ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Carlo Ancelotti ច្បាស់ណាស់ថា Vinicius Jr នឹងឈ្នះ Ballon d’Or ឆ្នាំនេះ

4 ម៉ោង មុន

ប្រទេសអេស្ប៉ាញ ៖ លោក Carlo Ancelotti គ្រូបង្វឹកក្រុមបាល់ទាត់ Real Madrid ច្បាស់ណាស់ថា កីឡាករ…

ប្រទេសអេស្ប៉ាញ ៖ លោក Carlo Ancelotti គ្រូបង្វឹកក្រុមបាល់ទាត់ Real Madrid ច្បាស់ណាស់ថា កីឡាករ Vinicius Junior ដែលជាកូនក្រុមរបស់លោក នឹងឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតលើពិភពលោក ឬ Ballon d’Or សម្រាប់ឆ្នាំ ២០២៤។

ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦៥ឆ្នាំរូបនេះ នៅក្រោយចប់ការប្រកួតដែលម្ចាស់ផ្ទះ Real Madrid បំបាក់ក្រុមជើងខ្លាំងមកពីអាល្លឺម៉ង់ Borussia Dortmund នៅក្នុងការប្រកួតជាលីគតែមួយ សប្តាហ៍ទី៣ ពានរង្វាន់ UEFA Champions League ដោយលទ្ធផល ៥-២ កាលពីថ្ងៃទី២២ ខែតុលា។ ដ្បិតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr បង្ហាញទម្រង់យ៉ាងល្អបំផុត ហើយរកបាន៣គ្រាប់ម្នាក់ឯង (Hat-Trick) កក្រើកកីឡដ្ឋាន Santiago Bernabeu។ ឆ្លងកាត់៣ប្រកួតកន្លងមក Real Madrid ឈ្នះ២ និងចាញ់១ ឈរនៅចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមក្រុមសរុប៣៦ក្រុម។

ប៉ុន្មាននាទីបន្ទាប់ពីបណ្តាអ្នកគាំទ្រ Real Madrid ស្រែកច្រៀង Vinicius Jr ដើម្បីឈ្នះពានរង្វាន់ Ballon d’Or នោះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលវ័យ២៤ឆ្នាំរូបនេះបានទទូចប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រូបគេចង់រួមរស់ជាមួយក្លិបយក្សអេស្ប៉ាញមួយនេះជារៀងរហូត។

ក្រោយបញ្ចប់ការប្រកួតដ៏រីករាយនៅកីឡដ្ឋាន Santiago Bernabeu លោក Carlo Ancelotti បានហៅ Vinicius Jr ថាជាកីឡាករមានលក្ខណៈខុសប្លែកពីគេ ហើយបានទទូចថា កូនក្រុមរបស់លោករូបនេះ នឹងឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០២៤ ដោយផ្អែកលើទម្រង់លេងដ៏លេចធ្លោរបស់គេ កាលពីរដូវកាលមុន។

ក្រៅពីលោក Carlo Ancelotti អ្នកស្នេហាវិស័យបាល់ទាត់ជាច្រើនលើបណ្តាញទំនាក់ទំនងសង្គមមានអារម្មណ៍ថា Vinicius Jr ទំនងជាម្ចាស់ពានរង្វាន់ Ballon d’Or នៅឆ្នាំនេះរួចទៅហើយ បន្ទាប់ពីលេចចេញពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតសម្ភារៈកីឡា Nike នឹងបញ្ចេញស្បែកជើងដ៏ពិសេសសម្រាប់កីឡាកររូបនេះមានឈ្មោះថា Mercurial Vinicius Jr គឺជាស្បែកជើងរំលេចពណ៌ទឹកមាសពីខាងក្រៅ បន្ទាប់ពីចប់កម្មវិធីប្រគល់ពានរង្វាន់ដែលរៀបចំឡើងដោយទស្សនាវដ្តី France Football នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។

សូមជម្រាបថា កីឡាករ Vinicius Jr បានផ្លាស់ពីក្លិបប្រេស៊ីល Flamengo មកចូលរួមជាមួយក្លិប Real Madrid ក្នុងតម្លៃ ៤៦លានអឺរ៉ូ កាលពីឆ្នាំ ២០១៨។ គិតមកទល់ពេលនេះ Vinicius Jr ស៊ុតបញ្ចូលទីបាន ៩១គ្រាប់ពីការបង្ហាញខ្លួន ២៧៨ប្រកួត និងជួយក្រុមស្តេចសឈ្នះពានរង្វាន់ជាច្រើនដូចជា La Liga ៣ដង Champions League ២ដង Super Cup ២ដង Club World Cup ២ដង Copa del Rey ១ដង និង Spanish Super Cup ៣ដង។ បច្ចុប្បន្ន Vinicius Jr ត្រូវបានចាត់ទុកជាគ្រាប់ពេជ្ររបស់ Real Madrid ហើយតាមរយៈសមត្ថភាពលើទីលានរបស់កីឡាកររូបនេះ អ្នកគាំទ្រជឿថា Vinicius Jr សក្តិសមជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំនេះបំផុត៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ