ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC U17 ៖ កម្ពុជាបន្តប៉ះម៉ាកាវយប់នេះ ក្រោយធ្វើបានយ៉ាងល្អកាលពីប្រកួតបើកឆាក

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ នឹងត្រូវប៉ះក្រុមជម្រើសជាតិម៉ាកាវអាយុក្រោម១៧ឆ្នាំ ម៉ោង ០៧:០០នាទីយប់នេះ នៅឯពុហកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការប្រកួតទី២ ពូល B…

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ នឹងត្រូវប៉ះក្រុមជម្រើសជាតិម៉ាកាវអាយុក្រោម១៧ឆ្នាំ ម៉ោង ០៧:០០នាទីយប់នេះ នៅឯពុហកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការប្រកួតទី២ ពូល B វគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះ នឹងកើតឡើងក្រោយចប់ការប្រកួតរវាងក្រុម U17 ហ្វីលីពីន ប៉ះក្រុម U17 អាហ្វហ្គានីស្ថាន នៅវេលាម៉ោង ៤:០០នាទីរសៀលនេះ។

កាលពីប្រកួតបើកឆាកពូល B ក្រុម U17 កម្ពុជាធ្វើបានយ៉ាងល្អ ក្រោយឈ្នះក្រុម U17 បង់ក្លាដេស ដោយលទ្ធផល ១-០ ទោះបីជាមានគ្នាត្រឹម១០នាក់យ៉ាងណាក៏ដោយ។ ដ្បិតក្រុម U17 ហ្វីលីពីនបានយកឈ្នះក្រុម U17 ម៉ាកាវ ដោយលទ្ធផល ៧-០។

ជ័យជម្នះប្រកួតបើកឆាករបស់ក្រុម U17 កម្ពុជា សម្រេចបានដោយកីឡាករ ថាច់ ដារ៉ូ នៅនាទីទី៨៥ បើទោះបីជាម្ចាស់ផ្ទះកម្ពុជាត្រូវលេងជាមួយសមាជិក១០នាក់ តាំងពីនាទីទី ២៥ ក្នុងតង់ទី១ យ៉ាងណាក៏ដោយ បន្ទាប់ពីកីឡាករ គារ វិសាល ទទួលបានកាតក្រហម។ ដូច្នេះឆ្លងកាត់ស្ថិតិប្រកួតបើកឆាក កម្ពុជាហាក់មានភាគរយខ្ពស់ក្នុងការដណ្តើមបាន៣ពិន្ទុបន្ថែមទៀត សម្រាប់ការប្រកួតទី២ ទល់នឹងម៉ាកាវ នៅយប់នេះ។

ក្រឡេកមកតារាងពិន្ទុពូល B ហ្វីលីពីនកាន់កាប់កំពូលតារាងបណ្តោះអាសន្ន ដោយមាន៣ពិន្ទុដូចនឹងកម្ពុជា ដែលឈរលេខ២។ ចំណែកបង់ក្លាដែសឈរនៅលេខ៤ និងម៉ាកាវនៅបាតតារាង ខណៈអាហ្វហ្គានីស្ថានឈរនៅលេខ៣ ពុំទាន់មានការប្រកួត។

សូមជម្រាបថា កម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ វៀបចំការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers សម្រាប់ពូល B ដែលដំណើរការចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមលេខ១ប្រចាំពូល នឹងបានសិទ្ធិដោយស្វ័យប្រវត្តិទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ AFC U17 Asian Cup ឆ្នាំ ២០២៥ ដែលប្រទេសអារ៉ាប៊ីសាអូឌីតទទួលធ្វើជាម្ចាស់ផ្ទះ ខណៈដែលក្រុមលេខ២ត្រូវអ៊ុតចំណាត់ថ្នាក់ក្រុមលេខ២ល្អ៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ