នៅក្នុងប្រវត្តិសាស្ត្រជាង៣០០ឆ្នាំ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា គឺជាមូលដ្ឋានគ្រឹះសំខាន់មួយនៅក្នុងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតសម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរហូតដល់បច្ចុប្បន្ន ។ ការលើកឡើងអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ក៏សំខាន់ពីព្រោះវាក៏ជារបត់នៃការឈានទៅ…
នៅក្នុងប្រវត្តិសាស្ត្រជាង៣០០ឆ្នាំ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា គឺជាមូលដ្ឋានគ្រឹះសំខាន់មួយនៅក្នុងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតសម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរហូតដល់បច្ចុប្បន្ន ។
ការលើកឡើងអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ក៏សំខាន់ពីព្រោះវាក៏ជារបត់នៃការឈានទៅ បញ្ចប់ជាផ្លូវការនូវជម្លោះជាច្រើនទសវត្សរ៍ និងអន្តរាគមន៍ពីបរទេសនៅកម្ពុជា ។ កិច្ចព្រមព្រៀងនេះបានដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការកសាងស្ថាប័នឡើងវិញ ។
បើគ្មានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះទេផ្លូវរបស់កម្ពុជាទៅរកការស្តារឡើងវិញនឹងកាន់តែវែងឆ្ងាយជាងនេះ និងពិបាកជាងនេះ ។ កិច្ចព្រមព្រៀងនេះរំលឹកយើងអំពីសារៈសំខាន់នៃការទូតកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តចំពោះការផ្សះផ្សារជាតិ ។ ការធ្វើដំណើរ៣៣ឆ្នាំចេញពីកិច្ចព្រមព្រៀងប៉ារីស កម្ពុជាបានបោះជំហានជាបន្តបន្ទាប់ឆ្ពោះមកកាន់សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចដ៏គួរអោយកត់ស្គាល់ ។
មុនសម័យកូវីដ កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយដោយធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងពិភពលោក ។ ចំណែកប្រជាជនកម្ពុជាក៏កាន់តែមានជីវភាពធូរធារផងដែរ ។ កម្ពុជាលែងជាប្រទេសដែលហែកហួរដោយសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ឬស្ថានភាពផុយស្រួយនៃទសវត្សរ៍ឆ្នាំ១៩៩០ទៀតហើយ ។ វាបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ។ ការកើនឡើងនៃមនុស្សជំនាន់ថ្មី កាន់តែភ្ជាប់ជាមួយពិភពលោក និងមានមហិច្ឆតាអំពីអនាគតរបស់ខ្លួនមានន័យថា ការសន្ទនាថ្នាក់ជាតិក៏គួរតែសង្កត់ធ្ងន់ទៅលើការបង្កើតថ្មី កំណើនសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
នៅក្នុងស្ថានភាពបែបនេះ តើសង្គមកម្ពុជាគួរធ្វើយ៉ាងណា ហើយរៀបចំខ្លួនយ៉ាងណា ដើម្បីកំណត់អនាគតមួយកាន់តែភ្លឺស្វាង?
កម្ពុជាគួរតែបន្តអប់រំយុវជនអំពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាការចងចាំពីអតីតកាល ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏ត្រូវតែផ្តល់អំណាចដល់ពលរដ្ឋជំនាន់ក្រោយជាមួយនឹងមធ្យោបាយ និងឱកាសដើម្បីផ្សារភ្ជាប់នឹងចរន្តសេដ្ឋកិច្ចពិភពលោក ។ ការវិនិយោគលើវិស័យអប់រំ ជាពិសេសលើវិស័យ STEM មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ។ រដ្ឋាភិបាលបានធ្វើហើយលើកិច្ចការនេះ ប៉ុន្តែភាពចាំបាច់ គឺនៅតែបន្តត្រូវការ និងពង្រឹងបន្ថែម ។
ក្រៅពីនេះកម្ពុជាក៏គួរតែជំរុញអភិបាលកិច្ចកាន់តែមានតម្លាភាព និងរួមបញ្ចូលគ្នា ។ ស្ថិរភាពនយោបាយមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ប៉ុន្តែការធានាឱ្យប្រជាពលរដ្ឋទាំងអស់មានអារម្មណ៍ថា មានតំណាង និងសំឡេងក៏ដូចជា សកម្មភាព និងការចូលរួមគ្រប់សមាសភាពនៃសង្គម គឺរឹតតែសំខាន់ ។ សំខាន់ដូចគ្នានេះ យុវជនកម្ពុជាទាំងអស់ ក៏ត្រូវតែស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាអោយបានច្បាស់លាស់ មិនថា ជាអតីតកាលប្រកបដោយការឈឺចាប់ ឬក៏ល្អផូរផ្អង់នោះទេ ។
ការយល់ដឹងអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងស្ថានភាព មុនកិច្ចព្រមព្រៀងប៉ារីសនឹងធ្វើអោយយុវជនកម្ពុជាកាន់តែផ្តល់សារសខាន់ដល់ស្ថិរភាពនយោបាយ និងដំណើរការអភិវឌ្ឍប្រទេសជាតិ ។ យុវជនកម្ពុជាត្រូវតែយល់ថា អនាគតរបស់កម្ពុជា គឺអាស្រ័យទៅលើពួកគេក្នុងការថែរក្សាស្ថិរភាពនយោយបាយ និងកំនើនសេដ្ឋកិច្ច ។ ការសម្រួចចំណេះដឹង និងស្មារតីស្រឡាញ់ជាតិប្រកបដោយការទទួលខុសត្រូវនឹងធ្វើអោយយុវជនកម្ពុជាចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរការទៅមុខរបស់កម្ពុជាទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
ជាចុងក្រោយ ការផ្តោតអារម្មណ៍របស់កម្ពុជាគួរតែផ្លាស់ប្តូរបន្ថែមទៀតឆ្ពោះទៅកាន់អនាគត ពោល គឺឧស្សាហកម្មកំពុងអភិវឌ្ឍដែលបង្កើតការងារ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការធានានូវកំណើនប្រកបដោយចីរភាព ។ ការបញ្ចូលគ្នានូវមេរៀននៃអតីតកាលជាមួយនឹងចក្ខុវិស័យសម្រាប់អនាគតដ៏រុងរឿង គឺជារឿងចាំបាច់បំផុត ៕
ចែករំលែកព័តមាននេះ