ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​អន្តរជាតិ ជា​ពិសេស គឺ​ភាសា​អង់គ្លេស​នានា​នៅ​កម្ពុជា​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​កំពុង​តែ​ជ្រួលជ្រើម​សម្បើម​ណាស់ សម្រាប់​ថ្ងៃ​ទី​៣១ ខែតុលា ខាង​មុខ​ដោយសារ​តែ​វា​ជា​ថ្ងៃ​ដែល​សហគមន៍​គ្រិស្តសាសនា​នា​នឹង​រៀបចំ​បុណ្យ​មួយ​គេ​ហៅ​ថា បុណ្យ​ហា​ឡូ​វិ​ន (Halloween) ។ ពិធីបុណ្យ​នេះ​មិនមែន​ទើបតែ​ហូរ​ចូល​កម្ពុជា​នោះ​ទេវា​ហូរ​ចូល​យូរហើយ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា…

សិស្សសាលា​អន្តរជាតិ ជា​ពិសេស គឺ​ភាសា​អង់គ្លេស​នានា​នៅ​កម្ពុជា​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​កំពុង​តែ​ជ្រួលជ្រើម​សម្បើម​ណាស់ សម្រាប់​ថ្ងៃ​ទី​៣១ ខែតុលា ខាង​មុខ​ដោយសារ​តែ​វា​ជា​ថ្ងៃ​ដែល​សហគមន៍​គ្រិស្តសាសនា​នា​នឹង​រៀបចំ​បុណ្យ​មួយ​គេ​ហៅ​ថា បុណ្យ​ហា​ឡូ​វិ​ន (Halloween) ។

ពិធីបុណ្យ​នេះ​មិនមែន​ទើបតែ​ហូរ​ចូល​កម្ពុជា​នោះ​ទេវា​ហូរ​ចូល​យូរហើយ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា បើកចំហរ​ទទួល​ឥទ្ធិពល​សកល ។ ទំនៀមទម្លាប់​លោក​ខាងលិច​មួយ​ចំនួន​បាន​ចាប់ផ្តើម​ចូល​មក​ក្នុង​ប្រទេស ហើយ​មួយ​ក្នុង​ចំណោម​ពិធី​ទាំងនេះ គឺជា​ពិធីបុណ្យ ហា​ឡូ​វិ​ន ដែល​តែងតែ​ប្រារព្ធ​នៅ​ក្នុង​សាលា​អន្តរជាតិ​មួយ​ចំនួន​អាជីវកម្ម និង​ក្នុង​ចំណោម​ក្រុម​តូច​ៗ​នៃ​យុវជន​នៅ​ក្នុង​តំបន់​ទីក្រុង ។ ប៉ុន្តែ តើ​នេះ​ជា​ការ​អភិវឌ្ឍ​វិជ្ជមាន ឬ​អវិជ្ជមាន​សម្រាប់​កម្ពុជា ?

ប្រសិនបើ​យើង​មិន​ធ្វើការ​រិះគិត ពិធីបុណ្យ ហា​ឡូ​វិ​ន នេះ​ក្តី និង​ពិធី​ផ្សេង​ៗ​ហាក់ដូចជា គ្មាន​គ្រោះថ្នាក់​ទេ​សម្រាប់​កម្ពុជា​ពីព្រោះ​វា​ជា​ព្រឹត្តិការណ៍​ដ៏​រីករាយ​ដែល​មនុស្ស​ស្លៀកពាក់​ប្លែក​ៗ​ប៉ុន្តែ​ភាគច្រើន គឺ​បែប​ខ្មោច បែប​កន្ត្រាក់​អារម្មណ៍ ចែករំលែក​ស្ករ​គ្រាប់ និង​រីករាយ​ជាមួយ​រាត្រី​ដ៏​អស្ចារ្យ ។ សម្រាប់​ព្រឹត្តិការណ៍​នេះ នៅ​តាម​សាលា​អន្តរជាតិ និង​ភាសា​អង់គ្លេស​វា​ផ្តល់​ឱ្យ​សិស្ស​នូវ​រសជាតិ​នៃ​វប្បធម៌​លោក​ខាងលិច ដែល​ជា​ឱកាស ដើម្បី​ស្វែង​យល់​អំពី​ទំនៀមទម្លាប់​សកល ។

អាស្រ័យ​ហេតុនេះ​សាលារៀន​អន្តរជាតិ និង​ភាសា​អង់គ្លេស​ជា​ច្រើន គឺ​កំពុង​តែ​ផុលផុស​បំផុស​ការ​រៀបចំ​ពិធីបុណ្យ​នេះ ដោយ​មាន​ទាំង​កម្មវិធី​ជ្រើសរើស​សិស្ស​ឲ្យ​សំដែង អោយធ្វើ​នេះ​ធ្វើ​នោះ ផ្សេង​ៗ​តាម​គន្លង​នៃ​ទំនៀមទម្លាប់​ពិធី​ហា​ឡូ​វិ​ន​នេះ ។

ជា​សេចក្តី​ពិត​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បន្ត​ធ្វើ​សមាហរណកម្ម​ជាមួយ​សហគមន៍​អន្តរជាតិ​នៅ​លើ​ពិភពលោក ការ​បង្ហាញ​ពី​ការ​អនុវត្ត​វប្បធម៌​ផ្សេង​ៗ​គ្នា​អាច​ពង្រីក​ទស្សនៈ និង​បង្កើន​ភាព​ច្នៃប្រឌិត ។ ក្នុង​ន័យ​នេះ​ហា​ឡូ​វិ​ន អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ស្ពាន​នៃ​កា​រត​ភ្ជាប់​នៃ​ទំនាក់ទំនង​វប្បធម៌​ទៅ​កាន់​ភាព​ជា​ពលរដ្ឋ​ពិភពលោក ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក្តី​បារម្ភ​កើតឡើង​នៅ​ពេល​ពិចារណា​ពី​ផល​ប៉ះពាល់​កាន់តែ​ស៊ីជម្រៅ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​បរទេស​នៅ​កម្ពុជា ។ បុណ្យ ហា​ឡូ​វិ​ន មិន​មាន​ឫសគល់​នៅ​ក្នុង​ប្រពៃណី​ខ្មែរ​ទេ ហើយ​ក៏​មិន​ស្រប​តាម​តម្លៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​រដ្ឋ របស់​ប្រទេស​ដែរ ឬ​ពិធីបុណ្យ​ទាំងនេះ​រៀបចំ​ឡើង​កាន់តែ​ឧឡា​រឹក វា​អាច​ជា​ហានិភ័យ​នៃ​ការ​ធ្វើ​ឱ្យ​អ្នក​ផ្សេង​ដែល​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​បែប​នេះ​ជា​ការ​បំផ្លាញ​តម្លៃ​វប្បធម៌ ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​ជំនាន់​មុន ។

ជាង​នេះ​ទៅ​ទៀត ការ​ធ្វើ​ពាណិជ្ជកម្ម និង​អាជីវកម្ម​តាម​ការ​ឃោសនា​ពី​ពិធីបុណ្យ ហា​ឡូ​វិ​ន អាច​នឹង​បង្ហាញ​ពី​អាកប្បកិរិយា​សម្ភារៈ​និយម​ដែល​ខុស​ពី​របៀប​រស់នៅ​បែប​ប្រពៃណី​របស់​ខ្មែរ ។ បុណ្យ​ហា​ឡូ​វិ​ន នៅ​ប​ស្ចឹ​ម​ប្រទេស​ជា​រឿយ​ៗ​ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកចូលរួម​ស្លៀក​សំលៀក​បំពាក់ និង​ការ​តុបតែង​ខ្លួន​ប្លែក​ៗ​ដែល​របស់​ទាំងនោះ​សុទ្ធតែ​ថ្លៃ ហើយ​វា​អត់​ប្រយោជន៍​ពីព្រោះ​វា​ប្រើប្រាស់​បាន​តែ​សម្រាប់​ពិធី​នេះ ។ សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​ជា​ច្រើន​នៅ​តែ​ជួប​បញ្ហា​សេដ្ឋកិច្ច ការ​ប្រារព្ធ​ពិធី​នេះ គឺជា​ការ​ចំណាយ​ខ្ជះខ្ជាយ​មួយ​ជ្រុង​ដែរ ។

ផ្អែក​តាម​ទឡ្ហីករណ៍​នេះ សាលារៀន​នានា​មិន​គួរ​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​នៅ​ក្នុង​សាលា​រៀបចំ​វា​ឲ្យ​អធិកអធម​ពេក​នោះ​ទេ ។ ប្រសិនបើ​ចង់​ឲ្យ​សិស្សានុសិស្ស​យល់ គឺ​គួរ​ត្រឹមតែ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​អាន​អត្ថបទ​ធ្វើ​កិច្ច​ពិភាក្សា​ជជែក​វែកញែក​អំពី​ពិធី​នេះ គឺ​បាន​ហើយ​កុំ​រហូត​ដល់​ថ្នាក់​អត់​រៀន​ទេ គឺ​អោយ​សិស្ស​លេង​សប្បាយ​នឹង​ព្រឹត្តិការណ៍​បែប​នេះ ពីព្រោះ​វា​មិនមែន​ជា​ពិធីបុណ្យ​របស់​ជាតិ ហើយ​ក៏​មិនមែន​ប្រពៃណី​ខ្មែរ ។ សាលា​ក៏​មិន​គួរ​លើកទឹកចិត្ត​ឲ្យ​សិស្ស​ប្រើប្រាស់​សម្លៀក​បំពាក់ និង​តុបតែង​ខ្លួន​តាម​ពិធី​នេះ​ដែរ​វា​ខ្ជះខ្ជាយ ។

សរុប​មក​វិញ កម្ពុជា​មាន​ប្រវត្តិ​សម្រប​ខ្លួន​នឹង​ឥទ្ធិពល​បរទេស​ដូច្នេះ ប្រសិនបើ​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ ហា​ឡូ​វិ​ន នោះ​វា​អាច​ធ្វើ​ឡើង​តាម​របៀប​ដែល​គោរព​ប្រពៃណី និង​តម្លៃ​របស់​ខ្មែរ ។ ជា​ឧទាហរណ៍ ដើម្បី​ជំនួស​ឱ្យ​ការ​ផ្តោត​លើ​ទិដ្ឋភាព​អធិកអធម ឬ​ក៏​ការ​ចំណាយ​សម្ភារៈ​នានា សាលារៀន​នីមួយ​ៗ​អាច​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្រៀន​អំពី​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ ឬ​បញ្ជូន​ពិធីបុណ្យ​ទៅ​ក្នុង​សកម្មភាព​សប្បុរសធម៌​ដែល​ស្រប​តាម​តម្រូវការ​ក្នុងស្រុក ដូច​ជា ការ​គាំទ្រ​សហគមន៍ ឬ​ការ​យល់​ដឹង​អំពី​បរិស្ថាន​ជាដើម ។ នៅ​ពេល​កម្ពុជា បន្ត​ធ្វើ​ទំនើប​កម្ម និង​ចូលរួម​ជាមួយ​ពិភពលោក​វា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ការ​បើកចំហ​ចំពោះ​គំនិត​ថ្មី​ៗ​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​តម្លៃ និង​ប្រពៃណី​ដែល​កំណត់​របស់​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ