណ៍មកកាន់កម្ពុជា មិនថា ក្រោមគម្រោងឯកតោភាគី ទ្វេភាគី ឬពហុភាគីទេ ។
សម្រាប់វិស័យទេសចរណ៍ យើងមិនគួរប្រកាន់មិនធ្វើការជាមួយនឹងនរណា ឬជាតិសាសន៍ណានោះទេ ។ សំខាន់ គឺយើងចេះរៀបចំយុទ្ធសាស្ត្រ ដើម្បីបន្តកសាងវិស័យទេសចរណ៍ប្រកបដោយការប្រកួតប្រជែង និរន្តរភាព និងធន់ ដែលទាក់ទាញ ហើយភ្ញៀវគេមកចាយលុយនៅស្រុកយើង ។ គេទទួលភាពរីករាយពីយើង និងគោរពច្បាប់ ព្រមទាំងប្រពៃណីទំនៀមទំលាប់ស្រុកយើង ។ ចំណែកប្រជាជនយើងកាន់តែមានប្រភពចំណូលពីវិស័យទេសចរណ៍នេះ ។

ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឲ្យបានប្រសើរលើសពីកម្រិតដែលទទួលបាននៅមុនការរីករាលដាលនៃមេរោគកូវីដ១៩ រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនដែរ ហើយថ្មីៗនេះក៏មានការរុះរើគណរដ្ឋមន្ត្រី ដោយក្រសួងទេសចរណ៍ក្លាយជាគោលដៅមុនគេថែមទៀត ។ ថ្មីៗនេះ កម្ពុជាត្រូវបានគេរំពឹងថា កំពុងពិចារណាលើគំនិតផ្តួចផ្តើម «ប្រទេសចំនួន៦ ទិសដៅតែមួយ» ដែលស្នើឡើងដោយប្រទេសថៃដែលមានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងចំណោមប្រទេសក្នុងតំបន់ចំនួន៦ ។
លោក ឌូសិត ម៉ាណាផាន (Dusit Manapan) ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងពីសំណើនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ នៅរាជធានីភ្នំពេញថ្មីៗនេះ ។ ក្នុងជំនួបនោះ លោក ហួត ហាក់ បានជម្រាបភាគីថៃថា លោកបានកត់សម្គាល់ពីគំនិតផ្តួចផ្តើម «ប្រទេសទាំង៦ (ថៃ កម្ពុជា ឡាវ ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាម) គោលដៅតែមួយ» និងបានស្នើឱ្យភាគីថៃផ្តល់កំណត់ចំណាំគោលគំនិតដ៏ទូលំទូលាយ និងឯកសារពាក់ព័ន្ធនៃគំនិតផ្តួចផ្តើមនេះតាមរយៈបណ្តាញការទូត ។

ក្រោយការជួបពិភាក្សាមានការផ្សព្វផ្សាយអំពីបញ្ហានេះហើយក៏មានប្រតិកម្មជាបន្តបន្ទាប់ រហូតដល់ក្រសួងចេញសេចក្តីសេចក្តីថ្លែងការណ៍បញ្ជាក់ដោយលើកឡើងថា លោករដ្ឋមន្ត្រីមិនទាន់បញ្ជាក់អំពីការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមនេះដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទេ ។ គំនិតផ្តួចផ្តើមដែលស្នើឡើងដោយប្រទេសថៃ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងប្រទេស៤ផ្សេងទៀត ។
សូមកុំប្រទាំង ហើយកុំប្រទើសអី រឿងទេសចរណ៍ និងរឿងជាតិនិយមជារឿងផ្ទុយគ្នា ។ ជាការពិតជាតិនិយម គឺត្រូវតែមាន ប៉ុន្តែកាលណាគេនិយាយអំពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគ្នា គឺគេនិយាយអំពីផលប្រយោជន៍ទៅវិញទៅមក ដោយឈរនៅលើភាពស្មើភាព ។ ក្រៅពីថៃយើងក៏អាចធ្វើការជាមួយនឹងវៀតណាម ឬក៏ជាមួយនឹងជាមួយឡាវឬក៏ប្រទេសណាមួយក៏បានសំខាន់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ និងការគោរពច្បាប់ ។
សូមកុំអោយស្មារតីជាតិនិយមក្លាយជាអ្វីដែលមានលក្ខណៈជ្រុលនិយមជ្រុលពីព្រោះពាក្យថាជ្រុលនិយម គឺជាទូទៅច្រើនតែមានបញ្ហា ហើយនៅពេលដែលមានបញ្ហាផលប៉ះពាល់នឹងមានចំពោះជាតិ និងប្រជាជនកម្ពុជា ។ ជាតិនិយមជ្រុលហួសហេតុមិនគួរធ្វើអោយកម្ពុជាងាប់ក្រឡា ក្នុងការពង្រីកជើងមេឃទេសចរឡើយ ។ ក្នុងពិភពលោកបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅលើពិភពលោកបានក្លាយជាអាទិភាព ។ បើសិនជាយើងចង់រីកចម្រើនយើងត្រូវតែពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ។
របាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយ កាលពីថ្ងៃពុធថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៤,៨ លាននាក់ក្នុងរយៈពេល៩ ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង២២ ភាគរយពីចំនួន ៣,៩២លាននាក់ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
ប្រទេសថៃនៅតែឈរលើកំពូលតារាងនៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំនេះបន្ទាប់មកប្រទេសវៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ។
របាយការណ៍បាននិយាយថា ចំនួននេះបានឈានដល់៩៩,៧ ភាគរយនៃចំនួននោះ ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០១៩ ដែលជាយុគសម័យដែលកម្ពុជាសម្រេចបានមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងជឿជាក់ថា កម្រិតនៃការចំណាយប្រហែលជាមិនអាចឈានដល់សម័យកាលមុនកូវីដ១៩ឡើយ ។ កូវីដ១៩ធ្វើឲ្យប្រជាជននានាស្វិតហោប៉ៅ ហើយវានៅមានសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាមនៅមជ្ឈឹមបូព៌ាកំពុងតែងំឡើងបន្ថែមទៀត ។ ដូច្នេះចំនួនភ្ញៀវអាចជិតស្មើតែការចំណាយរបស់ពួកគេ គឺមិនអាចដូចពីមុនទេ ។
អាស្រ័យហេតុនេះ សូមបន្តអត់ធ្មត់ ហើយការអត់ធ្មត់នេះមិនមែនតែនៅស្រុកយើងទេ គឺស្រុកគេផ្សេងៗ គឺនៅតែមានបញ្ហា ដូច្នេះសូមខំទាំងអស់គ្នាកុំខំតែរអ៊ូ ។ រអ៊ូហើយខំទៅមិនអីទេ តែអង្គុយរអ៊ូហើយ អត់ធ្វើអី រអ៊ូដល់ស្ងួតបំពង់កក៏ទៅមិនរួចដែរ ។
កម្ពុជាត្រូវមានផ្នត់គំនិតទូលាយ ហើយរុករកគ្រប់ឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាមិនថា លើវិស័យទេសចរណ៍ សូម្បីទាំងវិស័យទាំងអស់ក៏យ៉ាងដូច្នេះដែរ។ ដរាបណាសត្វឆ្មាអាចចាប់កណ្តុរបាន គេមិនគួរខ្វល់ឡើយថា ឆ្មានោះសម្បុរស ឬខ្មៅទេ ៕
ចែករំលែកព័តមាននេះ