ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មេខ្យល់ ដែល​ដើរ​កៀរគ​ប្រជាពលរដ្ឋ​មក​ចាប់ដី​ខុសច្បាប់

4 អាទិត្យ មុន

ខេត្តមណ្ឌលគិរី ៖ ខណៈ​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទំនប់​ទឹក​បី​កន្លែង ក្នុង​ខេត្តមណ្ឌលគិរី សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា រដូវ​នេះ​ខេត្តមណ្ឌលគិរី មាន​ធ្លាក់​ខ្យល់​ត្រជាក់​ស្រួល តែ​ខ្យល់​មួយទៀត…

ខេត្តមណ្ឌលគិរី ៖ ខណៈ​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទំនប់​ទឹក​បី​កន្លែង ក្នុង​ខេត្តមណ្ឌលគិរី សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា រដូវ​នេះ​ខេត្តមណ្ឌលគិរី មាន​ធ្លាក់​ខ្យល់​ត្រជាក់​ស្រួល តែ​ខ្យល់​មួយទៀត គឺ​មេខ្យល់ នាំ​ប្រជាពលរដ្ឋ ចាប់ដី​ព្រៃ គឺជា​ខ្យល់​ក្តៅ ដូច្នេះ​សម្តេច​បាន​ដាក់​បទបញ្ជា​ដល់​អាជ្ញាធរ ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័​ន្ឋ ជា​ពិសេស​អ្នក​នៅ​ពីក្រោយ​ករណី​នេះ ចាត់ការ​តាម​ផ្លូវ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​បែប​នេះ ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ទំនប់​អូរ​តេ​ធិ​បតី ទំនប់​សែន​សុខដុម និង​ទំនប់​សែន​មនោ​រម្យ​” នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​ខេត្តមណ្ឌលគិរី ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​ស្នើ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មើល​មេខ្យល់ ដែល​ដើរ​កៀរគ​ប្រជាពលរដ្ឋ​មក​ចាប់ដី​នេះ ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ព្រោះថា គាត់​បាន​ដើរ​បោក​ប្រជាពលរដ្ឋ​។ មេខ្យល់​នេះ ខុស​ពី​ខ្យល់ ដែល​កំពុង​ធ្លាក់​នេះ គឺ​ត្រជាក់ ឯ​មេខ្យល់​នោះ គឺជា​ខ្យល់​ក្តៅ ដោយ​ដើរ​បោក​ប្រជាពលរដ្ឋ ហើយ​មានរឿង​ទៀត និង​ដោយសារ​នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​កាប់​ដី ឬ​ព្រៃ នៅ​កន្លែង​ណាមួយ នឹង​មានរឿង​ទៀត​» ។

«​មេខ្យល់ ឥឡូវ​.. ខ្ញុំ​បាន​ប្រកាស​រឿង​ដី​សម្បទាន​សង្គមកិច្ច ដែល​យើង​បន្ត ហើយ​ក្រុមការងារ បាន​កំពុង​រៀបចំ​ចែក​ប្រជាពលរដ្ឋ ដែល​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​ក្រោយ ប៉ុន្តែ​ខ្ញុំ​មើល​ហ្វេ​ស​ប៊ុ​ក ល្ងាច​មិ​ញ មាន​មេខ្យល់​ទៅ​បំផុស​ប្រជាពលរដ្ឋ ដើម្បី (​មិនដឹង​ថា បង់លុយ ឬ​យ៉ាងណា​) ចុះ​ឈ្មោះ​យក​ដី​សម្បទាន​។ ខ្ញុំ​សូម​បញ្ជាក់ គឺ​អត់​មាន​នោះ​ទេ​។ អត់​មាន​មេខ្យល់​ណា ទៅ​ឱ្យ​បំផុស ដើម្បី​ទៅ​យក​ដី សម្បទាន​នោះ​ទេ បើ​ចុះ​ឈ្មោះ​តាម​យន្តការ​រដ្ឋ តាម​អាជ្ញាធរ​ឃុំ ហើយ​យើង​មានការ​ប្រកាស​ផ្សាយ​ច្បាស់លាស់​។ អ៊ីចឹង សូម​ឱ្យ​បងប្អូន​កុំ​ជឿ លើ​មេខ្យល់ ដែល​កំពុង​បំផុស ដើម្បី​យក​លុយ​ថា ដើម្បី​យក​ដី​នេះ គឺ​អត់​មាន​នោះ​ទេ​» ៖ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​ប្រកាស​ជា​លើក​ចុង​ក្រោយ ហើយ​ក៏​សូម​ឱ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​បានដឹង និង​ធ្វើការ​ទប់ស្កាត់ ព្រោះថា គ្រាន់តែ​សម្តេច ប្រកាស​បង្កើត​មូលនិធិ ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តាម​ព្រំដែន ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​តាម QR ក៏​មាន​អ្នក​ទៅ​លួច​បង្កើត ABA ឱ្យ​ប្រជាពលរដ្ឋ​បង់ថ្លៃ ដូច្នេះ​ទាល់តែ​ប្រាប់ បើ​មិន​ដូច្នេះ ប្រជាពលរដ្ឋ​ចាញ់បោក​ជា​មិន​ខាន ព្រោះថា សម័យ​ឥឡូវ​មាន​ភាព​ជឿនលឿន ។

សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​ថា ៖ «​ខ្ញុំ​សូម​ប្រាប់​ថា បើ​ខ្យល់​នេះ​ល្ហើយ មាន​ផាសុកភាព តែ​មេខ្យល់​ចាប់ដី​នេះ គឺ​អត់​ទេ​។ គឺ​កុំ​ធ្វើ ហើយ​ធ្វើ​ត្រូវ​តែ​ប្រឈម​នឹង​ការ​អនុវត្ត​ច្បាប់ ហើយ​ប្រជា​ប្រជាពលរដ្ឋ សូមកុំ​ចាញ់បោក​ឱ្យ​សោះ ខ្ញុំ​ប្រកាស​។ ជាក់ស្តែង​នៅ​ស្រុក​ពេ​ជ្រា្ជ​ដា មាន​ករណី​មេខ្យល់​នេះ អ៊ីចឹង សូម​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច ធ្វើការ​ឆែក​មើល​ឱ្យ​ច្បាស់ ព្រោះ​ខ្ញុំ​ឃើញ​មានការ​ផ្សព្វផ្សាយ ដោយ​មាន​គេ​បាញ់​ឱ្យមក​ខ្ញុំ​។ ឥឡូវ​សូម​ឱ្យ​ច្បាស់​ណា ដល់​ពេល​យើង​រៀបចំ​យន្តការ ជូន​ប្រជាពលរដ្ឋ​អត់​មាន​ដី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ